បទវិភាគ៖ ទំនាក់ទំនងការបរទេសកម្ពុជា-រុស្ស៊ីក្នុងបរិបទនយោបាយតំបន់
ដោយ ឯក សិរី
2015-11-09 rfa
2015-11-09 rfa
ក្នុងពេល បច្ចុប្បន្ន មហាអំណាចរុស្ស៊ី កំពុងបង្កើនសកម្មភាពយ៉ាងសកម្មក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយឡែកទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហព័ន្ធរុស្ស៊ី ហាក់មានការអភិវឌ្ឍតិចតួចប៉ុណ្ណោះក្នុងពេលបច្ចុប្បន្ន ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ធ្លាប់មានភាពស្អិតល្មួតក្នុងទសវត្សទី៨០។
តើកត្តា អ្វីខ្លះ ជារបាំងក្នុងការពង្រីកចំណងទាក់ទងឲ្យកាន់តែជិតស្និទ្ធរវាង កម្ពុជា-រុស្ស៊ី ក្នុងបរិបទនយោបាយក្នុងតំបន់នៅពេលបច្ចុប្បន្ន?
ប្រទេស រុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៨ របស់អាស៊ាន។ នៅឆ្នាំ២០១៤ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងរុស្ស៊ី បានកើនឡើងរហូតដល់ ២២,៥ប៊ីលានដុល្លារ ដែលនៅឆ្នាំ២០១៣ មានទំហំទឹកប្រាក់ត្រឹម ១៩,៩ប៊ីលានដុល្លារប៉ុណ្ណោះ។ ការពង្រីកទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសជាមួយប្រទេសសមាជិកអាស៊ាន ក្នុងបរិបទនយោបាយពិភពលោកបច្ចុប្បន្ន មានសារសំខាន់បំផុតសម្រាប់ប្រទេសរុស្ស៊ី។ ស្របពេលដែលប្រទេសមហាអំណាចមួយនេះ កំពុងទទួលរងនូវការដាក់សម្ពាធសេដ្ឋកិច្ច និងការដាក់ឲ្យនៅដាច់ដោយឡែកពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បន្ទាប់ពីការភ្ជាប់ឧបទ្វីបគ្រីមៀរ (Crimea) មកក្នុងឧបសម្ពន្ធរុស្ស៊ី កាលពីឆ្នាំ២០១៤ និងការលូកដៃចូលយ៉ាងជ្រៅក្នុងវិបត្តិនៅមជ្ឈិមបូព៌ា។
ដោយឡែក ទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី ហាក់មានការអភិវឌ្ឍតិចតួចប៉ុណ្ណោះ ក្រោយការធ្វើប៉េរេស្រ្តយកា (Perestroika) និងការដួលរលំនៃអតីតមហាអំណាចកុម្មុយនិស្តមួយនេះ។ ស្របពេលដែលនៅកម្ពុជា ក៏មានការវិវឌ្ឍនយោបាយយ៉ាងច្រើនផងដែរ ពោលគឺការចរចាឈានបញ្ចប់ជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ និងការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៣ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ដែលជាលទ្ធផលកម្ពុជា បានផ្លាស់ប្ដូរមកប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្សរហូតដល់ សព្វថ្ងៃ។
ប្រវត្តិទំនាក់ទំនងការទូតរវាងកម្ពុជា និងអតីតសហភាពសូវៀត ចាប់ផ្ដើមដំបូងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងអគ្គលេខាបក្សសូវៀត លោក នីគីតា គ្រូឆេវ (Nikita Khrushchev) ប៉ុន្តែទំនាក់ទំនងនេះ ត្រូវបានកាត់ផ្ដាច់នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥។ ក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ នៅឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងកម្ពុជា និងអតីតសហភាពសូវៀត ត្រូវបានស្ដារឡើងវិញ ហើយមានភាពស្អិតល្មួតជាងពេលណាៗទាំងអស់ក្នុងប្រវត្តិទំនាក់ទំនង រវាងប្រទេសទាំងពីរ រហូតដល់ឆ្នាំ១៩៩១។
