ដោយ ថា កិត្យា
2016-05-22

ផែនទីខេត្តព្រៃវែង។
Photo: RFA
ប្រជាពលរដ្ឋនៅឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង សម្ដែងការព្រួយបារម្ភ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានដើរប្រមូលស្នាមមេដៃពីពួកគាត់ ដោយគ្មានមូលហេតុច្បាស់លាស់។ ចំណែកអាជ្ញាធរអះអាងថា ការប្រមូលស្នាមមេដៃនេះ មានហេតុផលពីរ គឺតវ៉ារឿងគីឡូភ្លើងឡើង និងធ្វើផ្លូវថ្នល់។
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនោះ គឺខ្លាចស្នាមមេដៃរបស់ពួកគាត់ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍នយោបាយ។
ប្រជាពលរដ្ឋឲ្យដឹងថា មេភូមិបានប្រាប់ពួកគាត់ឲ្យផ្ដិតមេដៃ ដើម្បីតវ៉ាកុំឲ្យគីឡូភ្លើងឡើងខុសប្រក្រតី និងស្នើសុំធ្វើផ្លូវផង ប៉ុន្តែក្រដាសសម្រាប់ផ្ដិតមេដៃនោះ គ្មានសរសេរអក្សរបញ្ជាក់ពីកម្មវត្ថុនោះទេ គឺមានតែក្រដាសសទទេ៖ «ពួកខ្ញុំផ្ដិតមេដៃ គេថារឿងភ្លើង មិនបានដឹងរឿងអីផ្សេងទេ។ គេអត់បង្ខំទេ»។
ពលរដ្ឋព្រួយបារម្ភថា ការប្រមូលស្នាមមេដៃនៅពេលនេះ អាចនឹងមានបំណងធ្វើអ្វីផ្សេងក្រៅពីការអះអាងរបស់មេភូមិគណបក្សកាន់អំណាច ដែលធ្វើក្នុងពេលស្ថានការណ៍នយោបាយកំពុងតានតឹង និងមានការប្រកាសរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ម្នាក់ គឺកញ្ញា ធី សុវណ្ណថា ដែលថានឹងប្រមូលស្នាមមេដៃចំនួន ១លាននាក់ ដើម្បីទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានគណបក្សសង្គ្រោះជាតិ។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីកញ្ញា ធី សុវណ្ណថា បានទេនៅថ្ងៃទី២២ ខែឧសភា។
មេឃុំព្រៃកន្លោង លោក សួន ស្រោល អះអាងថា ការប្រមូលស្នាមមេដៃនោះគ្មានហេតុផលអីផ្សេង ក្រៅពីធ្វើផ្លូវ និងតវ៉ារឿងភ្លើងអគ្គិសនីនោះទេ៖ «ការផ្ដិតមេដៃមានពីរផ្នែក។ ទី១ គឺរឿងអគ្គិសនី។ ទី២ ការផ្ដិតមេដៃដើម្បីបរិច្ចាគដីធ្លីសម្រាប់ធ្វើផ្លូវកៅស៊ូ»។
មួយរយៈពេលចុងក្រោយនេះ មានភូមិ-ឃុំជាច្រើនស្ថិតក្នុងខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ ជាដើម ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា អាជ្ញាធរដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដោយអះអាងថា យកទៅធ្វើផ្លូវផង ធ្វើអណ្ដូងទឹកផង និងខ្លះទៀតថាតវ៉ារឿងភ្លើងអគ្គិសនីផង។
អ្នកសម្របសម្រួលនៃអង្គការអាដហុក (ADHOC) ប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី មានប្រសាសន៍ថា ការផ្ដិតមេដៃដែលគ្មានសរសេរបញ្ជាក់ក្បាលលិខិតត្រឹមត្រូវដូច្នេះ ធ្វើឲ្យមានការងឿងឆ្ងល់ និងបារម្ភថា ប្រសិនបើអ្នកដើរប្រមូលស្នាមមេដៃនោះមានចេតនាមិនល្អ គេអាចយកទៅកិបជាប់នឹងក្រដាសគាំទ្រអ្វីផ្សេងទៀតដែលផ្ទុយពីឆន្ទៈម្ចាស់ស្នាមមេដៃ៖ «កុំឲ្យមានករណីផ្ដិតមេដៃមានតែក្រដាសសអ៊ីចឹងទៀត ព្រោះពួកគាត់បារម្ភថា ក្រោយពីផ្ដិតមេដៃហើយនោះ ខ្លាចគេយកទៅធ្វើរឿងអីផ្សេងក្រៅពីអ្វីដែលបាននិយាយប្រាប់គាត់»។
អ្នកស្រី អ៊ាង គឹមលី លើកឡើងថា ប្រសិនបើស្នាមមេដៃនោះត្រូវបានគេយកទៅប្រើប្រាស់ក្នុងហេតុផលផ្សេងនោះ គឺជាការរំលោភសិទ្ធិប្រជាពលរដ្ឋ និងជាការបោកប្រាស់៕
No comments:
Post a Comment