ដោយ ប្រាជ្ញ ចេវ
2017-02-15
សកម្មជនអង្គការចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា (ស្ដាំ) ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Brach Chev
RFA/Brach Chev
សំណុំរឿងក្រុមចលនាធម្មជាតិទាំងបីរូប ត្រូវសាលាឧទ្ធរណ៍សម្រេចតម្កល់ការសម្រេចសាលាដំបូងខេត្តកោះកុង ទុកជាបានការ និងទុកមួយខែឲ្យពួកគេប្ដឹងទាស់។ ចំណែកមេធាវីការពារក្តីសកម្មជនទាំងបីរូបដែលកំពុងរស់នៅក្រៅប្រទេស មិនទាន់មានគម្រោងប្ដឹងទាស់ទៅតុលាការកំពូលនៅឡើយទេ។
ក្រុមសកម្មជនការពារបរិស្ថាន នៃអង្គការចលនាមាតាធម្មជាតិ ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ដែលតម្កល់សាលក្រមរបស់សាលាខេត្តកោះកុង នេះ ថាមិនឈរលើគោលការណ៍ឯករាជ្យ និងយុត្តិធម៌។
ការរិះគន់នេះ កើតឡើងភ្លាមៗក្រោយពេលសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ប្រកាសសាលដីកាសម្រេចផ្ដន្ទាទោសសកម្មជនបរិស្ថានទាំង ៣នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ៦ខែ ប៉ុន្តែអនុវត្តទោសត្រឹម ១០ខែ ១៥ថ្ងៃ ក្រៅពីនេះត្រូវព្យួរ ដែលនេះជាការសម្រេចរបស់តុលាការខេត្តកោះកុង។
ជាងនេះទៅទៀត ក្រុមយុវជនដែលជាសកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ ប្រមាណ ២០នាក់ នាំគ្នាប្រមូលផ្តុំនៅសាលាឧទ្ធរណ៍ និងលើកបដាទាមទារតុលាការទម្លាក់ចោលការចោទប្រកាន់លើសកម្មជនទាំងបីរូប។
សកម្មជនអង្គការចលនាមាតាធម្មជាតិម្នាក់ លោក ថុន រដ្ឋា និយាយថា ការសម្រេចបែបនេះរបស់សាលាឧទ្ធរណ៍ គឺមិនមានយុត្តិធម៌ឡើយ ព្រោះក្រុមសកម្មជនអង្គការមាតាធម្មជាតិទាំងបីរូប មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការខេត្តកោះកុង ទេ។ យុវជនរូបនេះយល់ថា តុលាការធ្វើដូចនេះ ដើម្បីបំបិទសិទ្ធិអ្នកការពារធនធានធម្មជាតិ៖ «គឺមិនពេញចិត្តទេ។ យើងដឹងហើយ បើសិនជាសាលក្រមចេញពីតុលាការថ្នាក់ក្រោមយ៉ាងណា សាលាឧទ្ធរណ៍តែងតម្កល់ជានិច្ច ហើយនេះបង្ហាញពីភាពអយុត្តិធម៌មែនទែន ព្រោះការសម្រេចតុលាការខេត្តកោះកុង មិនបានផ្តល់យុត្តិធម៌ដល់សកម្មជនមាតាធម្មជាតិទាំងបីរូប»។
ក្នុងពេលតុលាការប្រកាសសាលដីកាយុវជនទាំង ៣នាក់នៃអង្គការចលនាមាតាធម្មជាតិ គឺលោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង គ្មានវត្តមាននៅតុលាការ ព្រោះពួកគេកំពុងគេចខ្លួនរស់នៅក្រៅប្រទេស។
ក្រុមយុវជន និងសង្គមស៊ីវិលលើកបដាទាមទារឲ្យតុលាការខេត្តកោះកុង ដោះលែងសកម្មជនការពារបរិស្ថាន ៣នាក់ ក្នុងទិវាបរិស្ថានពិភពលោក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦។ RFA/Yang Chandara RFA/Yang Chandara
សកម្មជនអង្គការចលនាមាតាធម្មជាតិ លោក សាន់ ម៉ាឡា ឲ្យអាស៊ីសេរីដឹងពីក្រៅប្រទេសតាមប្រព័ន្ធទំនាក់ទំនងស្កែប (Skype) ថា ទោះលោកមិនសប្បាយចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ ប៉ុន្តែលោកក៏រីករាយដែរ ព្រោះតុលាការជាន់ខ្ពស់មួយនេះមិនចោទប្រកាន់ក្រុមលោកបន្ថែម៖ «យើងរីករាយនៅពេលសាលាឧទ្ធរណ៍មិនបានបន្ថែមទោស និងមិនមានចេតនានាំពួកយើងទៅពន្ធនាគារជាថ្មីម្តងទៀត ហើយនេះជារឿងមួយដែលល្អសម្រាប់យើងដើម្បីបន្តការងារ»។
ក្រុមសកម្មជនចលនាមាតាធម្មជាតិ កាលពីឆ្នាំ២០១៦ ត្រូវសាលាដំបូងខេត្តកោះកុង ផ្ដន្ទាទោសចោទពីបទគំរាមកំហែង ឲ្យជាប់ទោសរយៈពេល ១៨ខែ ពិន័យជាប្រាក់ប្រមាណ ២០០លានរៀល និងបង្គាប់ឲ្យសងសំណងខូចខាត ១០០លានរៀលទៅឲ្យក្រុមហ៊ុនបូមខ្សាច់ ប៉ុន្តែអនុវត្តទោសតែ ១០ខែ និង ១៥ថ្ងៃ ទោសក្រៅពីនេះត្រូវព្យួរ។ ពួកគេធ្វើសកម្មភាពខ្លាំង គឺប្រឆាំងការបូមខ្សាច់នៅខេត្តកោះកុង រហូតត្រូវសមត្ថកិច្ចចាប់ខ្លួន។
មេធាវីការពារក្តីឲ្យសកម្មជនបរិស្ថានទាំង ៣នាក់ គឺអ្នកស្រី សាម សុគន្ធា មកពីអង្គការលីកាដូ (LICADHO) ឲ្យដឹងថា តុលាការទុកពេលមួយខែ ដើម្បីឲ្យកូនក្តីរបស់អ្នកស្រីប្ដឹងទាស់ទៅតុលាការកំពូល។ យ៉ាងណាក៏ដោយចុះ អ្នកស្រីមិនទាន់ទទួលព័ត៌មានពីកូនក្តីពីគម្រោងប្ដឹងទាស់នៅឡើយទេ។
ចំណែកសកម្មជនអង្គការចលនាមាតាធម្មជាតិ លោក សាន់ ម៉ាឡា ថាក្រុមលោកមិនទាន់មានគម្រោងប្ដឹងទោសទៅតុលាការកំពូល ក្នុងពេលនេះទេ ព្រោះត្រូវការពេលវេលាជជែកគ្នាបន្ត។ លោកបន្តថា ការដែលក្រុមលោករារែកក្នុងករណីជំទាស់ដូចនេះ ព្រោះមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបដែលលោកសុំមិនបញ្ចេញឈ្មោះ ព្រមានថា បើមិនចង់ឲ្យករណីធ្ងន់ធ្ងរថែមទៀត មិនត្រូវប្ដឹងទាស់ការសម្រេចរបស់តុលាការខេត្តកោះកុង នោះទេ៕
No comments:
Post a Comment