Tuesday, 18 October 2016

ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា​គ្រោង​ប្ដឹង​លោក ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង


ដោយ ស៊ុន ហេង
2016-10-17

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង។ RFA/Brach Chev
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង។ RFA/Brach Chev
 RFA/Brach Chev



ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​រៀប​គម្រោង​ប្ដឹង​លោក កឹម សុខា និង​លោក អេង ឆៃអ៊ាង ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទ្រព្យ​សម្បត្តិ ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ តុលា ថា ស្ថាប័ន​របស់​លោក​គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ដូច​គ្នា​នេះ ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​ប្រធាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្ទាល់ គឺ​លោក ឱម យ៉ិនទៀង ទៀត​ផង។

ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម អះអាង​ថា ស្ថាប័ន​លោក​គ្រោង​ប្ដឹង​មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​កាន់​អំណាច ឲ្យ​បើក​បង្ហាញ​កញ្ចប់​ថវិកា​របស់​ពួក​គេ​ដាក់​ឲ្យ​ស៊ើប​អង្កេត ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ។



ក្រោយ​ជំនួប​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​សមាគម នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ តុលា លោក រស់ សារ៉ុម ដែល​ជា​ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា មាន​ប្រសាសន៍​ថា ស្ថាប័ន​លោក​នឹង​យក​ពាក្យ​បណ្ដឹង​ប្ដឹង​លោក កឹម សុខា និង​លោក អេង ឆៃអ៊ាង ទៅ​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រោយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​បញ្ចប់​ជា​ស្ថាពរ ដោយ​លើក​មូលហេតុ​ថា ស្ថាប័ន​លោក​ជាប់​រវល់​រៀបចំ​ដង្ហែ​ញត្តិ​នៅ​ថ្ងៃ​ទី​២៣ តុលា ខាង​មុខ និង​លោក​ចង់​ទុក​ពេល​ឲ្យ​ប្រជាជន​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ស្រួល គ្មាន​ការ​ប៉ះពាល់​អារម្មណ៍៖ «យើង​ចង់​ឃើញ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ បេក្ខជន​តំណាង​រាស្ត្រ​ទាំងអស់​ពី​គ្រប់​គណបក្ស មុន​នឹង​ឈរ​ឈ្មោះ ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​សិន»។

នៅ​ពេល​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ចោទ​សួរ​ពី​សមាសភាព​មន្ត្រី​បក្ស​កាន់​អំណាច​ដែល​ខាង​សមាគម​គ្រោង​នឹង​ប្ដឹង​ដែរ លោក រស់ សារ៉ុម បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ​បន្តិច មុន​នឹង​លោក​បញ្ចេញ​អត្តសញ្ញាណ​ថា លោក​នឹង​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ផង​នោះ៖ «អ្នក​ទាំង​ពីរ​ហ្នឹង ខ្ញុំ​មិន​ចង់​ចុច​ឈ្មោះ​ទេ តែ​ជា​ថ្នាក់​ដឹកនាំ​កំពូល​តែ​ម្តង។ កំពូល​របស់​រដ្ឋាភិបាល និង​កំពូល​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ កាល​ពី​ថ្ងៃ​ទី​១៥ ថា ខាង​សមាគម​របស់​លោក រស់ សារ៉ុម គួរ​ផ្ដោត​ខ្លាំង​ទៅ​មន្ត្រី​ជួរ​រដ្ឋាភិបាល ដែល​ភាគច្រើន​មាន​ទ្រព្យ​ស្តុកស្តម្ភ។ ក្រោយ​ពី​បាន​ឮ​ថា​ខាង​សមាគម​លោក រស់ សារ៉ុម គ្រោង​ដាក់​បណ្ដឹង​ដូច​គ្នា​ប្ដឹង​មន្ត្រី​កាន់​អំណាច ឲ្យ​បើក​កញ្ចប់​ថវិកា ឬ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នេះ លោក សន ជ័យ ថា​វា​ជា​រឿង​គួរ​ឲ្យ​សាទរ៖ «យើង​សាទរ​នៅ​ពេល​ដែល​ឮ​ថា​មាន​ខាង​សង្គម​ស៊ីវិល​ធ្វើ​រឿង​ប្រឆាំង​អំពើ​ពុក​រលួយ។ ការ​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​អ្នក​មាន​អំណាច​ក្តី អ្នក​មាន​អំណាច​តិច​ក្តី។ តែ​យើង​នៅ​តែ​ទាមទារ​ឲ្យ​ពួក​គេ​ពិនិត្យ​មើល​ទៅ​លើ​ព័ត៌មាន ឬ​ការ​រក​ឃើញ​នានា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សិន»។

លោក រស់ សារ៉ុម ធ្លាប់​បាន​ប្ដឹង​មន្ត្រី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ ប៉ុន្តែ​ត្រូវ​បាន​អង្គភាព​មិន​ចាត់ការ​បណ្ដឹង​នេះ ដោយសារ​ខ្វះ​ភស្តុតាង។ លោក រស់ សារ៉ុម បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ទៅ គ.ជ.ប កាល​ពី​ខែ​មិថុនា កន្លង​ទៅ។

ចំពោះ​ករណី​គណបក្ស​សង្គ្រោះ​ជាតិ វិញ គម្រោង​ប្ដឹង​នេះ​កើត​ឡើង​ដោយសារ​លោក រស់ សារ៉ុម ថា​ទ្រព្យ​សម្បត្តិ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​មាន​ការ​កើន​ឡើង​ខ្លាំង ដូចជា​ចម្ការ​ម្រេច​របស់​លោក កឹម សុខា និង​វីឡា​របស់​លោក អេង ឆៃអ៊ាង នៅ​បុរី​សែនសុខ រាជធានី​ភ្នំពេញ ដែល​ទើប​តែ​ទិញ​ថ្មីៗ។

លោក រស់ សារ៉ុម ថា​លោក​មិន​ទាន់​អាច​ចែក​រំលែក​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គម្រោង​ប្ដឹង​លោក ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ថា​នៅ​ពេល​ណា​នោះ​ទេ តែ​លោក​ឲ្យ​ដឹង​ថា ស្ថាប័ន​លោក​កំពុង​ប្រមូល​ភស្តុតាង ហើយ​កាលបរិច្ឆេទ​នៃ​ការ​ប្ដឹង គឺ​កៀក​គ្នា​នឹង​ករណី​គណបក្ស​សង្គ្រោះ​ជាតិ ដែរ៕

No comments: