ដោយ មាន ឫទ្ធិ
2019-07-30
rfa

លោក ម៉ក់ យ៉ាន សមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំជាមួយសមាជិកបក្ស នៅឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២។
រូប៖ ហ្វេសប៊ុក Sor Chandeth
អាជ្ញាធរឃុំនៅស្រុកបវេល ខេត្តបាត់ដំបងចំនួន២នាក់ នៅរសៀលថ្ងៃទី២៩កក្កដា នាំគ្នាទៅហាមឃាត់សមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោតគណបក្សប្រឆាំងដល់ផ្ទះឱ្យឈប់ជួបជុំគ្នាថ្លែងសារនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិបន្តទៀត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរនេះ ថាជាការគំរាមកំហែងបំភិតបំភ័យបិទសិទ្ធិសេរីភាពក្នុងការជួបជុំគ្នារបស់ពលរដ្ឋដោយខុសច្បាប់។
សមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ លោក ម៉ក់ យ៉ាន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៩ កក្កដា ជំទប់ទី១ ឃុំបវេលគឺលោក យ៉ាត យ៉េន និងសមាជិកក្រុមប្រឹក្សាឃុំម្នាក់ទៀត ចូលទៅគំរាមកំហែងលោកដល់ផ្ទះរសៀលថ្ងៃដដែលនេះ ឱ្យឈប់ប្រមូលផ្ដុំសកម្មជនគណបក្សសង្គ្រោះជាតិជួបជុំគ្នាថ្លែងសារនយោបាយគ្រប់រូបភាព។ លោកបន្តថា អាជ្ញាធរឃុំចូលទៅហាមឃាត់លោកដោយសារកាលពីថ្ងៃទី២៨ កក្កដាកន្លងទៅ មានសកម្មជនគណបក្សប្រឆាំងប្រមាណ ២០នាក់ បានជួបជុំគ្នា ថ្លែងសារដោយការព្រួយបារម្ភខ្លាចសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ហើយថតជាឃ្លិបវីដេអូបង្ហោះតាមហ្វេសប៊ុក៖ «ខ្ញុំយល់ឃើញថា អាជ្ញាធរបំភិតបំភ័យក្នុងការបញ្ចេញរបស់ពួកខ្ញុំ។ យើងខ្ញុំកាលបីម្សិលមិញធ្វើការប្ដេជ្ញាដែរតើ គឺយើងជាប្រជាពលរដ្ឋនៅស្រុកបវេលនៅខេត្តបាត់ដំបង សូមកុំអឺរ៉ុបបិទអីប៊ីអេ (EBA) និង ជីអេសភី(JSP) របស់អាមេរិកតែប៉ុណ្ណឹងទេ ហើយគាត់សួរតើមាននិយាយអីក្រៅពីនេះទៀតទេ មានគាំទ្រប្រធានសម រង្ស៊ីនាយអាយអីទេ ខ្ញុំថា អត់ទេ»។
សកម្មជនបក្សប្រឆាំងរូបនេះ បន្តថា អាជ្ញាធរធ្វើបែបនេះដោយសារពួកគាត់ ជាសកម្មជនគណបក្សប្រឆាំង បានជួបគ្នាពង្រឹងសាមគ្គីភាពជាប្រចាំ ស្របពេលដែលពលរដ្ឋនៅតែគាំទ្រពួកគាត់ ដែលជាឆ្អឹងទទឹងកររបស់អាជ្ញាធរគណបក្សកាន់អំណាច។
ឆ្លើយតបនឹងបញ្ហានេះ ជំទប់ទី១ឃុំបវេលគណបក្សប្រជាជនកម្ពុជា លោក យ៉ាត យ៉េន ប្រាប់អាស៊ីសេរីថា លោកមិនបានទៅគំរាមកំហែងសកម្មជនគណបក្សសង្គ្រោះជាតិនោះទេ ដោយគ្រាន់តែទៅសាកសួរអំពីមូលហេតុដែលពួកគាត់ជួបជុំគ្នា ដើម្បីធ្វើរបាយការណ៍ដាក់ទៅថ្នាក់លើតាមភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ។លោកបន្តថា សកម្មជនទាំងនោះជួបជុំគ្នាជាច្រើននាក់ដោយមិនបានសុំច្បាប់ពីអាជ្ញាធរនោះទេ៖ «សិទ្ធិនយោបាយជារឿងរបស់គាត់ធ្វើម៉េចធ្វើទៅ ប៉ុន្តែការជួបជុំគ្នាក្នុងមូលដ្ឋានគេចង់ថា តើសកម្មភាពនោះយ៉ាងម៉េចដែរ ព្រោះពួកគាត់ជាសកម្មជនអតីតគណបក្សប្រឆាំង គេរំលាយអស់ហើយ ខ្លាចពួកគាត់ធ្វើអីវាខុសពីច្បាប់។ អីចឹងគាត់កំណត់ថា គាត់ប្រជុំពីអីនិយាយពីអី? គាត់ក៏បានប្រាប់ខ្ញុំថា និយាយអំពីកុំឱ្យសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA គាត់និយាយក្នុងនាមជួយរដ្ឋាភិបាលទេ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ប្រជាពលរដ្ឋជួបជុំគ្នាថ្លែងសារព្រួយបារម្ភពីការផ្ដាច់ការអនុគ្រោះពន្ធ EBA នេះ មិនបាច់សុំច្បាប់ពីអាជ្ញាធរនោះទេ ព្រោះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ទង្វើរបស់អាជ្ញាធរទៅវិញទេដែលជាអំពើខុសច្បាប់ ដោយបានគំរាមកំហែងបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ៖ «ពួកគាត់រាល់ថ្ងៃជាប្រជាពលរដ្ឋធម្មតាតើ ហើយក៏អត់មានស្ថិតក្នុងបម្រាមដែលហាមមិនឱ្យធ្វើនយោបាយ ១១៨នាក់ ដែលហាមធ្វើនយោបាយអីដែរ ហើយពួកគាត់ជាប្រជាពលរដ្ឋធម្មតាទេ អីចឹងគាត់មានសិទ្ធិដូចជាពលរដ្ឋដទៃទៀត។ ការជួបគ្នាបើគេជួបនៅលំនៅឋានគេអត់មានអីទេ តែបើពួកគាត់ជួបជុំរៀបចំផែនការណ៍ដែលមានចែងក្នុង បានជួបជុំខុសច្បាប់ តែគ្រាន់តែការជួបជុំសម្ដែងការព្រួយបារម្ភទៅលើការផ្ដេចEBA អត់បានខុសច្បាប់ទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធសុំឱ្យបើសិទ្ធិសេរីភាពពេញលេញដល់ពលរដ្ឋឡើងវិញ ដើម្បីពួកគាត់មានសិទ្ធិជួបជុំគ្នានិងការសម្ដែងមតិជាសាធារណៈ។
ទោះជាមានការគំរាមកំហែងយ៉ាងនេះក្ដី សកម្មជនគណបក្សសង្គ្រោះជាតិស្រុកបវេល អះអាងថា ពួកគាត់ នឹងជួបជុំគ្នាពង្រឹងសាមគ្គីភាពរបស់សមាជិកគណបក្សប្រឆាំងសាជាថ្មីទៀតនៅពេលឆាប់ៗ ។បន្ថែមពីនេះទៀត ពួកគាត់ក៏បានត្រៀមខ្លួនរួចជាស្រេចហើយដែរ ដើម្បីទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញក្នុងពេលដ៏ខ្លីខាងមុខនោះ៕
No comments:
Post a Comment