ដោយ ទីន ហ្សាការីយ៉ា
2019-10-21

លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ នៅប្រទេសនូវែលហ្សេឡង់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
រូបពីហ្វេសប៊ុក លោក សម រង្ស៊ី
អង្គការសង្គមស៊ីវិល បញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញគម្រោងមាតុភូមិនិវត្តន៍របស់ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ។ អង្គការសង្គមស៊ីវិលខ្លះព្រួយបារម្ភពីការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងកង កម្លាំងរបស់របបក្រុងភ្នំពេញ។ រីឯអង្គការសង្គមស៊ីវិលខ្លះមិនជឿថា លោក សម រង្ស៊ី វិលចូលកម្ពុជា តាមការសន្យានោះទេ ដូច្នេះគ្មានព្រឹត្តិការណ៍ធំៗអ្វីកើតឡើងឡើយ ហើយវិបត្តិនយោបាយនៅតែ រ៉ាំរ៉ៃដដែល។
នៅសល់ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ដល់ថ្ងៃដែលលោក សម រង្ស៊ី ប្រកាសវិលចូលប្រទេសកម្ពុជា វិញជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត។
មន្ត្រីអង្គការសង្គមស៊ីវិលសម្ដែងក្តីព្រួយបារម្ភផ្សេងៗគ្នាជុំវិញផែនការមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ គណបក្សប្រឆាំងនេះ។
អ្នកនាំពាក្យសមាគម អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រសិនបើលោក សម រង្ស៊ី ពិតជាវិលចូលកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ដោយគ្មានការចរចានយោបាយជាមុននោះ លោកបារម្ភថា អាចនឹងកើតមានអំពើហិង្សារវាងអ្នកគាំទ្រគណបក្សប្រឆាំង និងកងកម្លាំងរបស់រដ្ឋាភិបាល។ លោកនៅតែទទូចឱ្យមេដឹកនាំនយោបាយទាំងពីរភាគី វិលទៅរកវប្បធម៌ សន្ទនាដោះស្រាយវិបត្តិនយោបាយ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ៖ «ដរាបណាមិនទាន់បានសម្របសម្រួលនយោបាយ ដែលឱ្យគណបក្សជំទាស់បានមកចូលរួមប្រកួតប្រជែងនយោបាយបានដោយសេរី ដោយត្រឹមត្រូវដោយស្មើភាពទេ គឺកាលដែលចូលមកបែបនេះ យើងឃើញថា អាចធ្វើឱ្យមានការលំបាកទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ចប៉ះពាល់ជីវភាពពលរដ្ឋ និងហិង្សានានា។ បញ្ហាទាំងអស់នេះយើងដឹងហើ ខាង សហគមន៍អន្តរជាតិគេអត់ចង់ឃើញកម្ពុជាធ្លាក់ទៅស្ថានភាពអាក្រក់បែបនេះទេ គឺគេចង់ឃើញ កម្ពុជាវិលទៅរកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ប្រសិនបើរដ្ឋាភិបាលសព្វថ្ងៃ ប្រើប្រាស់កងកម្លាំងទៅបង្ក្រាបពលរដ្ឋ ដែលគ្រាន់តែក្រោកឈរតវ៉ាដោយសន្តិវិធីនោះ គឺរដ្ឋាភិបាលនឹងរងការចោទប្រកាន់ថា រំលោភច្បាប់ ជាតិ និងអន្តរជាតិ ព្រមទាំងទទួលការរិះគន់ថ្កោលពីសហគមន៍អន្តរជាតិបន្ថែមទៀត៖ «បើយើងឃើញថា សកម្មភាពតវ៉ាណាមួយទៅលើរឿង នយោបាយក្តីរឿងអ្វីក្តីហើយជាការទាមទារដោយសន្តិវិធីនោះ គឺជារឿងដែលស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ ប៉ុន្តែអ្នកបង្ក្រាបទៅវិញទេដែលប្រព្រឹត្តអំពើល្មើសច្បាប់ព្រោះថា គេតវ៉ាទាមទារ ដោយអហិង្សា ហើយយើងទៅប្រើមធ្យោបាយហិង្សា»។
មិនខុសគ្នាប៉ុន្មានឡើយ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ប្រសិនបើថ្ងៃទី៩ វិច្ឆិកា ពិតជាមានព្រឹត្តិការណ៍មាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេស លោក សម រង្ស៊ី នោះ គឺនឹងកើតមានអំពើហិង្សាធ្ងន់ធ្ងររវាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងកងកម្លាំងគាំទ្ររដ្ឋាភិបាលមិនខាន។ ការអះអាងដូច្នេះព្រោះលោកកត់សម្គាល់ថា គ្រាន់តែលោក សម រង្ស៊ី ប្រកាសកំណត់ថ្ងៃជាក់លាក់វិលចូលកម្ពុជាប៉ុណ្ណោះ រដ្ឋាភិបាលបានចោទប្រកាន់ និងចាប់ខ្លួនសកម្មជនបក្ស ប្រឆាំងតាមមូលដ្ឋានជាបន្តបន្ទាប់៖ «យើងជាអង្គការសង្គមស៊ីវិល អត់ចង់ឃើញទិដ្ឋភាព នៃអំពើហិង្សាណាមួយកើតឡើងទេ ព្រោះយើងសុទ្ធតែខ្មែរដូចគ្នា។ អ្វីដែលសំខាន់គឺអ្នកនយោបាយ គួរតែគិតគួររកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយដែលឡើងកម្ដៅនេះ ដោយសន្តិវិធី ជាជាងប្រើប្រាស់ពលរដ្ឋហើយឱ្យមានអំពើហិង្សាកើតឡើង។ នេះគឺវាធ្វើឱ្យពលរដ្ឋរងទុក្ខ ទោសធ្ងន់ធ្ងរ។ អ្នកនយោបាយត្រូវតែគិតអំពីឧត្ដមប្រយោជន៍ជាតិ និងឧត្ដមប្រយោជន៍ ប្រជាពលរដ្ឋជាធំ ជាជាងផលប្រយោជន៍នយោបាយ និងអំណាច»។
ទោះយ៉ាងណាក្តី លោក អំ សំអាត យល់ថា ប្រសិនបើមានផ្ទុះអំពើហិង្សាបណ្ដាលឱ្យពលរដ្ឋរង គ្រោះ គឺរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ។ លោកថា រដ្ឋាភិបាលមានកាតព្វកិច្ចការពារពលរដ្ឋគ្រប់រូប ដោយគ្មានការរើសអើងនិន្នាការនយោបាយ និងមិនអាចបើប្រាស់អាវុធទៅបាញ់ ឬបង្ក្រាបពលរដ្ឋ នោះទេ៖ «ប្រសិនបើមានអំពើហិង្សាកើតឡើង គឺទី១ ត្រូវដាក់ប្រទេសយើងក្នុងស្ថានភាពជាអាសន្ន ដែលរដ្ឋាភិបាល មានភាពទទួលខុសត្រូវក្នុងរឿងនេះ ប៉ុន្តែ ប្រសិនបើកើតនូវអំពើហិង្សាផ្ទុះឡើងហើយមានមហន្តរាយធ្ងន់ធ្ងរ គឺជាធម្មតាយើងឃើញ ហើយនៅលើពិភពលោក គឺមានតែអ្នកដែលកាន់អំណាច ឬរដ្ឋាភិបាលទេ ដែលជាអ្នកទទួលខុសត្រូវ។ ល្មមដល់ពេលគ្រប់គ្រាន់ហើយមេរៀននិងបទពិសោធន៍កន្លងមកដែលធ្វើឱ្យខ្មែរយើង ឈឺចាប់ បាត់បង់ រងទុក្ខទោសដោយសារសង្គ្រាម និងការឈ្លោះគ្នា»។
