ដោយ កញ្ញា ខាន់ លក្ខិណា | ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦
voa

អ្នកមានជម្លោះដីធ្លីនៅបឹងកក់ស្នើឲ្យអង្គការសហប្រជាជាតិអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី
ស្ត្រីជាសកម្មជនដីធ្លីនៅតំបន់បឹងកក់មួយចំនួនរកកិច្ចអន្តរាគមន៍ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិឲ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាដោះលែងនិងទម្លាក់បទចោទលើតំណាងពួកគេគឺអ្នកស្រី ទេព វន្នី បន្ទាប់ពីសកម្មជនដីធ្លីរូបនោះដឹកនាំការតវ៉ាប្រឆាំងការបណ្តេញចេញពីលំនៅឋាន។
តំណាងអ្នកតវ៉ាម្នាក់ទៀតគឺអ្នកស្រី បូវ សោភា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិរួចថា ពួកគេអស់ជំនឿទៅលើស្ថាប័នរដ្ឋាភិបាលក្នុងការស្វែងរកយុត្តិធម៌ជូនសកម្មជនដីធ្លី។ អ្នកស្រីបន្តថា ពួកគេចង់ឲ្យលោកស្រី រ៉ូណា ស្មីត ជំរុញទៅរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងអ្នកស្រី ទេព វន្នី និងបញ្ជាប់ជម្លោះដីធ្លីនៅតំបន់បឹងកក់ដែលនៅសេសល់។
អ្នកស្រីបន្តថា៖ “ពួកខ្ញុំទាំងអស់គ្នាត្រូវការឲ្យអ្នកស្រី ទេព វន្នី មានសេរីភាព ចឹងខ្ញុំអត់ដឹងទៅរកកិច្ចអន្តរាគមន៍ពីខាងណាទេ ដោយសារតែរដ្ឋាភិបាលខ្មែរពួកខ្ញុំមិនមានសង្ឃឹមថាពួកខ្ញុំនឹងអាចទៅដល់និងបានជួបពួកគាត់ទេ(លោកនាយករដ្ឋមន្ត្រីទេ) ប្រសិនបើមិនមានការពឹងពាក់ពីអ្នកដែលមានសមត្ថភាពចូលទៅជួបជាមួយនឹងរដ្ឋាភិបាលខ្មែរ។ ដោយសារបញ្ហាអស់ហ្នឹងហើយ ទើបពួកខ្ញុំរកកិច្ចអន្តរាគមន៍ដើម្បីឲ្យគាត់ជួយអន្តរាគមន៍បន្ត ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី“។
អ្នកស្រី បូវ សោភា ថាលោកស្រី រ៉ូណា ស្មីត បានលើកយករណីអ្នកស្រី ទេព វន្នី ទៅជជែកជាមួយរដ្ឋាភិបាល ប៉ុន្តែលោកនាយករដ្ឋមន្ត្រីមិនបានឆ្លើយតបអ្វីឡើយ។
ការដាក់ញាតិ្តរបស់អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកកក់នេះធ្វើឡើងចំពេលដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត (Rhorna Smith) កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលស្ថានភាពនយោបាយទូទៅនិងទិដ្ឋាភាពផ្សេងនៃការរើសអើង។
លោកស្រី រ៉ូណា ស្មីត បានទៅជួបអ្នកស្រី ទេព វន្នី ដល់ពន្ធនាគារកាលពីម្សិលមិញ។
ស្រ្តីអ្នកតវ៉ាម្នាក់ទៀតគឺកញ្ញា សុង ស្រីលាភ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនព្រមដោះស្រាយបញ្ហាដីធ្លីនិងដោះស្រាយលែងសកម្មជនដីធ្លីទេ នឹងធ្វើឲ្យរដ្ឋាភិបាលបាត់បង់សន្លឹកឆ្នោតនាពេលខាងមុខនេះ។
កញ្ញាបន្តថា៖ “ប្រជាពលរដ្ឋគឺជាម្ចាស់ឆ្នោត ចឹងគាត់គួរតែបង្វែរយកទឹកចិត្តគាត់មកយកចិត្តទុកដាក់ប្រជាពលរដ្ឋ ជាងជាយកចិត្តគាត់ទៅយកចិត្តទុកដាក់មន្ត្រីថ្នាក់ក្រោមដែលតែងប្រព្រឹត្តអំពើពុករលួយ បំបាត់ឈ្មោះប្រទេសជាតិ។ ចឹងយើងថាគាត់នឹងគោរពនូវអនុសាសន៍របស់គាត់ដែលតែថាមិនឲ្យប្រជាពលរដ្ឋជាប់គុកដោយសារបញ្ហាដីធ្លីទេ ចឹងយើងសង្ឃឹមថាពាក្យសម្ដីនេះគាត់នៅចាំពាក្យសម្ដីនេះតាំងពីឆ្នាំ២០០៦ សម្រាប់ពលរដ្ឋគឺចាំរហូតសម្ដីរបស់គាត់“។
ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថារដ្ឋាភិបាលគួរតែដោះស្រាយនៅអ្វីដែលជាសំណូមពររបស់ប្រជាពលរដ្ឋជាងទុកបញ្ហានេះ។
លោកមានប្រសាសន៍ថា៖ “ខ្ញុំឃើញករណីបឹងកក់ ឬកន្លែងផ្សែងមាននៅតិចមែនទែហើយ សល់តែ១%ទៅ២% នៃចំនួនជម្លោះដីធ្លី ខ្ញុំឆ្ងល់ដែលហេតុអីបានជាទុកឲ្យនៅអូសបន្លាយ ទុកឲ្យនៅកើតមហារីករ៉ាំរៃហ្នឹង ឬមួយគណបក្សកាន់អំណាចលោកធុញទ្រាន់នឹងការគ្រប់គ្រងអំណាចហើយ។ លោកចង់ចុះចេញពីការទទួលខុសត្រូវ លែងចង់ដឹកនាំប្រទេសទៀតហើយ ខ្ញុំគិតថាគណបក្សកាន់អំណាចគាត់លែងចង់ដឹកនាំប្រទេសហើយមើលទៅ បានជាគាត់មិនព្រមដោះឲ្យអស់ ទុកឲ្យប៉ះពាល់សំឡេងឆ្នោតគាត់“។
អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនម្តងទៀតកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ក្រោយមក តុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទថាសកម្មជនដីធ្លីរូបនោះបានជេរប្រមាថរាជការសាធារណៈទាក់ទិននឹងសំនុំរឿងចាស់ដែលអ្នកស្រី ទេព វន្នី ដឹកនាំតវ៉ាប្រឆាំងនឹងការបណ្តេញចេញកាលពីឆ្នាំ២០១៣។ អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារចំនួន៣លើកហើយ ដោយលើកទីមួយនៅឆ្នាំ២០១២ ឃុំខ្លួនបាន១ខែ៣ថ្ងៃ។ លើកទី២នៅឆ្នាំ២០១៤ ឃុំខ្លួនបាន៥ខែ១ថ្ងៃ និងលើកទី៣ឃុំខ្លួនបានជិត២ខែ គិតត្រឹមថ្ងៃទី៤ខែតុលានេះ៕
សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com
No comments:
Post a Comment