Friday, 30 September 2016

ការ​ដំឡើង​ប្រាក់​ឈ្នួល​១៥៣​ដុល្លារ​ទទួល​ការ​ស្វាគមន៍​ពី​សហជីព​តែ​ភាគី​ថៅកែ​មិន​សូវ​ពេញ​ចិត្ត


ដោយ ប្រាជ្ញ ចេវ
2016-09-29


កាំង មូនីកា GMAC ២០១៦ ៨៥៥
អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក កាំង មូនីកា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​កិច្ច​ចរចា​ត្រី​ភាគី​ថ្នាក់​ជាតិ ស្ដីពី​ប្រាក់​ឈ្នួល​គោល​កម្មករ នា​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Ou Banung
 RFA/Ou Banung



ប្រាក់​ឈ្នួល​កម្មករ​និយោជិត ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង ​សម្រាប់​ឆ្នាំ​២០១៧ ខាងមុខ នឹង​ត្រូវ​ដំឡើង​ដល់ ១៥៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ ទទួល​បាន​ការ​ស្វាគមន៍​ពី​សហជីព ខណៈ​ភាគី​ថៅកែ​មិន​សូវ​ពេញ​ចិត្ត។

ឆ្លង​កាត់​កិច្ច​ប្រជុំ​មាន​ច្រើន​ភាគី​ចូលរួម​ទី​បំផុត​នៅ​ល្ងាច​ថ្ងៃទី២៩ ខែ​កញ្ញា សេចក្ដី​សម្រេច​​របស់​រដ្ឋាភិបាល ដែល​ចុះ​ហត្ថលេខា​ដោយ​​​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង កំណត់​ប្រាក់​ខែ គោល​កម្មករ​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៧ ចំនួន​១៤៨​ដុល្លារ​អាមេរិក ហើយ​រដ្ឋាភិបាល​បន្ថែម​ពី​លើ​នេះ ៥ដុល្លារ​ទៀត ដែល​ធ្វើ​កម្មករ​អាច​ទទួល​បាន ប្រាក់​ឈ្នួល​គោល​សរុប​ចំនួន ១៥៣ដុល្លារ។



ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា លើកឡើងថា ការ​ដំឡើង​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ ក្នុង​ស្ថានភាព​ដែល​កំពុង​មាន​វិបត្តិ​នយោបាយ។ លោក​បន្ត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ គ្រប់​ភាគី​មានការ​យោគ​យល់​គ្នាច្រើន មិន​តឹង​សរសៃ​ក ដូច​កាល​ពី​ឆ្នាំ​មុនៗ​ឡើយ៖ «»។

ដោយឡែក លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (C-CAWDU) ដែល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ និយាយ​ថា លោក​មិន​ពេញ​ចំពោះ​ការ​ដំឡើង​នេះ​ទេ។ លោក អាត់ ធន់ នៅ​តែ​បញ្ជាក់​ជំហរ ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​អប្បបរមា​ដល់​កម្មករ​ចំនួន​១៧១ដុល្លារ​ដដែល៖ «»។

លោក អាត់ ធន់ ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ការងារ ដែល​អ្នក​អ្នក​ពាក់ព័ន្ធ​ចូលរួម ២៤​នាក់។ អ្នក​ពាក់ព័ន្ធ​ចំនួន ២២រូប បាន​បោះឆ្នោត​គាំទ្រ​ការ​កំណត់​ប្រាក់​ខែ​គោល ១៤៨​ដុល្លារ។ ចំណែក​ការ​ទាមទារ​ប្រាក់​ឈ្នួល ១៧១​ដុល្លារ មាន​ការ​គាំទ្រ​តែ ២​សំឡេងប៉ុណ្ណោះ។

ភ្លាមៗ​នេះ អាស៊ីសេរី មិន​អាច​សុំ​អត្ថាធិប្បាយ​បន្ថែម​ណាមួយ​ពី​ភាគី​ក្រសួង​ការងារ​បាន​ទេ។

សេចក្ដី​សម្រេច​​របស់​រដ្ឋាភិបាល ដែល​ចុះ​ហត្ថលេខា​ដោយ​​​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បញ្ជាក់​ថា ការ​កំណត់​ប្រាក់ឈ្នួល​កម្មករ​សាកល្បង​ចំនួន​១៤៨ ដុល្លារ ក្នុង​មួយ​ខែ។ លុះ​ចប់​រយៈពេល​សាក​ល្បង ក្លាយ​ជា​កម្មករ​នយោជិត​ពេញ​សិទ្ធិ ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៥៣ដុល្លារ។

សេចក្ដី​សម្រេច​ដដែល​បញ្ជាក់​ថា ចំពោះ​កម្មករ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​គិត​តាម​បរិមាណ​ផលិត​ផល (ដេរ​ស៊ីបុង) ត្រូវ​បាន​ប្រាក់​ឈ្នួល​តាម​ទិន្នផល​ជាក់ស្ដែង​ដែល​ធ្វើ​បាន។ បើ​ទិន្នផល​ទទួល​បាន​លើស​ការ​កំណត់​ថៅកែ ត្រូវ​បង្គ្រប់​ឲ្យ​ដល់​១៤៨ដុល្លារ សម្រាប់​កម្មករ​សាកល្បង និង​១៥៣​ដុល្លារ សម្រាប់​កម្មករ​ពេញ​សិទ្ធិ។

ភាគី​ថៅកែ​រោងចក្រ​វិញ​ម្ដង​យល់​ថា ចំនួន​ខ្ពស់​បន្តិច​ដែល​អាច​ប៉ះពាល់​ដល់​ថៅកែ​រោងចក្រ។

អគ្គលេខាធិការ​រង​​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក កាំង មូនីកា ព្រួយ​បារម្ភ​ថា ដោយ​លោក​បញ្ជាក់​ថា នៅ​ពេល​នេះ អ្នក​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​មាន​ការ​ធ្លាក់ចុះ។ ប៉ុន្តែ ទោះយ៉ាងណាក្តី លោក​ថា ភាគី​រោងចក្រ នៅ​រង់ចាំ​មើល​ស្ថានការណ៍​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៧ ថា​នឹង​មាន​អ្វី​កើត​ឡើង​ក្រោយ​ការ​ដំឡើង​នេះ៖ «»។

សព្វ​ថ្ងៃ​ប្រាក់​ខែ​គោល​កម្មករ​ ១៤០ ដុល្លារ​ ការ​ដំឡើង​ដល់១៥៣ ដុល្លារ នា​ឆ្នាំ២០១៧ ខាងមុខ កើន​ឡើង​លើស​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ជិត១០ភាគរយ។ អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) បង្ហាញថា ​កម្មករ​ក្នុង​វិស័យ​​វាយនភ័ណ្ឌ និង​ស្បែកជើង​នៅ​កម្ពុជា​មាន​ជិត ៧០​ម៉ឺន​នាក់​គិត​ត្រឹម​ចុង​ឆ្នាំ២០១៥៕

No comments: