ដោយ យាង សុជាមេត្តា
2017-01-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ នាប្រទេសស្វីស កាលពីថ្ងៃទី២៣ មករា ២០១៥។
World Economic Forum Photo
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០ មករា ប្រតិកម្មទៅនឹងការស្នើរបស់អង្គការឃ្លាំមើលពិភពលោក គ្លូបបល វីដនេស៍ (Global Witness) ដែលឲ្យវេទិកាសេដ្ឋកិច្ចពិភពលោកផាត់លោកចេញពីកិច្ចប្រជុំពិភពលោកមួយនេះ។ លោក ហ៊ុន សែន ហៅការស្នើរបស់ គ្លូបបល វីដនេស៍ នេះថាជារឿងឆ្កួតលីលា។ ប៉ុន្តែអ្នកវិភាគថា ការឆ្លើយតបរបៀបកំហឹងទល់ កំហល់របស់រដ្ឋាភិបាលនឹងមិនធ្វើឲ្យរដ្ឋាភិបាលចំណេញនោះឡើយ។
អស់ពីប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដែលថ្លែងចាត់ទុក អង្គការគ្លូបបល វីដនេស៍ ថាជា ជនពាល និងបិសាចអន្តរជាតិ ពេលនេះដល់ពេលលោក ហ៊ុន សែន វិញម្ដង ដែលថ្លែងចាត់ ទុក គ្លូបបល វីដនេស៍ ថាឆ្កួតលីលា។
ថ្លែងនៅលើទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួនពីប្រទេសស្វីស (Switzerland) ទីដែលលោកកំពុងចូលរួម កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក លោក ហ៊ុន សែន ផ្ដាំទៅ គ្លូបបល វីដនេស៍ និងបក្សពួក ឲ្យល្មមឈប់ល្ងង់និងឆ្កួតទៀតទៅ។ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំប្រទេសធ្វើការ ជាមួយគ្នាដែលជាទម្លាប់ធម្មតានៃទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ហើយលោកថា បើ គ្លូបបល វីដនេស៍ មិនទាន់ឡប់ ឬឆ្កួតទេនោះ គួរចូលសាលារៀនថែមទៀត ដើម្បីកុំមកប្រឆាំងនឹងលោកទាំងឆ្កួតលីលា។
កាលពីថ្ងៃទី១៨ មករា មន្ត្រីអង្គការឃ្លាំមើលពិភពលោក គ្លូបបល វីដនេស៍ អ្នកស្រី អាលីស ហារីសាន់ (Alice Harrison) បានថ្លែងតាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា អ្នកស្រីគ្មានការភ្ញាក់ផ្អើលនោះទេ ដែលលោក ហ៊ុន សែន ព្យាយាមទាក់ទាញអ្នកវិយោគ ទុនកំពូលៗពីទីក្រុងដាវូស (Davos) មកវិនិយោគនៅកម្ពុជា។
អ្នកស្រីថា លោក ហ៊ុន សែន និងគ្រួសាររបស់គាត់កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចរបស់ប្រទេស ហេតុដូច្នេះរាល់លុយទាំងឡាយរបស់អ្នកវិនិយោគទុនថ្មីៗទាំងនោះ នឹងអាចធ្លាក់ក្នុងហោប៉ាវ របស់ក្រុមគ្រួសារ លោក ហ៊ុន សែន។
អង្គការឃ្លាំមើលពិភពលោកមួយនេះលើកឡើងថា កិច្ចប្រជុំដែលមានការចូលដោយក្រុមមន្ត្រី សំខាន់ៗខាងផ្នែកហិរញ្ញវត្ថុពិភពលោក មិនត្រូវផ្តល់ឱកាសឲ្យ លោក ហ៊ុន សែន ដែល គ្លូបបល វីដនេស៍ ចាត់ទុកថាជាជនផ្ដាច់ការដ៏សាហាវម្នាក់នោះ អាចស្វែងរកដៃគូអន្តរជាតិថ្មី ចូលរួមធ្វើពាណិជ្ជកម្មនោះឡើយ។
ការលើកឡើងរបស់មន្ត្រីអង្គការ គ្លូបបល វីដនេស៍ ដូចនេះគឺផ្សាភ្ជាប់ទៅនឹងការរក ឃើញរបស់គ្លូបបល វីដនេស៍ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ចេញផ្សាយកាលពី ដើមខែ កក្កដា ឆ្នាំ២០១៦ ដែលលាតត្រដាងពីការក្តោបក្តាប់មុខជំនួញធំៗរបស់ត្រកូល ហ៊ុន ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន។
