Sunday, 18 September 2016

មន្ត្រី​បក្ស​ប្រឆាំង​សុំ​រដ្ឋាភិបាល​បង្កើត​សួន​រំឭក​វិញ្ញាណក្ខន្ធ​វីរជន​និង​អតីត​យុទ្ធជន


ដោយ ថា កិត្យា
2016-09-18

អ៊ូ ច័ន្ទរ័ត្ន ២០១៦ ៨៥៥
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន (រូប​ស្ដាំ) ពេល​ចេញ​ពី​សួរសុខទុក្ខ​មន្ត្រី និង​សកម្មជន​បក្ស​របស់​ខ្លួន នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Morm Moniroth



តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​ដាក់​លិខិត​ស្នើសុំ​រដ្ឋាភិបាល ឲ្យ​បង្កើត​សួន​រំឭក​វិញ្ញាណក្ខន្ធ​វីរជន និង​អតីត​យុទ្ធជន​ដែល​បាន​ធ្វើ​ពលិកម្ម និង​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ។ តែ​មន្ត្រី​រដ្ឋាភិបាល មិន​ទាន់​ឆ្លើយ​តប​ចំពោះ​សំណើ​នេះ​ទេ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​សំណើ​នេះ គឺ​ជា​រឿង​ល្អ​មួយ​ដែល​រដ្ឋាភិបាល​គួរ​ឆ្លើយ​តប​ជា​វិជ្ជមាន។

លិខិត​ដែល​ស្នើសុំ​រដ្ឋាភិបាល​តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នោះ គឺ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន លើក​ឡើង​ថា កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​ប្រតិកម្ម​ពី​លេខាធិការដ្ឋាន​សមាគម​អតីត​យុទ្ធជន និង​ទាំង​យុទ្ធជន​មួយ​ចំនួន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ចំពោះ​សំណើ​សុំ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី។

លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់​ថា ប្រតិកម្ម​នេះ​ធ្វើ​ឲ្យ​លោក​បាន​គិត​ពី​គុណ​បំណាច់ និង​វីរភាព​យុទ្ធជន ដូច្នេះ​លោក​មាន​បំណង​ប្រាថ្នា​ចង់​ឲ្យ​រដ្ឋាភិបាល បង្កើត​ឲ្យ​មាន​សួន​រំឭក​វិញ្ញាណក្ខន្ធ​ណា​មួយ​ដើម្បី​តម្កល់​រូប​សំណាក ឬ​ផ្ទាំង​សីលា​មាន​ចារិក​ឈ្មោះ​វីរជន និង​អតីត​យុទ្ធជន​ដែល​បាន​ធ្វើ​ពលិកម្ម និង​បាត់បង់​ក្នុង​បុព្វហេតុ​ជាតិ។



លោក អ៊ូ ច័ន្ទរ័ត្ន សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ពិនិត្យ​ពិចារណា​ចំពោះ​សំណើ​របស់​លោក ព្រោះ​ការ​បង្កើត​ឲ្យ​មាន​សួន​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​គ្រប់​ជំនាន់ និង​គ្រប់​ភាគី​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ផ្តល់​នូវ​ការ​គោរព​ចំពោះ​វីរភាព និង​វិញ្ញាណក្ខន្ធ​វីរបុរស​របស់​ពួក​គាត់ និង​ក៏​អាច​ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ដែរ៖ «ប្រសិន​បើ​រដ្ឋាភិបាល​យល់​ថា​មិន​មាន​ប្រយោជន៍​ក្នុង​ការ​រៀបចំ​ធ្វើ​ឲ្យ​មាន​សួន​នេះ​ទេ ដូច្នេះ​រដ្ឋាភិបាល​ក្រោយៗ​លោក​ពិចារណា​ទៅ ព្រោះ​ប្រទេស​មួយ​ចំនួន​គេ​ធ្វើ ព្រោះ​គេ​ឲ្យ​តម្លៃ​ទៅ​លើ​យុទ្ធជន​ដែល​បាន​ពលី​ជីវិត ដាច់​ដៃ ដាច់​ជើង​ដើម្បី​ប្រទេស»។

តំណាង​រាស្ត្រ​មណ្ឌល​តាកែវ នៃ​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ​បញ្ជាក់​ថា លោក​បាន​ដាក់​លិខិត​នេះ​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន តែ​លិខិត​នេះ​នៅ​ត្រឹម​ខុទ្ទកាល័យ​លោក ហេង សំរិន ក្រោម​ហេតុផល​ថា លោក ហេង សំរិន កំពុង​មាន​ជំងឺ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ឡើយ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ស្នើសុំ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICHADO) លោក អំ សំអាត មាន​មតិ​ថា នេះ​គឺ​ជា​សំណើ​ល្អ​មួយ​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល បង្កើត​សួន​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​ដែល​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ៖ «ធ្វើ​ដូច្នេះ​ដើម្បី​សម្ដែង​ការ​លើក​ទឹក​ចិត្ត និង​ដឹង​គុណ​នូវ​ការ​បម្រើ​ជាតិ​របស់​គាត់​រហូត​ដល់​ពលី​ជីវិត​ដើម្បី​ជាតិ ហើយ​ក៏​ជា​ការ​មួយ​លើក​ទឹក​ចិត្ត​សម្រាប់​ក្រុម​គ្រួសារ​គាត់ ហើយ​ក៏​ជំរុញ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​ទឹក​ចិត្ត​ក្នុង​កិច្ច​ការពារ​ជាតិ​មាតុភូមិ»។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា កន្លង​ទៅ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បាន​ដាក់​លិខិត​ទៅ​អភិបាល​រាជធានី​ភ្នំពេញ ស្នើសុំ​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី សង់​អំពី​ស្ពាន់​នៅ​ទីលាន​ប្រជាធិបតេយ្យ។ សំណើ​នេះ មាន​បំណង​រំឭក​ដល់​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ផង ចាត់​ទុក​ជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញ​មតិ​ផង និង​ដើម្បី​សម្ដែង​នូវ​ការ​គោរព​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ផង។ តែ​មក​ដល់​ពេល​នេះ សាលា​ក្រុង​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ។

ភ្លាមៗ លេខាធិការដ្ឋាន​សមាគម​អតីត​យុទ្ធជន និង​ទាំង​យុទ្ធជន​មួយ​ចំនួន បាន​ចេញ​ប្រតិកម្ម​ប្រឆាំង ដោយ​អះអាង​ថា ពួក​គេ​បាន​បូជា​ឈាម​ស្រស់ សាច់​ស្រស់ ដើម្បី​ប្រទេស​ជាតិ​ពិត ដូច្នេះ​ពួក​លោក​គួរ​ត្រូវ​ផ្តល់​ងារ​លើស​ពី​លោក កែម ឡី។

ទោះ​យ៉ាង​ណា លោក អ៊ូ ច័ន្ទរ័ត្ន មាន​ប្រសាសន៍​ថា រឿង​យុទ្ធជន និង​លោក​បណ្ឌិត កែម ឡី នេះ គឺ​ជា​រឿង​ពីរ​ដាច់ដោយឡែក​ពី​គ្នា ព្រោះ​លោក​បណ្ឌិត កែម ឡី គឺ​ជា​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​ល្បី ដូច្នេះ​លោក​បណ្ឌិត កែម ឡី គួរ​តែ​ទទួល​បាន​នូវ​តម្លៃ​ខ្ពស់​មួយ​ផ្សេង​ទៀត៕

No comments: