Khmer Circle: Isn't it the other way around?
🔺🔺🔺
ដោយ ទីន ហ្សាការីយ៉ា
2021-08-04 rfa
អ្នកវិភាគថា លោក ហ៊ុន សែន ចង់ដឹកនាំប្រទេសដូចមេដឹកនាំយោធាភូមា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo Courtesy
អ្នកវិភាគ អះអាងថា លោក ហ៊ុន សែន កំពុងចង់ដឹកនាំប្រទេស ដូចទៅនឹងមេដឹកនាំយោធាភូមាបច្ចុប្បន្ននេះដែរ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមលោកបណ្ឌិត សេង សារី មានប្រសាសន៍ថា លោក ហ៊ុន សែន មិនមានសេក្ដីក្លាហាន ដើម្បីបើកឲ្យមានការប្រកួតប្រជែងដោយស្មើភាពឡើយ។ លោកបន្ថែមថា ទោះបីជារបបឯកបក្សបានរំលាយគណបក្សសង្រ្គោះជាតិទៅហើយក្ដី តែលោក ហ៊ុន សែន ហាក់នៅខ្លាចស្រមោលគណបក្សប្រឆាំងដដែល។ បញ្ហានេះហើយ ជាហេតុផលដែលលោក ហ៊ុន សែន ផ្ដល់សិទ្ធិឲ្យមន្រ្តីបក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយវិញ រើសមុខនោះ៖ «ពីមុនមក លោក ហ៊ុន សែន បារម្ភតែជាមួយមេដឹកនាំបក្សប្រឆាំងដែលមានប្រជាប្រិយទេ តែឥឡូវនេះ សូម្បីតែមន្រ្តីល្អិតល្អោចនៅក្នុងបក្សនោះ ក៏លោកបារម្ភដែរ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១ ខែសីហាថា លោកមិនផ្ដល់សិទ្ធិឲ្យមន្រ្តីគណបក្សប្រឆំាងពីររួប គឺលោក ញឹម គឹមញ៉ុល និងលោកមេធាវី ជួង ជូងី និងមនុស្សមួយចំនួនទៀត ធ្វើនយោបាយឡើងវិញទេ។ លោកចោទថា អ្នកទាំងពីរជាអ្នកបំផ្លាញ តែលោកមិនបានបញ្ជាក់ថា បំផ្លាញអ្វីនោះទេ៖ «ទោះបីរដ្ឋមន្ត្រីមហាផ្ទៃថាអាហ្នឹងមិនដែលប្រព្រឹត្តខុស ប៉ុន្តែយើងព្យាករណ៍ដឹងថា អាហ្នឹងមុខតែមកដើម្បីបំផ្លាញហើយ មិនឱ្យសិទ្ធិហ្អែងទេ។ បើខ្ញុំមិនចុះហត្ថលេខាស្នើទៅព្រះមហាក្សត្រ ព្រះមហាក្សត្រក៏ទ្រង់មិនឡាយព្រះហស្ថលេខាឱ្យសិទ្ធិអ្នកឯងដែរ»។
ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា លោក ហ៊ុន សែន ព្យាករណ៍ ថាមន្រ្តីបក្សប្រឆាំងមួយចំនួនជាអ្នកបំផ្លាញនោះ គឺលោកចង់សំដៅថា អ្នកនោះជាមនុស្សស្មោះស្ម័គ្រនឹងគណបក្សសង្រ្គោះជាតិ ដែលអាចមានឥទ្ធិពលធ្វើឱ្យលោក ហ៊ុន សែន បាត់បង់អំណាចតាមរយៈការបោះឆ្នោត៖ «គាត់នឹងបន្តការដឹកនាំតាមរបៀបនេះ ព្រោះឥឡូវនេះ គាត់លែងខ្វល់ពីគំនាបហើយ និយាយភាសាអ្នកស្រុកថា លែងខ្មាស់ លែងអៀនហើយ។ ហើយឆ្នាំ២០២២២ និង២០២៣នេះ អាចនឹងមិនមានការបោះឆ្នោត តែបើមានការបោះឆ្នោតក៏បោះឆ្នោតតាមបែបលេងសើចដែរ»។
លិខិតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ផ្ញើជូនទៅលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកក្កដា អំពីសំណើរបស់មន្រ្តីបក្សប្រឆាំងពីររួប គឺលោក ជួង ជួងី និង លោក ញឹម គឹមញ៉ុល នោះ បានសរសេរថា អ្នកទាំងពីរបានធ្វើសកម្មភាពញុះញង់ និងបង្កអសន្តិសុខជាតិ។ លិខិតដដែលបញ្ជាក់ថា លោក ជួង ជួងី បានធ្វើសកម្មភាព ញុះញង់ក្នុងចេតនាទុច្ចរិត រារាំង និង បំពានសិទ្ធិនយោបាយរបស់ពលរដ្ឋ ដោយប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រព្រឹត្តអំពើទុច្ចរិតបំពាន និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងគោលបំណងរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។
ឆ្លើយតបនឹងបញ្ហានេះលោកមេធាវី ជួង ជួងី មានប្រសាសន៍ថា ការសម្រេចមិនផ្ដល់សិទ្ធិឲ្យលោក ធ្វើនយោបាយវិញនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់លោក។ លោកមេធាវី ជួង ជួងី បញ្ជាក់ថា លោកមិនបានធ្វើខុសច្បាប់អ្វីនោះទេ។ លោកបន្ថែមថា កាលពីឆ្នាំ២០១៨នោះ លោកគ្រាន់តែពន្យល់ផ្លូវច្បាប់ និងសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋតែប៉ុណ្ណោះ៖ «ការចោទប្រកាន់នោះអត់ត្រឹមត្រូវទេ ព្រោះកាលណោះ ខ្ញុំពន្យល់ប្រជាពលរដ្ឋថា នៅក្នុងច្បាប់ព្រហ្មទណ្ឌ និងរដ្ឋធម្មនុញ្ញ គ្មានមាត្រាណាចែងថា ពលរដ្ឋមិនទៅបោះឆ្នោតគ្មានទោសទេ មិនមែនខ្ញុំរារាំងឯណា?»។
ក្រុមអ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន ប្រកាសជាសធារណៈ មិនផ្ដល់សិទ្ធិឲ្យមន្រ្តីគណបក្សប្រឆាំងធ្វើនយោបាយវិញនេះ បង្ហាញកាន់តែច្បាស់ថា ការដឹកនាំរបស់លោក ហ៊ុន សែន មិនមែនអនុវត្តច្បាប់ជាគោលនោះទេ។ ម្យ៉ាងទៀត ការរំលាយគណបក្សសង្រ្គោះជាតិដោយខុសច្បាប់ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតម្ដងជាពីរដងកន្លងមកនោះ កាន់តែលាតត្រដាងថា របបឯកបក្សដឹកនាំដោយលោក ហ៊ុន សែន មានបំណងក្ដោបក្ដាប់អំណាចតែម្នាក់ឯងតទៅមុខទៀត។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី មានប្រសាសន៍ថា លោក ហ៊ុន សែន អាចនឹងមិនផ្ដល់សិទ្ធិឲ្យមន្រ្តីបក្សប្រឆាំងផ្សេងទៀតធ្វើនយោបាយឡើងវិញនោះទេ ពិសេសអ្នកដែលមានឆន្ទៈពិតប្រាកដ ដែលប្រឆាំងនឹងគណបក្សកាន់អំណាចនោះ៖ «ការគំរាមកំហែងនិងការចាប់ខ្លួននៅតែមានបន្ត ដូច្នេះអាចបង្ហាញថា គណបក្សកាន់អំណាចមិនទាន់មានទំនុកចិត្តទាំងស្រុងពីប្រជាពលរដ្ឋ។ ហើយរឿងនេះ ជាប់ទាក់ទិននិង ការសុំសិទ្ធិធ្វើនយោបាយរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលអាស្រ័យលើការវិវត្តនយោបាយនៅកម្ពុជា។ តែបើការសុំសិទ្ធិនេះចេញមករប៉េះរប៉ោះ អានោះមិនមានបញ្ហាអ្វីទេ»។