គ្លូបបល វីដនេស៍ រកឃើញថាគ្រួសារត្រកូល ហ៊ុន បានកាន់កាប់ ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង២០០លាន ដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសជាងមួយរយក្រុមហ៊ុន នៅក្នុងប្រទេស។ ទោះជាយ៉ាងណា ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធមិនបានបើកការស៊ើបអង្កេតចំពោះរឿងនេះឡើយ។
អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្តរជាតិ លោក ឡុង គឹមឃន សង្កេតឃើញ ថា កន្លងទៅនៅពេលរដ្ឋាភិបាលរងការរិះគន់របស់អង្គការអន្តរជាតិ រដ្ឋាភិបាលតែងទាត់ចោល នូវការរិះគន់ និងឆ្លើយតបជារបៀបកំហឹងទល់កំហល់។ លោក ឡុង គឹមឃន យល់ឃើញថា ប្រតិកម្មរបៀបនេះ នឹងមិនធ្វើឲ្យរដ្ឋាភិបាលចំណេញឡើយ។ ប៉ុន្តែលោកថា បើរដ្ឋាភិបាល ឆ្លើយតបដោយភាសាការទូត ឬដោយបង្ហាញនូវឯកសារភស្តុតាងបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួន ទើបធ្វើឲ្យការឆ្លើយតបនោះមានប្រសិទ្ធភាព៖ «តាមពិតទៅនៅក្នុងរដ្ឋាភិបាលយើងក៏មានអ្នកបញ្ញវន្ត អ្នកស្រាវជ្រាវធំៗដែលពូកែ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងទិន្នន័យជាដើម ដូច្នេះបើសិនជាមានការលើកឡើងដែល ជាការចោទប្រកាន់របស់ស្ថាប័នអន្តរជាតិ វិធីតែមួយដែលល្អជាងគេបំផុត គួរឲ្យគេស្រាវជ្រាវ រកឲ្យឃើញឆ្លើយតបទៅវិញ ដោយពឹងផ្អែកលើស្ថិតិ ទិន្នន័យ ឬការរកឃើញតាមបែបវិទ្យាសាស្ត្រ»។
លោក ឡុង គឹមឃន មានប្រសាសន៍ថា នៅពេលការឆ្លើយតបរបស់រដ្ឋាភិបាល ធ្វើឲ្យមនុស្សគ្រប់គ្នាទទួលយកបាន វាមិនត្រឹមតែធ្វើឲ្យរដ្ឋាភិបាលចំណេញនោះទេ ប៉ុន្តែវាការថែរក្សា ការពារមុខមាត់ និងកិត្តិយសរបស់រដ្ឋាភិបាលនៅលើឆាកនយោបាយអន្តរជាតិថែមទៀត។
ទាក់ទងនឹងរឿងអង្គការ គ្លូបបល វីដនេស៍ នេះដែរលោក ហ៊ុន សែន នៅថ្ងៃដដែលនេះ បានសរសេរឆ្លើយតបទៅនឹងអ្នក បញ្ចេញមតិនៅលើទំព័រហ្វេសប៊ុក របស់លោក ដោយទម្លាយរឿងអាថ៌កំបាំងអាស្រូវស្នេហារបស់បុគ្គលិកស្ត្រីម្នាក់នៃអង្គការមួយនេះ។
លោក ហ៊ុន សែន សរសេរថា រឿង គ្លូបបល វីដនេស៍ ចាប់ផ្ដើមពីបុគ្គលិកស្រីម្នាក់ជាខ្មែរកាត់ បារាំងទៅធ្វើការនៅកម្ពុជា ហើយលួចមានសាហាយជាមួយប្ដីគេ។ លោកថា ដល់ប្រពន្ធ គេទៅតាមរករឿងដល់ផ្ទះបែរជាចោទថា អ្នករកស៊ីកាប់ឈើទៅរករឿងទៅវិញ។ លោក ហ៊ុន សែន បញ្ជាក់ថាពេលនោះស្ថានទូតអង់គ្លេសក៏ដឹងរឿងនេះដែរ។ លោក ហ៊ុន សែន ចាត់ទុក ការបង្វែររឿងអាស្រូវផ្លូវភេទទៅជារឿងផ្សេងដូចនេះ គឺជារឿងថោកទាប។
ទោះជាយ៉ាងណា លោក ហ៊ុន សែន មិនបញ្ជាក់ឈ្មោះស្ត្រីនោះឡើយ។ លោកគ្រាន់តែបង្ហើប ថា បុគ្គលិកស្រីនោះ មានម្ដាយជាខ្មែរ និងឪពុកជាជនជាតិបារាំង៕
No comments:
Post a Comment