Thursday, 28 January 2016

ទស្សនៈយុវជន៖ យុវជន​កម្ពុជា និង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ

ទស្សនៈយុវជន៖ យុវជន​កម្ពុជា និង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ





នរណាៗ​ក៏​ដឹង​ដែរ​ថា អំពើ​ពុក​រលួយ​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ក៏​ដូច​ជា​សេដ្ឋកិច្ច របស់​ប្រទេស​ទាំង​ឡាយ​នៅ​លើ​ពិភព​លោក​ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផងដែរ។ ប្រជាជន​ទូទៅ ​មាន​ការ​ត្អូញ​ត្អែរ​អំពី​ផល​ប៉ះ​ពាល់​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។
ចុះ​ចំណែក​ក្រុម​យុវជន​វិញ? តើពួកគេ​រងផល​ប៉ះពាល់​យ៉ាងណា​ខ្លះ​ពី​អំពើ​ពុក​រលួយ?​ តើ​ពួកគេ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ?
ថ្ងៃ​នេះ LIFT ចង់​ដឹង​អំពី​ទស្សនៈ​យុវជន-យុវតី​កម្ពុជា​ ៣ ​រូប​ជុំវិញ​ប្រធាន​បទ «អំពើ​ពុក​រលួយ» ដែល​ពួកគេ​សុទ្ធ​តែ​មាន​ស្មារតី​ពុំ​គាំទ្រ​ជា​ដាច់​ខាត​ចំពោះ​អំពើ​ពុក​រលួយ។
Content image - Phnom Penh Post
ក្នុង​វ័យ ១៨​ឆ្នាំ កញ្ញា ហូល ឆៃលី ជានិស្សិត​ឆ្នាំ​ទី ១ ផ្នែក​សិក្សា​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​បាន​ឲ្យ​ដឹង​ថា បញ្ហា​អំពើ​ពុក​រលួយ​មាន​ផល​ប៉ះ​ពាល់​ជា​ខ្លាំង​ដល់​យុវជន​កម្ពុជា ហើយ​យុវជន​កម្ពុជា​ខ្លួន​ឯង​ត្រូវ​តែ​តាំង​ចិត្ត​ក្នុង​ការ​ប្រឆាំង​ជាមួយ​នឹង​វា។
កញ្ញា​ពោល​ថា៖ អំពើ​ពុក​រលួយ​នៅ​ក្នុង​ទម្រង់​នៃ​ការ​សូកប៉ាន និង​បក្ស​ពួក​ឬ​គ្រួសារ​និយម អាច​នឹង​ឆក់​យក​ឱកាស​ទទួល​បាន​ការ​អប់​រំ និង​ការងារ​ពី​ពួក​ខ្ញុំ​ដែលជា​យុវជន»។
«ជា​ឧទាហរណ៍ ​ខ្ញុំ​សង្កេត​ឃើញ​មនុស្ស​មួយ​ចំនួន​បាន​ទទួល​អាហារូបករណ៍ ឬ ការងារ​ទាំង​ដែល​ពួកគេ​ពុំ​មាន​សមត្ថភាព​ពិត​ប្រាកដ​ក្នុង​ការ​ទទួល​បាន​វា ដោយសារ​តែ​ពួកគេ​មាន​ប្រាក់​សូក ឬ​មាន​ខ្សែ​ស្រឡាយ​នៅ​ក្នុង​ស្ថាប័ន​ទាំង​នោះ។ ចុះ​ចំណែក​ក្រុម​យុវជន​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​វិញ? ពួកគេ​ត្រូវ​បាត់​បង់​ឱកាស​ដោយ​សារ​តែ​អំពើ​ពុក​រលួយ​នេះ»។
«ទោះ​ជា​យ៉ាង​ណាក្តី ក្នុង​នាម​ជាយុវជន យើង​ពុំ​អាច​ធ្វើ​អ្វី​បាន​ច្រើន​នោះឡើយ​ ក្រៅ​ពី​ការ​ប្តេជ្ញា​ចិត្ត​ថា ​នឹង​កែប្រែ​ស្ថានភាព​នេះ​នៅ​ពេល​ដែល​យើង​អភិវឌ្ឍខ្លួន​ឯង​ឲ្យ​ក្លាយ​ជាបុគ្គល​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់ និង​មាន​គេ​ទទួល​ស្គាល់»។


