ដោយ រដ្ឋា វិសាល
2015-11-10 rfa
២៩-មីនា-២០១៤៖ សកម្មភាពក្រុមហ៊ុន៧២ របស់វៀតណាម អារដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ ក្នុងខេត្តរតនគិរី ដោយសំអាងថា ព្រៃនោះរដ្ឋបានផ្ដល់មកក្រុមហ៊ុនសម្បទាន ម៉ែន សារុន។
រូបថតសហគមន៍ ឃុំប៉ក់ញ៉ៃ
|
ឈើមូល និងឈើអារជ្រុងរាប់រយដើមត្រូវបានជនជាតិវៀតណាម មួយក្រុមចូលមកអាររំលំ ហើយដឹកជញ្ជូនឆ្លងដែនចូលទៅប្រទេសវៀតណាម ខណៈសហគមន៍រាយការណ៍ថា អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍ខ្លះជាអ្នកឃុបឃិតយកប្រាក់ពីក្រុមអ្នកអារឈើទាំងនោះ។ ចំណែកមន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើអំពាវនាវសុំឲ្យសមត្ថកិច្ចជំនាញចាត់វិធានការបង្ក្រាបករណីនេះជាបន្ទាន់។
រូបថតប្រមាណ ២០សន្លឹកបង្ហាញពីឈើមូល និងឈើជ្រុង ត្រូវបានជនជាតិវៀតណាម កាប់ដឹកជញ្ជូនដោយប្រើពោងពោះវៀនកង់ឡានធំៗចងផ្អោបបណ្ដែតឆ្លងទន្លេពីទឹកដីខ្មែរឆ្លងចូលទៅទឹកដីវៀតណាម នៅចន្លោះប៉ុស្តិ៍ការពារព្រំដែនផាតាម និងផាសាវ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
សហគមន៍មួយក្រុមបានធ្វើដំណើរមកការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីបង្ហាញរូបថតពីសកម្មភាពលួចកាប់ឈើក្នុងដីខ្មែររបស់ជនជាតិវៀតណាម ដែលសហគមន៍ដើរល្បាត ហើយប្រទះឃើញនិងថតរូបដើម្បីជាសំអាងសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់។ តាមការប៉ាន់ប្រមាណ ឈើមូលរាប់រយដើមត្រូវបានជនជាតិវៀតណាម កាប់ពីព្រៃក្នុងដីខ្មែរនៅចំណុចអូរផាក់ និងភ្នំពោធ ភាគខាងកើតប៉ុស្តិ៍ការពារព្រំដែនខ្មែរផាតាម៖ «ឥឡូវក៏គេនៅអារដែរ ទាំងថ្ងៃទាំងយប់។ គេអូសទម្លាក់ទឹកហើយគេដាក់ពោះវៀនឡាន។ មុខ ៨តឹក មួយម៉ែត្រក៏មាន។ ដើមត្រាចតាមដងទន្លេប្រវែង ១០ម៉ែត្រជាង សុក្រំ គេអារជាជ្រុងៗ បើត្រាចគេដឹកទាំងមូល។វៀតណាមនៅត្រើយម្ខាងស្ងាត់ៗគេចូលកាប់»។
ចាប់ពីខែកក្កដា រហូតមក សហគមន៍ភូមិតាំងលោម បានចុះល្បាតព្រៃនិងប្រទះឃើញជនជាតិវៀតណាម ជាក្រុមៗបានឆ្លងដែនចូលមកកាប់ឈើក្នុងដីខ្មែរចំនួនបីលើក និងដោយឡែកសហគមន៍បានរកឃើញក្រុមឈ្មួញវៀតណាម និងសម្ភារៈកាត់ឈើ រួមទាំងគ្រឿងយន្តដឹកជញ្ជូនឈើចូលមកស្នាក់នៅក្នុងភូមិតាមរយៈមន្ត្រីមូលដ្ឋាន ហើយចូលព្រៃអារឈើនៅវេលាយប់ដឹកជញ្ជូនទៅប្រទេសវៀតណាម។
ទាក់ទិនសេចក្ដីរាយការណ៍នេះ នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក វង សុកសិរី បញ្ជាក់ថា មន្ត្រីលោកបានចុះទៅកាន់តំបន់នោះ ក៏ប៉ុន្តែរកមិនឃើញមានបទល្មើសព្រៃឈើនោះទេ។ យ៉ាងនេះក្តីលោកអះអាងថា នឹងចាត់មន្ត្រីចុះស្រាវជ្រាវករណីនេះជាថ្មីទៀត៖ «ទន្លេហ្នឹងជាព្រំប្រទល់ណា! ទេ! ខ្ញុំឲ្យពួកហ្នឹងចុះទៅមើលថា អត់មានទេ។ ឥឡូវអត់ស្អីទេ ចាំខ្ញុំឲ្យពួកហ្នឹងទៅមើលម្ដងទៀត»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក លោក ឆាយ ធី ថ្លែងបញ្ជាក់ថា លោកនឹងអន្តរាគមន៍ពាក្យប្ដឹង និងរូបថតទៅស្ថាប័នពាក់ព័ន្ធអាជ្ញាធរខេត្តដើម្បីចាត់វិធានការតាមច្បាប់។
លោកថា នេះមិនមែនជារឿងថ្មីដែលជនជាតិវៀតណាម ចូលកាប់ឈើខ្មែរនោះទេ ពីព្រោះលោកបានធ្វើលិខិតអន្តរាគមន៍ជាច្រើនទាក់ទិនឈ្មួញវៀតណាម ដឹកគ្រឿងសម្ភារៈចូលកាប់ឈើក្នុងដីខ្មែរនៅតំបន់ព្រំដែនស្រុកអណ្ដូងមាស នោះ៖ «ដោយសារលើកនេះខាងភាគីវៀតណាម គេមកទំនាក់ទំនងផ្ទាល់ជាមួយអាជ្ញាធរភូមិ ក្នុងនោះមានអាជ្ញាធរភូមិ និងមេសន្តិសុខភូមិ ដែលផ្ដល់ការអនុញ្ញាតឲ្យវៀតណាម កាប់ឈើក្នុងព្រៃសហគមន៍ខ្លួន។ អ៊ីចឹងហើយបានជាសហគមន៍គាត់បារម្ភពីការបាត់បង់ព្រៃនៅតំបន់ព្រំដែន»។
សហគមន៍ដែលបានឃើញហេតុការណ៍ឲ្យដឹងថា ជនជាតិវៀតណាម បានមកបោះជំរំនៅត្រើយម្ខាងទន្លេជាខ្សែបន្ទាត់ព្រំដែនក្នុងទឹកដីវៀតណាម ហើយពួកគេឆ្លងទន្លេមកដីខ្មែរកាប់ឈើទាំងពេលថ្ងៃ និងយប់។ ក្រុមអ្នកកាប់ឈើក៏បានបង់ប្រាក់ ៣ពាន់ដុល្លារទៅឲ្យប្រធានភូមិ និងប្រជាការពារភូមិដើម្បីអនុញ្ញាតឲ្យពួកគេកាប់ឈើ និងលាក់បាំងព័ត៌មាននេះ៕
No comments:
Post a Comment