ក្នុងពេល បច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី មានទំហំទឹកប្រាក់ចំនួន ១៣២,៧លានដុល្លារអាមេរិកនៅឆ្នាំ២០១៤ ខណៈឆ្នាំ២០០៦ មានត្រឹមតែ ១០,៨លានដុល្លារ។ រុស្ស៊ី នាំចេញផលិតផលមកកាន់កម្ពុជា មានដូចជា គ្រឿងឧបភោគបរិភោគ ផលិតផលកសិកម្ម ថ្នាំគីមី និងគ្រឿងចក្រ ដែលមានទំហំទឹកប្រាក់សរុប ៣,៨លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកឯការនាំចេញរបស់កម្ពុជា ទៅកាន់រុស្ស៊ី មានដូចជា សម្លៀកបំពាក់ អង្ករ កសិផល និងវាយនភណ្ឌ មានទំហំទឹកប្រាក់សរុប ១២៩លានដុល្លារអាមេរិក។ ប្រទេសទាំងពីរនៅមានសក្ដានុពលសម្រាប់ការពង្រីកកិច្ច សហប្រតិបត្តិការក្នុងវិស័យជាច្រើនទៀត ដូចជា ថាមពល រ៉ែ កសិកម្ម អាកាសចរណ៍ស៊ីវិល គមនាគមន៍ និងទេសចរណ៍។
ក្នុងវិស័យ អប់រំសិក្សាធិការ មាននិស្សិត និងអ្នកជំនាញកម្ពុជា ជាង ៨.០០០នាក់ បានទៅសិក្សានៅសហព័ន្ធរុស្ស៊ី និងអតីតសហភាពសូវៀត ហើយអតីតនិស្សិតទាំងនោះមួយចំនួន កំពុងបម្រើការក្នុងជួររដ្ឋាភិបាល និងស្ថាប័នឯកជននានា។
ក្នុងវិស័យនយោបាយ យុទ្ធសាស្ត្រ និងការទូត ប្រទេសទាំងពីរស្ថិតនៅក្នុងកម្រិតកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលមានស្រាប់តែប៉ុណ្ណោះ ពោលគឺកម្ពុជា-រុស្ស៊ី មិនមែនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដូចទំនាក់ទំនងរវាងកម្ពុជា និងចិន ឬស្អិតល្មួតដូចទំនាក់ទំនងរុស្ស៊ី-វៀតណាម នោះឡើយ។
គេ សង្កេតឃើញមានរបាំងមួយចំនួន ដែលធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ក្នុងពេលបច្ចុប្បន្ន មិនមានភាពស្អិតល្មួតដូចកាលពីសម័យទសវត្សទី៨០។ របាំងទាំងនោះមានជាអាទិ៍ របាំងទី១ គឺការធ្លាក់ចុះជំនួយសេដ្ឋកិច្ច និងភាពអសកម្មក្នុងការលើកស្ទួយឥទ្ធិពលរុស្ស៊ី នៅកម្ពុជា។ ក្រោយការដួលរលំសហភាពសូវៀត និងមុនការចូលកាន់តំណែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) នៅឆ្នាំ២០០០ រុស្ស៊ី ផ្ដោតសំខាន់តែលើបញ្ហានយោបាយក្នុងប្រទេសប៉ុណ្ណោះ ជាជាងការពង្រីកឥទ្ធិពលខ្លួននៅក្នុងឆាកអន្តរជាតិ។ ចំណែកក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីការលូកដៃចូលយ៉ាងជ្រៅក្នុងវិបត្តិនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា រួមទាំងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកខាងលិច បានធ្វើឲ្យសេដ្ឋកិច្ចមហាអំណាចពិភពលោកមួយនេះ ហាក់រង្គោះរង្គើ ហើយស្ថិតក្នុងដំណាក់កាលត្បិតត្បៀតថវិការដ្ឋ ជាពិសេសការកាត់បន្ថយជំនួយអន្តរជាតិដល់ប្រទេសក្រីក្រ ដូចជា កម្ពុជា ជាដើម។ ក្នុងទិដ្ឋភាពនេះហើយ ដែលជំនួយរុស្ស៊ី នៅកម្ពុជា មានការធ្លាក់ចុះ ជាឱកាសល្អសម្រាប់មហាយក្សចិន អន្ទងកម្ពុជា ដោយប្រើជំនួយគ្មានសំណង និងគ្មានលក្ខខណ្ឌ ឬជំនួយការប្រាក់តិច។
បន្ថែម លើនេះទៅទៀត ការពុំមានតុល្យភាពនៅក្នុងនយោបាយការបរទេសរបស់កម្ពុជា គឺជារបាំងដែលធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី មិនមានភាពស្អិតល្មួតដូចកាលពីសម័យទសវត្សទី៨០។
