Wednesday, 4 August 2021

អ្នកវិភាគ​ថា លោក ហ៊ុន សែន ចង់​ដឹកនាំ​ប្រទេសដូច​មេដឹកនាំ​យោធា​ភូមា

Khmer Circle: Isn't it the other way around?

🔺🔺🔺
ដោយ ទីន ហ្សាការីយ៉ា
2021-08-04 rfa
អ្នកវិភាគ​ថា លោក ហ៊ុន សែន ចង់​ដឹកនាំ​ប្រទេសដូច​មេដឹកនាំ​យោធា​ភូមា

អ្នកវិភាគ​ថា លោក ហ៊ុន សែន ចង់​ដឹកនាំ​ប្រទេសដូច​មេដឹកនាំ​យោធា​ភូមា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo Courtesy

 

អ្នកវិភាគ​ អះអាង​ថា លោក ហ៊ុន សែន កំពុង​ចង់​ដឹកនាំ​ប្រទេស​ ដូច​ទៅ​នឹង​មេដឹកនាំ​យោធា​ភូមា​បច្ចុប្បន្ន​នេះ​ដែរ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោកបណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន មិន​មាន​សេក្ដីក្លាហាន ដើម្បី​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ឡើយ។ លោក​បន្ថែម​ថា ​ទោះបី​ជា​របប​ឯកបក្ស​បាន​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ទៅ​ហើយ​ក្ដី តែ​លោក ហ៊ុន សែន ហាក់​នៅ​ខ្លាច​ស្រមោល​គណបក្ស​ប្រឆាំង​ដដែល។ បញ្ហា​នេះ​ហើយ ជា​ហេតុផល​ដែល​លោក ហ៊ុន សែន ផ្ដល់​សិទ្ធិ​ឲ្យ​មន្រ្តីបក្ស​ប្រឆាំង​មាន​សិទ្ធិធ្វើ​នយោបាយ​វិញ រើស​មុខ​នោះ៖ «ពីមុនមក លោក ហ៊ុន សែន បារម្ភ​តែ​ជា​មួយ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មាន​ប្រជាប្រិយ​ទេ តែ​ឥឡូវនេះ ​សូម្បី​តែ​មន្រ្តី​ល្អិត​ល្អោច​នៅ​ក្នុង​បក្ស​នោះ ក៏លោក​បារម្ភដែរ»។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​កាល​ពីថ្ងៃទី១ ខែសីហាថា​ លោក​មិន​ផ្ដល់​សិទ្ធិឲ្យ​មន្រ្តី​គណបក្ស​ប្រឆំាង​ពីរ​រួប គឺលោក ញឹម គឹមញ៉ុល និងលោកមេធាវី ជួង ជូងី និង​មនុស្ស​មួយ​ចំនួន​ទៀត ធ្វើ​នយោបាយ​ឡើង​វិញ​ទេ។ លោកចោទ​ថា អ្នក​ទាំង​ពីរ​ជាអ្នក​បំផ្លាញ តែ​លោក​មិន​បាន​បញ្ជាក់​ថា បំផ្លាញ​អ្វី​នោះ​ទេ៖ «ទោះ​បី​​រដ្ឋមន្ត្រី​មហាផ្ទៃ​ថា​អាហ្នឹង​មិនដែល​ប្រព្រឹត្ត​ខុស ប៉ុន្តែ​យើង​ព្យាករណ៍​ដឹង​ថា អាហ្នឹង​មុខតែ​មក​ដើម្បី​បំផ្លាញ​ហើយ មិន​ឱ្យ​សិទ្ធិ​ហ្អែង​ទេ​។ បើ​ខ្ញុំ​មិន​ចុះហត្ថលេខា​ស្នើ​ទៅ​ព្រះមហាក្សត្រ ព្រះមហាក្សត្រ​ក៏​ទ្រង់​មិន​ឡាយ​ព្រះហស្ថលេខា​ឱ្យ​សិទ្ធិ​អ្នកឯង​ដែរ»។


ទាក់ទង​នឹង​បញ្ហា​នេះ ​លោកបណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ព្យាករណ៍ ថា​មន្រ្តី​បក្ស​ប្រឆាំង​មួយចំនួន​ជា​អ្នក​បំផ្លាញ​នោះ គឺ​លោក​ចង់​សំដៅ​ថា​ អ្នកនោះ​ជា​មនុស្ស​ស្មោះស្ម័គ្រ​នឹង​គណបក្ស​សង្រ្គោះជាតិ ដែលអាច​មាន​ឥទ្ធិពល​ធ្វើឱ្យ​លោក ហ៊ុន សែន បាត់បង់​អំណាច​តាម​រយៈ​ការ​បោះឆ្នោត៖ «គាត់​នឹង​បន្តការ​ដឹកនាំ​តាម​របៀប​នេះ ព្រោះ​ឥឡូវនេះ គាត់​លែង​ខ្វល់​ពី​គំនាប​ហើយ និយាយ​ភាសា​អ្នក​ស្រុក​ថា លែងខ្មាស់​ លែង​អៀន​ហើយ។ ហើយ​ឆ្នាំ២០២២២ និង២០២៣នេះ អាច​នឹង​មិន​មាន​ការ​បោះឆ្នោត តែបើ​មាន​ការ​បោះឆ្នោត​ក៏​បោះឆ្នោត​តាម​បែប​លេង​សើច​ដែរ»។

លិខិត​របស់​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​លោក ស ខេង ផ្ញើជូន​ទៅ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី២៣ ខែកក្កដា អំពី​សំណើរបស់​មន្រ្តីបក្ស​ប្រឆាំង​ពីររួប គឺ​លោក ជួង ជួងី និង លោក ញឹម គឹមញ៉ុល នោះ បាន​សរសេរ​ថា អ្នក​ទាំង​ពីរបាន​ធ្វើសកម្មភាព​ញុះញង់ និង​បង្កអសន្តិសុខជាតិ។ លិខិត​ដដែល​បញ្ជាក់​ថា លោក ជួង ជួងី បាន​ធ្វើសកម្មភាព ញុះញង់​ក្នុង​ចេតនា​ទុច្ចរិត រារាំង និង បំពាន​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ដោយ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ ប្រព្រឹត្ត​អំពើ​ទុច្ចរិត​បំពាន និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ ក្នុង​គោលបំណង​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។

ឆ្លើយតប​នឹង​បញ្ហា​នេះលោកមេធាវី ជួង ជួងី មាន​ប្រសាសន៍​ថា ការសម្រេច​មិន​ផ្ដល់​សិទ្ធិឲ្យ​លោក​ ធ្វើ​នយោបាយ​វិញ​នេះ ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​របស់​លោក។ លោកមេធាវី ជួង ជួងី បញ្ជាក់​ថា​ លោក​មិន​បាន​ធ្វើខុស​ច្បាប់​អ្វីនោះ​ទេ។ លោកបន្ថែម​ថា កាល​ពី​ឆ្នាំ២០១៨​នោះ​ លោក​គ្រាន់តែ​ពន្យល់​ផ្លូវ​ច្បាប់ និង​សិទ្ធិបោះឆ្នោត​របស់ពលរដ្ឋ​តែ​ប៉ុណ្ណោះ៖ «ការចោទ​ប្រកាន់​នោះ​អត់ត្រឹមត្រូវ​ទេ​ ព្រោះ​កាល​ណោះ ​ខ្ញុំពន្យល់​ប្រជាពលរដ្ឋ​ថា នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ និង​រដ្ឋធម្មនុញ្ញ គ្មាន​មាត្រាណា​ចែង​ថា ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​គ្មាន​ទោស​ទេ មិន​មែន​ខ្ញុំ​រារាំងឯ​ណា?»។

ក្រុម​អ្នកវិភាគ​លើកឡើង​ថា លោក ហ៊ុន សែន ប្រកាស​ជា​សធារណៈ មិន​ផ្ដល់​សិទ្ធិឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ធ្វើ​នយោបាយ​វិញ​នេះ បង្ហាញ​កាន់​តែ​ច្បាស់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន មិនមែន​អនុវត្ត​ច្បាប់​ជា​គោល​នោះ​ទេ។ ម្យ៉ាងទៀត​ ការរំលាយ​គណបក្ស​សង្រ្គោះជាតិ​ដោយ​ខុសច្បាប់​ ​ការ​ធ្វើ​វិសោធនកម្មច្បាប់​បោះឆ្នោត​ម្ដង​ជា​ពីរ​ដង​កន្លង​មក​នោះ កាន់តែ​លាតត្រដាង​ថា​ របប​ឯកបក្ស​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន មាន​បំណង​ក្ដោបក្ដាប់​អំណាច​តែ​ម្នាក់​ឯង​តទៅ​មុខ​ទៀត។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នកឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍ​សង្គម​លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា​ លោក ហ៊ុន សែន អាចនឹង​មិន​ផ្ដល់​សិទ្ធិឲ្យ​មន្រ្តី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ ពិសេស​អ្នក​ដែល​មាន​ឆន្ទៈពិត​ប្រាកដ ​ដែល​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​នោះ៖ «ការ​គំរាម​កំហែង​និង​ការ​ចាប់​ខ្លួន​នៅតែ​មាន​បន្ត​ ដូច្នេះ​អាច​បង្ហាញ​ថា ​គណបក្ស​កាន់​អំណាច​មិន​ទាន់មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ពី​ប្រជាពលរដ្ឋ។ ហើយ​រឿង​នេះ ជាប់​ទាក់​ទិននិង​ ការ​សុំសិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ ដែល​អាស្រ័យ​លើការ​វិវត្តនយោបាយ​នៅ​កម្ពុជា។ តែ​បើ​ការ​សុំ​សិទ្ធិនេះ​ចេញ​មក​រប៉េះរប៉ោះ ​អានោះមិ​ន​មាន​បញ្ហា​អ្វីទេ»។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​រក​គ្រប់​មធ្យោបាយ ដើម្បី​កម្ទេច​បក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧​។ ក្រុម​អ្នក​វិភាគ និង​អ្នក​តាម​ដាន​នបាយ​នៅ​កម្ពុជា​មើល​ឃើញ​ថា ​ មូលហេតុ​ចម្បង​ដែល​គណបក្ស​កាន់​អំណាច​កម្ទេច​គណបក្ស​ប្រឆាំង និង​ហាមប្រាម​មន្ត្រីជាន់​ខ្ពស់​បក្ស​ប្រឆាំង​ធ្វើ​នយោបាយ​នោះ ដោយ​សារ​លោក​ហ៊ុន សែន និងមន្ត្រីរបស់លោក​មិន​មាន​សង្ឃឹមថា នឹងទទួល​បាន​ជ័យជំនៈ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ ​ឆ្នាំ​២០១៨ ។

ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិលោក សម រង្ស៊ី បាន​ហៅការ​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ មិន​ខុស​ពី​ភូមា និង​អ៊ីតាលី​កាល​ពី​មុននោះ​ទេ។ លោកបាន​ហៅកា​រ​ដឹកនាំ​បែប​សព្វ​ថ្ងៃ​នេះ ជា​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ហ្វាស៊ីស។

ការដឹក​នាំ​បែបហ្វាស៊ីស ជាការ​គ្រប់គ្រ​ង​ប្រទេស ដោយ​មេដឹកនាំ​យោធា​ និង​កាន់​កាប់​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់។ ការអនុវត្តច្បាប់​ទៅ​តាម​មេដឹកនាំ​ផ្ដាច់​ការ​តែ​មួយ​ចង់​បាន​ គណបក្ស​គ្រប់គ្រ​ង​អំណាច​មាន​តែ​មួយ ការគ្រប់គ្រង​យ៉ាង​តឹងរឹង និងគា​ប​សង្កត់​អ្នក​សារព័ត៌មាន។ ការ​ផ្សព្វផ្សាយ​និង​បង្ខំ​ឲ្យ​ពលរដ្ឋគាំទ្រ​រដ្ឋាភិបាល​ឥត​ឈប់​ឈរ​ ការ​អនុវត្ត​ការ​តាម​ដាន​ប្រជាពលរដ្ឋ​និង​បិទ​សិទ្ធ​សេរីភាព ការហាមឃាត់​ការរិះគន់​ជា​សាធារណៈ ​កងកម្លាំ​ង​ប៉ូលីស​ឬ​យោធា​អនុវត្ត​ច្បាប់​ចាប់ចង​អ្នក​ប្រឆាំង ឬអ្នករិះគន់ តាម​អំពើ​ចិត្ត​ជាដើម។

អ្នក​វិភាគលើ​ក​ឡើង​ថា លោកហ៊ុន សែន​ នៅតែភ័យ​ខ្លាច​ឥត្ធិពល​គណបក្ស​ប្រឆាំង​ ក្រោម​រួបភាព​គណបក្ស​ថ្មីៗ ទើប​លោករា​រែក ដោយ​មិន​បើក​ចិត្តទូលាយ​ឱ្យ​សមស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ដែល​ចែង​ថា ជនជាតិខ្មែរ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការបង្កើត​គណបក្ស​នយោបាយ ​និង​ចូល​រួមធ្វើ​នយោបាយ។ អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ​ហេតុផល​របស់​លោក ហ៊ុន សែន ដែល​ចោទ​ថា អ្នកសុំ​សិទ្ធិធ្វើ​នយោបាយ​ខ្លះ​ធ្វើខុស​ច្បាប់​ទើប​លោ​កបដិសេធ មិន​ឱ្យ​ធ្វើ​នយោបាយ​ឡើងវិញនោះ គឺគ្រាន់​តែជា​លេសខុសច្បាប់របស់លោក​ហ៊ុន សែន និង​គ្រាន់​តែ​ជា​ការ​បិទ​បាំង​ការ​ភ័យខ្លាច​កម្លាំង​ប្រជាធិបតេយ្យ​រួមគ្នា​តែ​ប៉ុណ្ណោះ៕

2 comments:

Anonymous said...

Kpeum Mouk Nass Ah Roleuy Hun Sen Euy !!

Mech Kor Kror Ngorp Maless Ah Chos Kauot Niss ?

Anonymous said...

Well maybe now the chicken Khmers will fight like Myanmar instead of accepting oppression. The end will come for Hun Sen or to the Khmer people. Same with Myanmar. It either the the Junta or the people of Myanmar. You decide. Cambodia will be no more because of puppet Hun Sen.