Saturday, 21 January 2017

គណបក្ស​ប្រឆាំង​នឹង​ចុះ​​ជួប​ពលរដ្ឋ​នៅ​មូលដ្ឋាន​បើ​ការចរចា​មិន​ដំណើរការ


ដោយ សុ ជីវី
2017-01-20


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។

Photo: RFA



គណបក្សប្រឆាំង​នឹង​ងាក​ទៅ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​វិញ នៅ​ពេល​គណបក្ស​កាន់​អំណាច​មិន​ជួប​ចរចា។

អ្នក​តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ​នៅលើ​ បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក (Facebook)របស់​លោក នៅ​រសៀល​ថ្ងៃ​ទី ២០ ខែ មករា ថា នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី ខេត្ត នៅ​ទីស្នាក់ការ​បក្ស ប្រធាន​ស្ដីទី គណបក្សប្រឆាំង គឺ​ លោក កឹម សុខា បាន​ថ្លែង​ថា បើ​គណបក្ស​កាន់​អំណាច​មិន​ត្រូវការ​ជួប​ចរចា​ជា​មួយ​ទេ នោះ​បក្ស​ប្រឆាំង​ត្រូវ​នាំ​គ្នា​ទៅ​និយាយ​ជាមួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​វិញ។



កាល​ពី​ថ្ងៃ​ទី១៨ ខែ មករា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ផ្លាស់ប្ដូរ​ចិត្ត​ភ្លាមៗ លើក​ពេល​ចរចា​ជា​មួយ​លោក កឹម សុខា ដោយ​មិន​កំណត់​ថ្ងៃ​ចរចា​ជាក់លាក់។ ដំបូង​ឡើយ ប្រធាន​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បាន​ផ្ញើ​លិខិត​ទៅ​លោក លោក កឹម សុខា ប្រធាន​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សន្យាជួបគ្នាថ្ងៃទី២៥ ខែ មករា។

ការ​លប់​ចោល​ការប្រជុំ​នេះ​បន្ទាប់​ពី​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី នៅ​ថ្ងៃ​ទី​១៦ មករា​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ចង់​រំលាយ ​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​ថ្នាក់​ដឹកនាំ​តំណាង​រាស្ត្រ​នៅ​ក្នុង​សភា​ចោល​ដោយ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ត្រង់​ប្រការ​៤៨​ថ្មី (បី)  ព្រោះ មិន​បាច់​ពិបាក​រៀបចំ​របៀបវារៈ​នៃ​ការប្រជុំ៕

No comments: