ដោយ យ៉ង ចាន់តារា
2017-01-20
ផ្ទាំងបដាបណ្ឌិត កែម ឡី ដែលក្រុមយុវជនសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ យកទៅដាក់នៅមុខគេហដ្ឋានរបស់បណ្ឌិត កែម ឡី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបថតនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ RFA/Uon Chhin
RFA/Uon Chhin
ក្រុមយុវជនសម្ព័ន្ធ និស្សិតបញ្ញវន្តខ្មែរ ដែលទទួលបានការបណ្ដុះបណ្ដាលពីបណ្ឌិត កែម ឡី គ្រោងនឹងធ្វើផ្ទាំងបដាធំៗ ដាក់រូបបណ្ឌិត កែម ឡី អមដោយពាក្យបណ្ដាំរបស់លោក យកទៅដាក់តាមទីសាធារណៈ និងផ្ទះពលរដ្ឋនៅគ្រប់ខេត្តក្រុងទូទាំងប្រទេស។ ពួកគេសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងគាំទ្រសកម្មភាពនេះ។
អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលប្រជាពលរដ្ឋខ្មែរខានបានលឺសំឡេង និងការវិភាគរបស់បណ្ឌិត កែម ឡី ដោយសារឃាតកបានឆក់យកជីវិតរបស់លោកទាំងកណ្ដាលថ្ងៃ នៅក្នុងស្តារម៉ាត ក្បែរស្តុបបូកគោ ក្រុងភ្នំពេញ។
ក្រោយឃាតកម្ម ក្រុមយុវជនដែលលោកធ្លាប់បណ្ដុះបណ្ដាល បាននាំគ្នាចងក្រងបទវិភាគ និងទស្សនៈរបស់លោក ជាសៀវភៅជាច្រើនក្បាល។ ពេលនេះពួកគេបានដុះគំនិតថ្មីមួយទៀត គឺការធ្វើបដាធំៗដាក់រូបបណ្ឌិត កែម ឡី និងពាក្យបណ្ដាំរបស់លោក ដើម្បីយកទៅដាក់តាំងនៅតាមផ្ទះពលរដ្ឋ និងទីសាធារណៈ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១៩ មករា ថា គោលបំណងនៃការធ្វើបដាបណ្ឌិត កែម ឡី នេះ គឺដើម្បីឱ្យពលរដ្ឋខ្មែរចងចាំនូវពាក្យទូន្មានរបស់បណ្ឌិត កែម ឡី ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ។ «»
ក្រុមរបស់លោកបានយកបដាទាំងនោះ ទៅដាក់នៅគេហដ្ឋានរបស់បណ្ឌិត កែម ឡី នៅឯស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៨ មករា កន្លងទៅ ដើម្បីឱ្យពលរដ្ឋដែលបានទៅគោរពវិញ្ញាណក្ខ័ន្ធរបស់លោកបានឃើញ និងចាំទុកក្នុងចិត្តនូវសេចក្ដីបង្រៀនទាំងនោះ។
បដាធំៗទាំងនោះ មានដាក់តាំងរូបថតបណ្ឌិត កែម ឡី អមដោយពាក្យបណ្តាំរបស់លោក មានដូចជា ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខ។ ចូរយើងនាំគ្នានិយាយការពិតជាជាងការនិយាយការពារ។ ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋមិនមែនជាជម្រើសល្អទេ។ អ្នកមានអំណាច មានលុយច្រើនពីការកេងប្រវ័ញ្ចធនធានសង្គមពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅសូម្បីតែទីតម្កល់សាកសពក៏អាចនឹងមិនមានសុវត្ថិភាពដែរ និងពាក្យបណ្ដាំជាច្រើនផ្សេងទៀត។
លោក មួង សូនី បញ្ជាក់ថា បន្ទាប់ពីបានដាក់បដានៅគេហដ្ឋានរបស់បណ្ឌិត កែម ឡី ហើយ មានប្រជាពលរដ្ឋមួយចំនួនបានស្នើទៅក្រុមរបស់លោកឱ្យយកបដាទាំងនោះទៅដំឡើងនៅផ្ទះរបស់ពួកគាត់ដែរ។ ដូចនេះ ក្រុមរបស់លោកនឹងបំពេញតាមសំណូមពររបស់ពលរដ្ឋ ហើយក៏គ្រោងនឹងស្នើទៅអាជ្ញាធរដែរ ដើម្បីយកទៅដាក់នៅតាមទីសាធារណៈនានា ដូចជា នៅសាលារៀន និង ផ្លូវថ្នល់ គឺដូចគ្នាទៅនឹងបដារបស់គណបក្សនយោបាយ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនឯកជនដូច្នេះដែរ។ «»
ប្រជាពលរដ្ឋមួយចំនួនបានសម្ដែងការស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយពួកគាត់ក៏ចង់បានបដាបណ្ឌិត កែម ឡី នេះយកទៅដាក់តាំងនៅផ្ទះរបស់ខ្លួនដែរ។ ពួកគាត់យល់ឃើញថា នេះជាការដាស់អារម្មណ៍របស់ពលរដ្ឋខ្មែរ កុំឱ្យភ្លេចបណ្ឌិត កែម ឡី ដែលបានបាត់បង់ជីវិតដោយសារបុព្វហេតុនៃការផ្លាស់ប្ដូរក្នុងសង្គម។ ក្រៅពីនេះពួកគាត់ក៏មិនភ្លេចដែរអំពីការអំពាវនាវរកយុត្តធម៌ជូនបណ្ឌិត កែម ឡី។ «»
ទាក់ទងនឹងគម្រោងធ្វើបដាធំៗនេះ ក្រុមយុវជនក៏បានលើកឡើងអំពីក្ដីបារម្ភ និងបញ្ហាប្រឈមមួយចំនួនដែរ។ នោះគឺកង្វះខាតថវិកា និងខ្វះការសហការពីអាជ្ញាធរ។
ទោះបីជាយ៉ាងណា លោក មួង សូនី ថ្លែងថា ក្រុមរបស់លោកនឹងប្រឹងប្រែងធ្វើការងារនេះឱ្យបានជោគជ័យ ដូចការចងក្រងសៀវភៅកម្រងទស្សនទានបណ្ឌិត កែម ឡី និងអ្នករូតវាំងននសង្គមយ៉ាងដូច្នេះដែរ៕
No comments:
Post a Comment