ការ ខិតជិតទៅរកប្រទេសចិន កម្ពុជា ទទួលផលប្រយោជន៍យ៉ាងច្រើននៅក្នុងន័យនយោបាយ យុទ្ធសាស្ត្រ និងជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ យ៉ាងណាមិញ ការហុចដៃទៅរកមហាអំណាចចិន ខ្លាំងពេក ធ្វើឲ្យខាតបង់ក្នុងទំនាក់ទំនងការទូតជាមួយមហាអំណាចពិភពលោកផ្សេង ទៀត តួយ៉ាងជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិក ជាដើម។ ការប្រកាន់នយោបាយការបរទេសពហុវ៉ិចទ័រ ដោយមិនផ្ដេកផ្ដួលពេកតែលើមហាអំណាចតែមួយ ពោលគឺការធ្វើឲ្យមានតុល្យភាពក្នុងកិច្ចការបរទេស នឹងអាចជួយកម្ពុជា ពង្រីកនូវលំហសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាមួយនឹងប្រទេសជាមិត្តផ្សេងទៀត។
បញ្ហាបំណុល ក៏ជារបាំងមួយផងដែរក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ មកដល់ពេលនេះ កម្ពុជា មិនទាន់បានសងបំណុលដែលបានជំពាក់រុស្ស៊ី នៅក្នុងសម័យសង្គ្រាមនៅឡើយ។ បំណុលនោះមានទំហំទឹកប្រាក់សរុបប្រមាណ ១.៥០០លានដុល្លារ ហើយ ៧០% នៃប្រាក់បំណុលនេះ ត្រូវបានលុបចោលដោយភាគីរុស្ស៊ី។ ដូចនេះ កម្ពុជា ត្រូវសងត្រឹមតែ ៣០% ដែលមានតម្លៃទឹកប្រាក់ប្រមាណ ៤៥០លានដុល្លារ។ ភាគច្រើននៃបំណុលនេះ ត្រូវបានខ្ចីដោយរដ្ឋាភិបាលកម្ពុជា ក្នុងទសវត្សទី៨០ និងបានប្រើប្រាស់ក្នុងការទិញគ្រឿងសព្វាវុធ ដើម្បីធ្វើសង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរតែប៉ុណ្ណោះ។
របាំង មួយទៀត គឺការពុំទាន់មានការហោះហើរដោយត្រង់មកភ្នំពេញ-មូស្គូ ឬភ្នំពេញ-សាំងពីទើរស្ប៊ួក។ សព្វថ្ងៃ កម្ពុជា និងរុស្ស៊ី ពុំទាន់មានការហោះហើរដោយត្រង់ឡើយ។ ទាំងអ្នកទេសចរក្តី ទាំងអ្នកដំណើរក្តី ត្រូវជ្រើសរើសការធ្វើដំណើរតាមរយៈប្រទេសថៃ វៀតណាម ឬសិង្ហបុរី ជាដើម។ ការពុំមានជើងហោះហើរត្រង់នេះ គឺជាឧបសគ្គដែលធ្វើឲ្យលំហូរអ្នកទេសចររុស្ស៊ី មកកម្ពុជា នៅមានចំនួនតិច ហើយត្រូវពឹងតែលើប្រទេសជិតខាង គឺវៀតណាម និងថៃ។
លើស ពីនេះទៅទៀត ប្រសិទ្ធភាព និងបរិមាណមន្ត្រីការទូត ក៏ជាចំណុចសំខាន់មួយផងដែរ។ ក្នុងពេលបច្ចុប្បន្ន ស្ថានអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី មានមន្ត្រីការទូតផ្លូវការចំនួន ៥រូបប៉ុណ្ណោះ ក្នុងនោះ មន្ត្រីការទូតមួយចំនួនមិនចេះភាសារុស្ស៊ី និងខ្វះខាតចំណេះដឹងមូលដ្ឋានអំពីប្រទេសរុស្ស៊ី។ ភាពខ្វះចន្លោះនេះ ពិតជាអាចជះឥទ្ធិពលដល់ប្រសិទ្ធភាព ក្នុងការបំពេញការងារនៅក្នុងប្រទេសដែលមិនប្រើប្រាស់ភាសាអង់គ្លេស មួយនេះ។
យ៉ាងណាមិញ គេរំពឹងថា ក្នុងករណីមិនមានការប្រែប្រួលវត្តមានរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេឌវេដេវ (Dmitry Medvedev) នៅកម្ពុជា ក្នុងពេលខាងមុខ នឹងក្លាយជាការត្រួសត្រាយផ្លូវមួយយ៉ាងសំខាន់ ក្នុងការពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែស្អិតល្មួតថែមទៀត៕
No comments:
Post a Comment