ដោយ អ៊ុង សេរីវុទ្ធ
2016-10-04

សេចក្ដីជូនដំណឹងរបស់អង្គការកម្ពុជាវីហ្សិន(Cambodia Vision) ពីការព្យាបាល និងវះកាត់ភ្នែកឡើងបាយ និងកន្ទុយថ្លែន ដល់ពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។
Photo Screenshot
គ្រូពេទ្យជំនាញ និងក្រុមស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី នឹងមកជួយពិនិត្យ ព្យាបាលវះកាត់ភ្នែកឡើងបាយ និងកន្ទុយថ្លែន ជូនពលរដ្ឋខ្មែរដោយឥតថ្លៃ នៅចុងខែតុលានេះ។
លេខាធិការនៃអង្គការកម្ពុជាវីហ្សិន(Cambodia Vision) អ្នកស្រី យ៉ង់ ធីតា ប្រាប់អាស៊ីសេរីនៅថ្ងៃទី៤ តុលា ថា អង្គការអ្នកស្រីនឹងនាំគ្រូពេទ្យជំនាញ និងអ្នកស្ម័គ្រចិត្តសរុប ៧០នាក់ មកព្យាបាល និងវះកាត់ជូនដល់ពលរដ្ឋខ្មែរទូទាំងប្រទេស នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។
អ្នកស្រី យ៉ង់ ធីតា បន្តថា ក្រៅពីពិនិត្យវះកាត់ភ្នែកឡើងបាយ និងកន្ទុយថ្លែន អង្គការអ្នកស្រីក៏មានពិនិត្យអ្នកគ ថ្លង់ និងផ្ដល់ជូនឧបករណ៍សម្រាប់អ្នកថ្លង់អាចស្ដាប់បានខ្លះផងដែរ។
អ្នកស្រី យ៉ង់ ធីតា បញ្ជាក់ថា អង្គការអ្នកស្រីជាអង្គការមិនស្វែងរកប្រាក់កម្រៃនោះទេ ហើយអង្គការនេះពុំមានលទ្ធផលអ្វីច្រើនណាស់ណាដែរ គឺធ្វើតាមតែលទ្ធភាពរបស់ខ្លួនបន្តិចបន្តួចដើម្បីជួយដល់សង្គមខ្មែរ៖ «យើងមើលទៅឃើញក្ដីទុក្ខវេទនា ដែលខ្មែរមានជីវភាពក្រីក្រ ម៉្យាងទៀតជំងឺនេះមានច្រើនលើសលប់ មិនមែនតែរឿងភ្នែកទេ។ បញ្ហាភ្នែកវាបង្កើតឲ្យភាពក្រីក្រក្នុងគ្រួសារកាន់តែដុនដាបឡើង ដោយមូលហេតុថា គាត់មិនអាចជួយខ្លួនឯងបានហើយ ត្រូវការសមាជិកគ្រួសារម្នាក់មកមើលថែទៀត»។
អ្នកស្រីបន្តថា ចាប់តាំងពីអង្គការនេះបានបង្កើតជិត១០ឆ្នាំមក អង្គការកម្ពុជាវីហ្សិនបានទទួលវះកាត់ភ្នែកឡើងបាយ និងកន្ទុយថ្លែនរបស់ពលរដ្ឋជាង៣ពាន់ (៣.៤៦៧) នាក់ រួមនឹងផ្ដល់ជូនវ៉ែនតារាប់ម៉ឺនគូ។ ខណៈឆ្នាំនេះ អង្គការកំណត់ធ្វើការវះកាត់ភ្នែកឡើងបាយ និងកន្ទុយថ្លែនជូនពលរដ្ឋចំនួន៤០០នាក់។
អង្គការកម្ពុជាវីហ្សិន បានបង្កើតឡើងកាលពីឆ្នាំ២០០៧ នៅប្រទេសអូស្ត្រាលី ដោយជនជាតិខ្មែរប្រមាណ១០នាក់ រស់នៅតំបន់ផ្សេងគ្នា ក្នុងគោលបំណងដើម្បីបង្កើតកម្មវិធីសប្បុរសធម៌ និងស្វែងរកថវិកា ដើម្បីជួយពិនិត្យ និងព្យាបាលវះកាត់ភ្នែកឡើងបាយ និងកន្ទុយថ្លែន ជូនពលរដ្ឋខ្មែរដែលខ្វះខាតនៅប្រទេសកម្ពុជា៕
No comments:
Post a Comment