រហូតមកទល់ពេលនេះ គណបក្សប្រឆាំង និងគណបក្សកាន់អំណាចមិនទាន់បង្ហាញពីសញ្ញានៃការចរចានោះទេ។ ភាគីទាំងពីរ កំពុងបង្កើនវោហារសាស្ត្រដាក់គ្នាទៅវិញទៅមកបណ្ដាលឱ្យស្ថានភាពនយោបាយកាន់តែឡើងកម្ដៅ។ កន្លងមក លោក សម រង្ស៊ី ធ្លាប់បង្ហាញជំហរចង់ចរចាដោះស្រាយវិបត្តិនយោបាយដែរ ប៉ុន្តែរបបលោក ហ៊ុន សែន មិនចាប់អារម្មណ៍ឡើយ ដោយនិយាយថា មិនបន្ទាបខ្លួនទៅនិយាយជាមួយក្រុមឧទ្ទាមក្រៅច្បាប់នោះទេ។
ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ ព្យាករណ៍ថា នៅថ្ងៃទី៩ ខែវិច្ឆិកា គឺមិនមានព្រឹត្តិការ អ្វីធំដុំ ដែលគួរឱ្យព្រួយបារម្ភនោះទេ ព្រោះលោកជឿជាក់ថា លោក សម រង្ស៊ី នឹងមិនវិលចូលកម្ពុជាវិញ តាមការសន្យាឡើយ។ លោកមើលឃើញហេតុផលពីរយ៉ាងដែលលោក សម រង្ស៊ី មិនអាចវិលចូលកម្ពុជា ទី១ អាច ដោយសារលោក សម រង្ស៊ី ខ្លាច ទី២ អាចដោយសាររដ្ឋាភិបាល រារាំងឬមិនអនុញ្ញាតឱ្យយន្តហោះដឹកជញ្ជូន លោក សម រង្ស៊ី។ លោកយល់ថា លុះត្រាតែមានការចរចានយោបាយជាមុន ទើបមេបក្សប្រឆាំងរូបនេះ មានឱកាសវិលចូលកម្ពុជា ប៉ុន្តែក្នុងស្ថានភាពសព្វថ្ងៃនេះ មានសង្ឃឹមតិចតូចប៉ុណ្ណោះក្នុងការចរចា៖ «ខ្ញុំដូចជាគ្មានព្រួយបារម្ភរឿងនេះទេ ខ្ញុំព្រួយបារម្ភ តែពីរឿងប្រេះឆា នៃប្រទេសជាតិដែលធ្វើឱ្យមានជម្លោះនយោបាយធំជាងគេបង្អស់។ រឿងថ្ងៃទី៩ វិច្ឆិកា ខ្ញុំមើលទៅគ្មានព្រឹត្តិការណ៍អីធំដុំទេ រឿងអ្នកនយោបាយនៅតែបន្តធ្វើជាអ្នកនយោបាយ មានលេសមានមូលហេតុគ្រប់បែបយ៉ាង ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភជាងគេនោះ គឺអ្នកគាំទ្រដែលកំពុង តែរងនូវការគាបសង្កត់ផ្នែករាងកាយនិងការគំរាមកំហែងផង ហើយយើងមើលកម្ពុជាហាក់ដូចជានៅបន្តការប្រេះឆា បន្តនូវការឈ្លោះ ការគាបសង្កត់ជាងរឿងនយោបាយ ខ្ញុំអត់ពេញចិត្តទាល់តែសោះ»។
កន្លងមកលោក សម រង្ស៊ី ធ្លាប់ប្រកាសថា វិលចូលប្រទេសកម្ពុជាវិញជាច្រើនលើកច្រើនសារ តែលោកនៅមិនទាន់វិលវិញតាមការប្រកាសនោះនៅឡើយ។ លើសពីនេះលោកបានផ្លាស់ប្ដូរកាលបរិច្ឆេទនៃការវិលចូលស្រុកវិញជាញឹកញយ។ តែទោះជាយ៉ាងណា លោកប្រកាសជំហរចុងក្រោយថា លើកនេះ លោក នឹងវិលចូលវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខឱ្យខាងតែបាន ដើម្បីសង្គ្រោះប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងដោះស្រាយបញ្ហានានាដែលលោក ហ៊ុន សែន មិនអាចដោះស្រាយបាន ជាពិសេសរក្សាការប្រពន្ធអនុគ្រោះពន្ធ EBA ។ ចំណែករបបក្រុងភ្នំពេញវិញ បានប្រកាសជាបន្តបន្ទាប់ ដោយមិនខ្វល់ពីរឿងខុសច្បាប់ និងរំលោភសិទ្ធិមនុស្សនោះទេថា បានត្រៀមកងទ័ព ជានិច្ចដើម្បីវាយកម្ទេចក្រុមលោក សម រង្ស៊ី៕
No comments:
Post a Comment