គណបក្សប្រជាជនកម្ពុជាបានរកគ្រប់មធ្យោបាយ ដើម្បីកម្ទេចបក្សប្រឆាំងកាលពីឆ្នាំ២០១៧។ ក្រុមអ្នកវិភាគ និងអ្នកតាមដាននបាយនៅកម្ពុជាមើលឃើញថា មូលហេតុចម្បងដែលគណបក្សកាន់អំណាចកម្ទេចគណបក្សប្រឆាំង និងហាមប្រាមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងធ្វើនយោបាយនោះ ដោយសារលោកហ៊ុន សែន និងមន្ត្រីរបស់លោកមិនមានសង្ឃឹមថា នឹងទទួលបានជ័យជំនៈក្នុងការបោះឆ្នោតជាតិអាណត្តិទី៦ ឆ្នាំ២០១៨ ។
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានហៅការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ មិនខុសពីភូមា និងអ៊ីតាលីកាលពីមុននោះទេ។ លោកបានហៅការដឹកនាំបែបសព្វថ្ងៃនេះ ជាការដឹកនាំបែបផ្ដាច់ការហ្វាស៊ីស។
ការដឹកនាំបែបហ្វាស៊ីស ជាការគ្រប់គ្រងប្រទេស ដោយមេដឹកនាំយោធា និងកាន់កាប់កម្លាំងប្រដាប់អាវុធទាំងអស់។ ការអនុវត្តច្បាប់ទៅតាមមេដឹកនាំផ្ដាច់ការតែមួយចង់បាន គណបក្សគ្រប់គ្រងអំណាចមានតែមួយ ការគ្រប់គ្រងយ៉ាងតឹងរឹង និងគាបសង្កត់អ្នកសារព័ត៌មាន។ ការផ្សព្វផ្សាយនិងបង្ខំឲ្យពលរដ្ឋគាំទ្ររដ្ឋាភិបាលឥតឈប់ឈរ ការអនុវត្តការតាមដានប្រជាពលរដ្ឋនិងបិទសិទ្ធសេរីភាព ការហាមឃាត់ការរិះគន់ជាសាធារណៈ កងកម្លាំងប៉ូលីសឬយោធាអនុវត្តច្បាប់ចាប់ចងអ្នកប្រឆាំង ឬអ្នករិះគន់ តាមអំពើចិត្តជាដើម។
អ្នកវិភាគលើកឡើងថា លោកហ៊ុន សែន នៅតែភ័យខ្លាចឥត្ធិពលគណបក្សប្រឆាំង ក្រោមរួបភាពគណបក្សថ្មីៗ ទើបលោករារែក ដោយមិនបើកចិត្តទូលាយឱ្យសមស្របតាមច្បាប់ជាតិ និងអន្តរជាតិដែលចែងថា ជនជាតិខ្មែរគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការបង្កើតគណបក្សនយោបាយ និងចូលរួមធ្វើនយោបាយ។ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមើលឃើញថា ហេតុផលរបស់លោក ហ៊ុន សែន ដែលចោទថា អ្នកសុំសិទ្ធិធ្វើនយោបាយខ្លះធ្វើខុសច្បាប់ទើបលោកបដិសេធ មិនឱ្យធ្វើនយោបាយឡើងវិញនោះ គឺគ្រាន់តែជាលេសខុសច្បាប់របស់លោកហ៊ុន សែន និងគ្រាន់តែជាការបិទបាំងការភ័យខ្លាចកម្លាំងប្រជាធិបតេយ្យរួមគ្នាតែប៉ុណ្ណោះ៕
2 comments:
Kpeum Mouk Nass Ah Roleuy Hun Sen Euy !!
Mech Kor Kror Ngorp Maless Ah Chos Kauot Niss ?
Well maybe now the chicken Khmers will fight like Myanmar instead of accepting oppression. The end will come for Hun Sen or to the Khmer people. Same with Myanmar. It either the the Junta or the people of Myanmar. You decide. Cambodia will be no more because of puppet Hun Sen.
Post a Comment