ដោយ ទីន ហ្សាការីយ៉ា
2019-10-21

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការ Human Rights Watch។
រូប៖ Screenshot AFP
អង្គការសិទ្ធិមនុស្សអន្តរជាតិ ស្នើយ៉ាងទទូចដល់របបក្រុងភ្នំពេញឱ្យបញ្ឈប់ការចាប់ខ្លួន និងការឃុំឃាំងសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្សទាំងឡាយ ដែលបានអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលរបប លោក ហ៊ុន សែន កំពុងបង្កើនការចាប់ខ្លួន និងចោទប្រកាន់មន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់នៅតាមមូលដ្ឋានពីការរួមគំនិតក្បត់ជាតិ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវដល់រដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយ ដាក់សម្ពាធរបបក្រុងភ្នំពេញឱ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ទាំងឡាយជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២១ តុលាថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាច្រើននាក់ ក្រោមហេតុផលនយោបាយ បង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានបំណងបញ្ឈប់ទង្វើវាយបង្ក្រាបយ៉ាងចាស់ដៃលើសំឡេងប្រឆាំង និងសំឡេងឯករាជ្យ ដែលបណ្តាលឱ្យកម្ពុជាស្ថិតក្នុងភាពខ្មៅងងឹតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឡើយ។ លោកទាមទាមឱ្យរបបក្រុងភ្នំពេញបញ្ឈប់រលកនៃការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្សតទៅទៀត។
អាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី២១ តុលា ដោយលោកមិនលើកទូរស័ព្ទ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា ចំណាត់ការទាំងឡាយលើសកម្មជនគណបក្សសង្គ្រោះជាតិ គឺជាការអនុវត្តច្បាប់លើក្រុមដែលលោកហៅថា មានបំណងផ្ដួលរំលំរដ្ឋាភិបាល។
គិតត្រឹមថ្ងៃទី២១ តុលា អាជ្ញាធររបបក្រុងភ្នំពេញបានចាប់ឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥០នាក់ហើយ ស្របពេលសកម្មជនជាង ១៨០នាក់ផ្សេងទៀត ត្រូវបានកោះហៅ ឬតាមចាប់ខ្លួន ក្រោមអង្គហេតុមិនច្បាស់លាស់។ ក្រៅពីនេះ សកម្មជនបក្សប្រឆាំងចំនួន ១២នាក់ទៀត បានរងការវាយដំពីសំណាក់ជនមិនស្គាល់មុខ។ ការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តនេះ បានធ្វើឱ្យសកម្មជនបក្សប្រឆាំងជាច្រើននាក់ បង្ខំចិត្តរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីរកកន្លែងមានសុវត្ថិភាព។
អ្នកការពារសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងទៀតថា របបលោក ហ៊ុន សែន កំពុងតែញាត់បំពេញពន្ធនាគារដោយការចាប់ខ្លួនសកម្មជនដែលហ៊ាននិយាយអំពីទង្វើរំលោភបំពាន បង្ហោះសាររិះគន់នៅតាមហ្វេសប៊ុក (Facebook) និងសកម្មជនដែលបានជួបជុំគ្នាហូបនំបញ្ចុក។ លោកសង្កត់ធ្ងន់ថា មន្ត្រីអឺរ៉ុបទាំងឡាយដែលជាអ្នកសម្រេចចិត្ត ត្រូវតែពិចារណាឱ្យបានដិតដល់ ចំពោះការបន្តដាំក្បាលចុះនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ពេលដែលពិនិត្យមើលជំហានបន្ទាប់អំពីស្ថានភាពសិទ្ធិមនុស្ស និងទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកព្រួយបារម្ភកាន់តែខ្លាំងចំពោះការកើនឡើងនៃការបង្ក្រាបលើសំឡេងប្រឆាំងនេះ។ ពួកគេក៏ដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែរ គឺចង់ឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីសកម្មជនគណបក្សសង្គ្រោះជាតិ និងអំពាវនាវដល់អ្នកនយោបាយគណបក្សកាន់អំណាច និងបក្សប្រឆាំង ឱ្យងាកមករកតុចរចាដោះស្រាយវិបត្តិនយោបាយ ដើម្បីផលប្រយោជន៍ជាតិវិញ៕
No comments:
Post a Comment