ដោយ លោក ពេជ្រ ចំរុង | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦

ពលករខ្មែរធ្វើការនៅថៃ
ក្រសួងការងារថៃបានអនុញ្ញាតឲ្យពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសនេះ អាចវិលត្រឡប់មកកម្ពុជាវិញដើម្បីចុះឈ្មោះនិងចូលរួមបោះឆ្នោតនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ។
សារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយសម្ដីរបស់លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារលោក Puntrik Samiti បានឲ្យដឹងថ្ងៃពុធនេះថា៖ “ប្រសិនបើកម្ពុជាសុំឲ្យមានការសហការនោះ ក្រសួងការងារថៃនឹងធ្វើតាមរបៀបដូចគ្នា ដូចដែលខ្លួនធ្លាប់ធ្វើជាមួយមីយ៉ាន់ម៉ាក្នុងការបោះឆ្នោតកាលពីឆ្នាំមុនដែរ។ ក្រសួងនឹងស្នើសុំឲ្យក្រុមនិយោជកចូលរួមសហការដោយអនុញ្ញាតឲ្យពលករខ្មែរចំណាកស្រុកអាចឈប់សម្រាកនិងត្រឡប់មកធ្វើការបានដូចធម្មតា។ ទាក់ទិនបញ្ហានយោបាយ ក្រសួងសុំឈរលើគោលការណ៍អព្យាក្រឹត្យ”។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការងារថៃធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់លោកស្រី មួរ សុខហួរ សមាជិកសភាខាងគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង បានស្នើឲ្យពលករខ្មែរទាំងអស់ដែលកំពុងបម្រើការងារនៅថៃប្រមាណ១លាន១សែននាក់ អាចមកចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
យ៉ាងណាមិញ អគ្គនាយកនៃអគ្គលេខាធិការដ្ឋានការងារថៃលោក Arak Prommanee បានបញ្ជាក់ថាក្រសួងការងារអនុញ្ញាតឲ្យតែពលករខ្មែរដែលកាន់លិខិតឆ្លងដែនស្របច្បាប់ប៉ុណ្ណោះ ហើយពួកគេត្រូវសុំការអនុញ្ញាតពីនិយោជករបស់ពួកគេជាមុនសិន។
លោកបានបន្ថែមថាចំពោះពលករខ្មែរខុសច្បាប់ឬពលករដែលកាន់ប័ណ្ណការងារបណ្ដោះអាសន្នពណ៌ផ្កាឈូក គឺមិនអនុញ្ញាតឡើយ។
គួរបញ្ជាក់ផងដែរថាកាលបរិច្ឆេទនៃដំណើរការចុះឈ្មោះបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃទី១កញ្ញារហូតដល់ថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០១៦៕
សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com
No comments:
Post a Comment