ដោយ ម៉ម មុនីរតន៍
2017-01-20
លោក សម រង្ស៊ី (ឆ្វេង) និងលោក កឹម សុខា (កណ្ដាល) ជជែកជាមួយលោក ហ៊ុន សែន ក្រោយចេញពីជំនួបប្រជុំកំពូលកាលពីថ្ងៃទី២២ កក្កដា ២០១៤ នាវិមានព្រឹទ្ធសភា។
RFA/Tin Zakariya
តាមការគ្រោងទុកគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភានឹងពិនិត្យលើសេចក្ដីស្នើសុំរបស់សមាជិកសភា ពីខាងបក្សកាន់អំណាចនៅថ្ងៃច័ន្ទ ទី ២៣ ដើមសប្ដាហ៍ក្រោយនេះហើយ។ មេដឹកនាំបក្សប្រឆាំង ចំអកថា នេះជាមធ្យោបាយដើរដល់ផ្លូវទាល់ច្រករបស់លោក ហ៊ុន សែន ដែលព្យាយាមបំបែកបក្សប្រឆាំងមិនបាន ហើយងាកទៅលុបចោលអ្វីៗគ្រប់បែបយ៉ាងដូចនេះទៅវិញ។
អ្នកនាំពាក្យរដ្ឋសភាបញ្ជាក់ជំហរថា ចំនួនសមាជិកត្រឹម៥០រូបប៉ុណ្ណោះ ល្មមគ្រប់គ្រាន់ក្នុងការអនុម័តបានហើយ។
អ្នកវិភាគនយោបាយ មើលឃើញថា ការសម្រេចលុបចោលមតិភាគតិច និងមតិភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់មានជាមួយបក្សប្រឆាំងនេះ វាគឺជាការដើរសម្លាប់ជីវិតនយោបាយ របស់បក្សកាន់អំណាចទៅវិញទេ ខណៈដែលមានមន្ទិលសង្ស័យជាច្រើនលើអនុប្រធានបក្សប្រឆាំងថា អាចមានទំនោរនយោបាយ មិនរឹងមាំ ឬត្រូវបានលោក ហ៊ុន សែន ទិញបាន ក្រោយសម្របសម្រួលនយោបាយកាលពីដើមខែ ធ្នូ ឆ្នាំ២០១៦។
ការរិះគន់របស់អ្នកវិភាគនយោបាយ និងសង្គមនៅពេលនេះ ស្របពេលសមាជិកសភាពីខាងបក្សកាន់អំណាចចំនួន ៥០រូប បានផ្ញើលិខិតរួមគ្នាទៅអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា កាលពីថ្ងៃទី ១៩ ខែ មករា ស្នើឲ្យលុបចោលបទបញ្ជាផ្ទៃក្នុងរដ្ឋសភាត្រង់ប្រការ ៤៨ ថ្មី (បី)។សំណើរបស់សមាជិកសភាពីបក្សកាន់អំណាច ដែលស្នើឲ្យប្រធានរដ្ឋសភា ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាត្រង់ប្រការ ៤៨ ថ្មី (បី) នេះធ្វើឡើងប្រមាណ ៤ថ្ងៃប៉ុណ្ណោះក្រោយពេលលោក ហ៊ុន សែន ប្រាប់កាសែតក្នុងស្រុក កាលពីថ្ងៃទី ១៦ មករា ថា បើពិបាកដល់ការចរចារវាងបក្សទាំងពីរពេក លោកស្នើតាមរយៈរដ្ឋសភាត្រូវធ្វើវិសោធនកម្ម ចំណុចប្រការ ៤៨ ថ្មី (បី) នេះចេញ ដោយបកទៅប្រការ ៤៨ (ពីរ) ចាស់វិញ។
ទាក់ទិនរឿងនេះ អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ យល់ឃើញថា ការជ្រើសរើសវិធីដូចនេះ របស់បក្សកាន់អំណាច ជាមធ្យោបាយជួយលាងភាពមន្ទិលសង្ស័យរបស់បក្សប្រឆាំងថា អាចបែកបាក់ផ្ទៃក្នុង ឲ្យមានភាពស្អាតស្អំទៅវិញទេ។ ម្យ៉ាងទៀត យន្តការនេះ ជាការធ្វើឲ្យនយោបាយរបស់បក្សកាន់អំណាច កាន់តែចុះខ្សោយថែមទៀតផង។ «»
សេចក្ដីប្រកាសព័ត៌មានរបស់របស់រដ្ឋសភា នៅថ្ងៃទី ២០ មករា ឲ្យដឹងថា លោក ហេង សំរិន ប្រធានរដ្ឋសភានឹងដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី ២៣ មករា ខាងមុខ។
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី ដឹងកាលពីថ្ងៃទី ១៨ មករា ថា ការជ្រើសរើសលុបចោលអ្វីៗគ្រប់បែបយ៉ាងនេះ បញ្ជាក់ថាលោក ហ៊ុន សែន អស់លទ្ធភាពបំបែកបក្សប្រឆាំងតទៅហើយ។ «»
អាស៊ីសេរី ពុំអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានពីទេនៅថ្ងៃទី ២០ មករា។
កាលពីដើមខែ ធ្នូ ឆ្នាំ២០១៦ តាមរយៈការសម្របសម្រួលនយោបាយ លោក កឹម សុខា ត្រូវបានសមាជិកសភាផ្ដល់សេចក្ដីទុកចិត្ត តែងតាំងជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា ដែលពីដើមតួនាទីនេះគឺជារបស់លោក សម រង្ស៊ី ទេ។
យ៉ាងណាអគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បញ្ជាក់ថា សំណើរបស់សមាជិកបក្សកាន់អំណាចទាំង ៥០រូបនេះ បានប្រគល់ដល់ដៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភារួចហើយ។ លោកបន្តថា ផ្អែកតាមនីតិវិធី ការស្នើសុំធ្វើវិសោធនកម្មនេះ គឺគ្រប់កូរ៉ុមក្នុងការអនុម័តហើយដែរ។ «»
បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាត្រង់កថាខណ្ឌទី៥ នៃប្រការ ៤៨ ថ្មី (បី) ចែងថា ប្រធានក្រុមតំណាងរាស្ត្របក្សនយោបាយក្រៅរដ្ឋាភិបាល ដែលមានអាសនៈនៅក្នុងរដ្ឋសភាចាប់ពី ២៥ភាគរយឡើងទៅ មានឈ្មោះថា ជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភាហើយ។
បើទោះជាបែបនេះក្ដីលោក ហ៊ុន សែន ប្រាប់កាសែតក្នុងថា លក្ខខណ្ឌនេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោក ។ ម្យ៉ាងវិញទៀត បើការចរចាដែលឈានទៅដល់ពិគ្រោះយោបល់ លើកលែងអ្នកទោសដែលកិច្ចការនេះ កំពុងស្ថិតនៅក្នុងយុត្តាធិការរបស់តុលាការនៅឡើយផងនោះ គឺមិនបាច់ទុកទៀតទេ៕
No comments:
Post a Comment