Content image - Phnom Penh Post
យុវតី វ័យ ១៩ ឆ្នាំ​ម្នាក់​ទៀត គឺ​ កញ្ញា អ៊ិន ចរិយា ជានិស្សិត​ឆ្នាំ​ទី ១ ​ផ្នែក​សំណង់​ស៊ីវិល​នៃ​សាកល​វិទ្យាល័យ​ហ្សាម៉ាន បាន​បញ្ចេញ​មតិ​ថា យុវជន​ពុំ​ត្រឹម​តែ​អាច​ចូលរួម​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុក​រលួយ​បាន​នៅ​ពេល​នេះ​នោះ​ទេ​ ថែម​ទាំង​ជា​កម្លាំង​ចលករ​ដ៏​ខ្លាំង​នៅ​ក្នុង​ការ​ប្រឆាំង​នេះ​ថែម​ទៀត​ផង។
កញ្ញា​ដ៏​ស្រស់​សោភា​រូប​នេះ​បាន​ពន្យល់​ថា៖​« យុវជន​​កម្ពុជា​មួយ​ចំនួន​ធំ​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​មាន​ការ​យល់​ដឹង​ច្រើន ហើយ​ក៏​មាន​ការ​យល់​ឃើញ និង​ឆន្ទះ​ខុស​ពី​មនុស្ស​ចាស់»។
«ជាការ​ពិត​ណាស់ យើង​តែ​ម្នាក់ ឬពីរនាក់ពុំ​អាច​ធ្វើ​អ្វី​បាន​ច្រើន​នោះ​ទេ ក៏​ប៉ុន្តែ​ប្រសិន​ជាពួក​យើង​រួបរួមគ្នា​ជា​ធ្លុង​មួយ​ដោយ​ចាប់​យក​ស្មារតី​ស្អប់​ខ្ពើម​អំពើ​ពុក​រលួយ​មក​ធ្វើ​ជា​ស្មារតី​សាមគ្គី ពួក​យើង​នឹង​អាច​ចូលរួម​ប្រឆាំង​ជាមួយ​អំពើ​ពុក​រលួយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព»។
«ការ​ប្រឆាំង​ដែល​សំខាន់ និង​ចម្បង​បំផុត​គឺ យើង​ខ្លួន​ឯង​ត្រូវ​ប្តេជ្ញា​ចិត្ត​ពុំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ មិន​ថា​ក្នុង​ទម្រង់​ណា​ក៏​ដោយ ហើយ​យើង​ត្រូវ​ប្រកាន់​ខ្ជួប​នូវ​ការ​ប្តេជ្ញា​ចិត្ត​នេះ​ជា​ដរាប មិន​ថា​ទោះ​បី​ជា​យើង​បាន​ក្លាយ​ជា​អ្វី ឬជួប​នឹង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ»។
Content image - Phnom Penh Post
យុវជន តេង លី​ហេង ​មន្ត្រី​ផ្នែក​ច្បាប់​វ័យ ២២ ឆ្នាំ​នៃ​ការិយាល័យ​មេធាវី អាស៊ី ​កម្ពុជា បាន​សម្តែង​ទស្សនៈ​យល់​ស្រប​ទៅ​នឹង​មតិ​របស់​យុវតីទាំង​ពី​រូប​ខាង​លើនេះ ក៏​ប៉ុន្តែ​រូប​គេ​ពុំ​យល់​ស្រប​ទាំង​ស្រុង​ទៅ​លើ​ទស្សនៈ​ខាង​ណា​មួយ​នោះ​ឡើយ។
លី​ហេង​ ថា៖ «យើង​ពិត​ជា​ពុំ​អាច​ប្រកែក​បាន​ទេ​ថា សមត្ថភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​ក្រុម​យុវជន​ពិត​ជា​មាន​កម្រិត​ តែ​វា​ពុំ​មែន​មាន​ន័យ​ថា យុវជន​ពុំ​អាច​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​បាន​នោះ​ទេ។ យើង​អាច​ចូល​រួម​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​បាន​ដោយ​ប្រកាន់​យក​​ស្មារតី​មិន​គាំទ្រ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ខ្លួន​គ្រប់​កាលៈទេសៈ ព្រម​ទាំង​តាម​រយៈ​ការ​គោរព​ច្បាប់​ផងដែរ»។
«ប្រសិន​ជា​យើង​ពុំ​គោរព​ច្បាប់ យើង​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ ឬការ​ផ្តន្ទាទោស ហើយ​គឺ​ពេល​នោះ​ហើយ​ដែល​យើង​ចាប់​ផ្តើម​ងាក​មក​ការ​ប្រព្រឹត​អំពើ​ពុក​រលួយ​ដើម្បី​យក​រួច​ខ្លួន»។
ចុះ​​អ្នក​វិញ? បើ​សិន​ជា​អ្នក​​ចង់​បញ្ចេញ​​មតិ​របស់​អ្នក​​ចំពោះ​ប្រធាន​បទ​នេះ ឬ​ប្រធាន​បទ​ផ្សេងៗ​ទៀត សូម​សរសេរ​មក​កាន់ លោក តាំង រីនិត្យ rynith2014@gmail.com។

No comments: