ដោយ ទីន ហ្សាការីយ៉ា
2017-01-19
(ពីឆ្វេង) អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និងលោក ណៃ វ៉ង់ដា ពេលបញ្ជូនមកសាលាឧទ្ធរណ៍ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
វាសនារបស់សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី មន្ត្រីបក្សប្រឆាំង រួមទាំងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) កំពុងជាប់ឃុំ ដែលគេចាត់ទុកថាជាអ្នកទោសនយោបាយនោះ ត្រូវបានគេមើលឃើញថា ស្ថិតនៅក្នុងភាពស្រពិចស្រពិលក្នុងការដោះលែងឲ្យនៅក្រៅឃុំវិញ។
មន្ត្រីអង្គការសង្គមស៊ីវិល អំពាវនាវឲ្យប្រទេសម្ចាស់ជំនួយ អន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យដោះលែងអ្នកទាំងនោះវិញ និងធានាថា ការបោះឆ្នោតនៅពេលខាងមុខគ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែង។
ភាពមិនចុះសម្រុងនឹងគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ គឺជះឥទ្ធិពលអាក្រក់ដល់សកម្មជនដីធ្លី សកម្មជនបក្សប្រឆាំង មន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកំពុងជាប់ឃុំនោះ។
មន្ត្រីអង្គការសង្គមស៊ីវិល អះអាងថា ពួកគេមិនបោះបង់ចោលការទាមទារឲ្យដោះលែងអ្នកទាំងនេះវិញទេ តាមរយៈមធ្យោបាយផ្សេងៗដូចជា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងការសុំអន្តរាគមន៍ពីប្រទេសម្ចាស់ជំនួយរបស់កម្ពុជា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល ឬក្រសួងយុត្តិធម៌ ឲ្យដោះលែងអ្នកជាប់ឃុំទាំងអស់វិញ ដោយសារតែរឿងនយោបាយ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីឆ្នាំ២០១៥។ Photo: RFA
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា អំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីសុំឲ្យរដ្ឋាភិបាលធានាឲ្យបាននូវយុត្តិធម៌សង្គម ពិសេសដោះលែងអ្នកដែលជាប់ឃុំ មានសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបក្សប្រឆាំង និងការស្វែងរកឃាតកពិតបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ លោក មឿន តុលា បន្ថែមថា តួនាទីរបស់ប្រទេសជាម្ចាស់ជំនួយសំខាន់ណាស់ក្នុងការតម្រែតម្រង់រដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឲ្យមានការរៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌៖ «»។
ការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងនៅក្រោយពេលគណបក្សប្រជាជនកម្ពុជា បានកំណត់ថ្ងៃជួបចរចាគ្នាជាមួយគណបក្សប្រឆាំងនៅថ្ងៃទី២៥ មករា តែត្រូវបានលើកពេលវិញគ្មានពេលកំណត់។ នៅក្នុងការចរចានេះ ទោះបីជាគណបក្សសង្គ្រោះជាតិ បានដាក់របៀបវារៈអំពីបរិយាកាសល្អនៅពេលបោះឆ្នោតក្ដី ប៉ុន្តែគោលបំណងសំខាន់របស់គណបក្សប្រឆាំង ក៏នឹងនិយាយអំពីការដោះលែងសកម្មជនរបស់ខ្លួន និងមន្ត្រីសិទ្ធិមនុស្សកំពុងជាប់ឃុំនោះដែរ។
ជាការកត់សម្គាល់ ឃើញថា ការដោះលែង និងការចាប់ចង អាស្រ័យលើស្ថានភាពនយោបាយរវាងគណបក្សជាប់ឆ្នោតទាំងពីរល្អ ឬអាក្រក់ ដូចជាករណីលោកមេឃុំ ស៊ាង ចែត និងលោក កឹម សុខា ជាឧទាហរណ៍ស្រាប់។
ស៊ាង ចែត ២០១៦ ៨៥៥មេឃុំគណបក្សប្រឆាំងលោក ស៊ាង ចែត (រូបកណ្ដាលលើកដៃ) ពេលចេញពីពន្ធនាគារព្រៃស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។ RFA/Cheu Sideth RFA/Cheu Sideth
ទាក់ទងនឹងបញ្ហានេះ ត្រូវបានអ្នកវិភាគមើលឃើញថា សកម្មជនគណបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្សកំពុងជាប់ឃុំនោះជាចំណាប់ខ្មាំងនយោបាយ ដោយហេតុថា តុលាការគ្មានឯករាជភាពពេញលេញក្នុងការអនុវត្តការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះទេ។
មាត្រា១២៨ថ្មីនៃរដ្ឋធម្មនុញ្ញ ចែងថា អំណាចតុលាការជាអំណាចឯករាជ្យ។ អំណាចតុលាការធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង។ អំណាចនេះត្រូវប្រគល់ឲ្យតុលាការកំពូល និងសាលាជម្រះក្ដីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។
លោក មឿន តុលា បន្ថែមថា សំណុំរឿងខ្លះ តុលាការមិនបានអនុវត្តដូចអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនេះទេ តុលាការអនុវត្តមានស្តង់ដារពីរ និងស្ថិតនៅក្រោមសម្ពាធអ្នកនយោបាយ៖ «»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ឆ្លើយតបថា តុលាការអនុវត្តសំណុំរឿងនីមួយៗ គឺឈរលើគោលការណ៍ច្បាប់ និងឯកភាពរបស់ខ្លួនពេញលេញ៖ «»។
ទោះបីជាមានការអះអាងយ៉ាងនេះក្ដី អ្វីដែលអង្គការសង្គមស៊ីវិលកត់សម្គាល់នោះ គឺការអនុវត្តរបស់តុលាការនោះ គឺមិនបានផ្ដល់ភាពយុត្តិធម៌ជូនរងគ្រោះ ឬមិនស្មើភាពគ្នានោះឡើយ ពោលគឺសំណុំរឿងសកម្មជនគណបក្សប្រឆាំង និងសំណុំរឿងក្រុមអង្គរក្សបានប្រើអំពើហិង្សាវាយតំណាងរាស្ត្របក្សប្រឆាំងស្ទើរស្លាប់ស្ទើររស់ ហើយតុលាការផ្ដន្ទាទោសរយៈពេលខ្លី និងត្រូវបានដំឡើងឋានន្តរស័ក្ដិថែមទៀត។ ដោយឡែកសកម្មជនគណបក្សប្រឆាំងវិញ ត្រូវបានតុលាការផ្ដន្ទាទោសពី ៧ឆ្នាំទៅ ២០ឆ្នាំក្នុងសំណុំរឿងពួកគេចូលរួមបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ នៅក្បែរស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នោះ។
នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ដើម្បីឲ្យតុលាការនៅកម្ពុជា ឯករាជ្យនោះ លុះត្រាណាព្រះរាជអាជ្ញា ចៅក្រមមួយចំនួនលាលែងពីគណបក្សកាន់អំណាច ដូចដែលថ្នាក់ដឹកនាំ គ.ជ.ប ថ្មី បានលាលែងពីបក្សរបស់ខ្លួនមុនចូលកាន់តំណែងថ្មីនៅ គ.ជ.ប នោះ៖ «»។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី៣១ មីនា ២០១៥។ RFA/Morm Moniroth RFA/Morm Moniroth
លោក គល់ បញ្ញា បញ្ជាក់ថា ដើម្បីឲ្យការប្រកួតប្រជែងបោះឆ្នោតដោយមានតម្លាភាព សេរី ត្រឹមត្រូវនោះ រដ្ឋាភិបាលត្រូវតែដោះលែងអ្នកទោសនយោបាយដូចដែលកម្ពុជា ធ្លាប់បានអនុវត្តកាលពីមុនបោះឆ្នោតកាលពីអាណត្តិទី១ ឆ្នាំ១៩៩៣ នោះ។ លោកបន្ថែមថា ការដោះលែងអ្នកទោសនយោបាយនេះ គឺបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «»។
មាត្រា២១ នៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយរួមមួយនៃជម្លោះកម្ពុជា គឺត្រូវដោះលែងឈ្លើយសឹក និងជនស៊ីវិលជាប់ឃុំទាំងអស់ ត្រូវសម្រេចឡើងក្នុងពេលដ៏ឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលមិនត្រូវដើរថយក្រោយចំពោះករណីចាប់ខ្លួនសកម្មជនបក្សប្រឆាំង សកម្មជនដីធ្លី និងសកម្មជនសិទ្ធិមនុស្សនៅមុនពេលបោះឆ្នោតទេ ព្រោះថាការធ្វើដូច្នេះជាការគំរាមកំហែង គាបសង្កត់ នឹងធ្វើឲ្យប៉ះពាល់ដល់បរិយាកាសបោះឆ្នោត ដែលនឹងមិនធ្វើឲ្យការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
អ្នកវិភាគលើកឡើងថា បើសិនជាពុំមានការដោះលែងអ្នកទោសនយោបាយឲ្យបានមុនពេលបោះឆ្នោតទេ ជម្រើសមានតែមួយគត់ គឺជាការផ្លាស់ប្ដូររបៀបដឹកនាំរបស់រដ្ឋាភិបាល ទើបធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានយុត្តិធម៌ដោយស្មើភាពគ្នានៅចំពោះមុខច្បាប់។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បញ្ជាក់ថា អ្នកទោសនយោបាយនៅកម្ពុជា មានចំនួន ២៦នាក់កំពុងជាប់ពន្ធនាគារ ក្នុងចំណោមអ្នកទាំងនោះរួមមាន អ្នកធ្វើការផ្នែកបរិស្ថាន ព្រះសង្ឃ សមាជិករដ្ឋសភា ព្រឹទ្ធសភា និស្សិត និងអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ជាដើម៕
No comments:
Post a Comment