ដោយ អ៊ុំ រង្សី
2016-09-29

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន ផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។
RFA/Um Raingsy
សហជីពកម្មករ បានស្នើឲ្យកម្មករ កម្មការិនី ត្រៀមលក្ខណៈទៅចុះឈ្មោះបោះឆ្នោត នាថ្ងៃឈប់សម្រាកនៅឱកាសបុណ្យភ្ជុំបិណ្ឌ។ ការស្នើសុំនេះ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឱ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់ អនុញ្ញាតឱ្យកម្មករ និយោជិត ឈប់សម្រាប់រយៈពេល ៤ថ្ងៃ អំឡុងពេលភ្ជុំបិណ្ឌ នៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។
សហភាពការងារកម្ពុជា ប្រកាសដល់យុវជនកម្មករ កម្មការិនី ឲ្យទៅចុះឈ្មោះបោះឆ្នោតអំឡុងបុណ្យភ្ជុំបិណ្ឌ ឲ្យបានទាំងអស់គ្នា ចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនៅតាមឃុំសង្កាត់រៀងៗខ្លួន។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានប្រាប់អាស៊ីសេរីថា ការចុះឈ្មោះបោះឆ្នោតគឺជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរ ដើម្បីសម្រេចជោគវាសនារបស់ប្រទេសជាតិ តាមរយៈការជ្រើសរើសអ្នកនាំដែលខ្លួនពេញចិត្ត។ ហេតុនេះលោកថា ខណៈសហគ្រាសទាំងអស់អនុញ្ញាតឱ្យកម្មករ និយោជិត ឈប់សម្រាករយៈពេល ៤ថ្ងៃ ដោយមានប្រាក់ឈ្នួលអំឡុងពេលភ្ជុំបិណ្ឌ គឺជាពេលវេលាល្អសម្រាប់កម្មករក្នុងការចុះឈ្មោះបោះឆ្នោតនៅទីកន្លែងកំណើតរបស់ខ្លួន៖ «»។
ក្រៅពីស្នើឲ្យកម្មករ កម្មការិនី ត្រៀមលក្ខណៈទៅចុះឈ្មោះបោះឆ្នោត នាថ្ងៃឈប់សម្រាកនៅឱកាសបុណ្យភ្ជុំបិណ្ឌ លោកក៏ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយសម្រួល និងការពារសន្តិសុខជូនកម្មករ កម្មការិនីក្នុងឱកាសនេះផងដែរ៖ «»។
ក្នុងប្រតិទិនរបស់ គ.ជ.ប ដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីឆ្នាំ២០១៦ នេះមានរយៈពេល ៣ខែ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។ ក្នុងនោះ គ.ជ.ប នឹងឈប់សម្រាកផ្អាកការចុះឈ្មោះនេះចំនួន ២ថ្ងៃ គឺថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ ខែតុលា ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា គ.ជ.ប សម្រេចបើកឲ្យចុះឈ្មោះបោះឆ្នោតធម្មតា។
ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតរបស់កម្មករនេះដែរ ក្រសួងការងារ ក៏បានប្រកាសជូនដំណឹងឲ្យកម្មករ និយោជិត សម្រាកពីការងារចំនួន ៤ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ដើម្បីអាចជួយសម្រួលដល់លទ្ធភាពទៅចុះឈ្មោះបោះឆ្នោតរបស់កម្មករ។
សេចក្ដីប្រកាសរបស់ក្រសួងការងារ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី អ៊ិត សំហេង កាលពីថ្ងៃទី១៥ ខែកញ្ញា ក៏បានតម្រូវឱ្យម្ចាស់រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ បើកប្រាក់ឈ្នួលកម្មករឲ្យបានមុនពេលភ្ជុំបិណ្ឌ ឬក៏ឲ្យកម្មករខ្ចីមុន (ប្រាក់បុរេប្រទាន) យ៉ាងតិច ៥០ភាគរយ។
ក្រសួងការងារ ក៏បានបង្ហាញក្ដីសង្ឃឹមថា ម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងនោះ នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដើម្បីជួយសម្រួលដល់ក្រុមកម្មករបម្រើការងារនៅតាមរោងចក្រ និងសហគ្រាសនានា ងាយស្រួលសុំច្បាប់ដើម្បីទៅចុះឈ្មោះបោះឆ្នោត។
សំណើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើរបស់ក្រុមសហជីព និងមានរបាយការណ៍បង្ហាញថា កម្មករ កម្មការិនី នៅតាមបណ្ដាខេត្តដែលកំពុងធ្វើការងារនៅឆ្ងាយពីផ្ទះជួបការលំបាកមួយចំនួននៅពេលសុំច្បាប់ទៅចូលរួមបោះឆ្នោត។
ប្រតិទិនការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា កាលបរិច្ឆេទនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នឹងរៀបចំនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីនេះ ក្រុមសហជីពក៏បានរំឭកដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតគិតត្រឹមថ្ងៃបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានទាំងអស់គ្នា ព្រោះបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១៦ នេះ គឺសម្រាប់បម្រើឲ្យការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៤ នៅឆ្នាំ២០១៧ និងបម្រើឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នៅឆ្នាំ២០១៨៕
No comments:
Post a Comment