Thursday, 16 December 2021

សហព័ន្ធខ្មែរ​​កម្ពុជា​​ក្រោម និង​​អង្គការ​​សិទ្ធិ​មនុស្ស​អន្តរជាតិ ស្នើ​​សហគមន៍​​អន្តរជាតិ ឲ្យ​ប្រើ​ឥទ្ធិពល​​ជំរុញ​​ឲ្យ​វៀតណាម​​គោរព​សិទ្ធិមនុស្ស


ដោយ យន់ សាមៀន
2021-12-15
សហព័ន្ធខ្មែរ​​កម្ពុជា​​ក្រោម និង​​អង្គការ​​សិទ្ធិ​មនុស្ស​អន្តរជាតិ ស្នើ​​សហគមន៍​​អន្តរជាតិ ឲ្យ​ប្រើ​ឥទ្ធិពល​​ជំរុញ​​ឲ្យ​វៀតណាម​​គោរព​សិទ្ធិមនុស្ស 

លោក ហ្វីល រ៉ូបឺតសុន (Phil ​Robertson) នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch)។
រូប៖ RFA


សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ស្នើ​សហគមន៍​អន្តរជាតិ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ជំរុញ​ឲ្យរដ្ឋាភិបាល​វៀតណាមគោរព​សិទ្ធិមនុស្ស សាសនា​ និង​​សិទ្ធិជន​ជាតិ​ដើម។ សំណើ​នេះធ្វើ​ឡើង​ស្របពេល​ដែល​ប្រទេស​អូស្រ្តាលី​បាន​ជួប​សន្ទនា​នឹង​ភាគី​វៀតណាម​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស កាលពី​សប្តាហ៍​មុន។

សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សិទ្ធិមនុស្ស​(Human Rights Watch) បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​បញ្ឈប់​​ការ​​រំលោភ​​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ និងឈប់ធ្វើទុក្ខបុកម្នេញ​ជនជាតិដើម។ ​សំណើនេះ ធ្វើឡើង​ស្រប​ពេល​ដែលរដ្ឋាភិបាល​ អូស្ត្រាលី ​និងវៀតណាម​ បាន​ចាប់ផ្តើម​កិច្ចសន្ទនា​ លើកទី១៧ ​​ស្តីពី​បញ្ហា​​សិទ្ធិមនុស្ស​នៅប្រទេស​វៀតណាម កាលពីសប្តាហ៍មុន។


សេចក្តីថ្លែងការណ៍​របស់​អង្គការសិទ្ធិមនុស្ស (Human Rights Watch) ចេញពី​សប្តាហ៍​មុន​បញ្ជាក់ថា​ ប្រទេសអូស្រ្តាលីគួរ​ប្រើប្រាស់ឥទ្ធិពល​របស់ខ្លួន ដើម្បីដាក់​គំនាប​​លើ​​​រដ្ឋាភិបាល​វៀតណាម​ឲ្យធ្វើសកម្មភាពជាចំបង​មួយ​ចំនួន ​ដើម្បី​ស្តារឡើងវិញ នៃ​កំណត់​ត្រា​​ស្តី​ពីសិទ្ធិមនុស្ស​ដ៏អាក្រក់​របស់​វៀតណាម។ សេចក្តីថ្លែងការណ៍​បន្ត​ថា ​ពលរដ្ឋ​វៀតណាម​ត្រូវរងការធ្វើ​ទុក្ខបុក​ម្នេញ​ដោយសារ​តែ​ពួក​គេ​ប្រើប្រាស់​សិទ្ធិជាមូលដ្ឋាន ​និងសិទ្ធិ​​នយោបាយ ដូច្នោះ​អូស្រ្តាលី​ត្រូវ​តែ​ទាមទារ​វៀតណាម​​ឲ្យ​ដោះលែង​​​អ្នកទោស​នយោបាយ​ទាំងអស់​​​ព្រមទាំងធ្វើច្បាប់​ព្រហ្មទណ្ឌ​​របស់ប្រទេសនេះ​ឲ្យមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ។​​

អង្គការសិទ្ធិមនុស្ស (Human Rights Watch)រកឃើញថា យ៉ាងហោចណាស់ក៏មាន​មនុស្សចំនួន ១៤៦ នាក់​កំពុង​ជាប់​ពន្ធនាគារ​ ដោយសារ​តែការ​ប្រើប្រាស់ ​សិទ្ធិមូលដ្ឋាន និងការប្រើ​ប្រាស់​បណ្តាញ​សង្គម។ ​ក្នុងចំណោម​ជាងមួយ​រយ​ករណីនោះ ​យ៉ាងហោច​ណាស់​​ក៏មានជាង ៣០​ ករណី​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។​ ទំនាក់ទំនងពាណិជ្ជកម្មអូស្រ្តាលី និងវៀតណាម បានកើន​ឡើង​​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ។ អូស្រ្តាលី​ក្លាយ​ជា​ដៃគូពាណិជ្ជកម្ម​កំពូល​ទី ១០​ របស់​វៀតណាម។ ​ទោះបីជាយ៉ាងណា ​ប្រមុខ​ការ​ទូតអូស្រ្តាលី ​ដែលបាន​មកទស្សនកិច្ច​នៅវៀតណាម​ កាលពីវិច្ឆិកា កន្លង​ទៅ​ មិន​បានលើក​ពីបញ្ហាសិទ្ធិ​ទៅជជែកនឹងមន្រ្តីវៀតណាម​នោះទេ​។

នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil ​Robertson) ​ប្រាប់វិទ្យុ​អាស៊ីសេរី​កាលពីសប្តាហ៍មុនថា​ រដ្ឋាភិបាល​វៀតណាម​​ក្រៅពីធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋខ្លួនឯង​​​ រដ្ឋាភិបាលកុម្មុយនីសយ៍មួយនេះ ក៏បាន​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​ដើមខ្មែរ​ក្រោម​ផងដែរ។ លោក ហ្វីល រ៉ូបឺតសុន​ថា​​ វៀតណាម​ធ្វើបាប​ពលរដ្ឋខ្មែរ​ក្រោម ដោយ​គ្មាន​ស្រាកស្រាន​ឡើយ។ វៀតណាម​បាន​គាប​សង្កត់ខ្មែរក្រោម​មិនឲ្យសំដែលមតិរឿង វប្បធម៌ជនជាតិដើម​ សិទ្ធិសាសនា​ និងគាប​ឲ្យខ្មែរក្រោម ទទួល​យក​និងសម្របសម្រួល​ការរស់នៅតាម​បែបជនជាតិ​វៀតណាម។​ លោក ហ្វីល រ៉ូបឺតសុន បន្ថែមទៀតថា អាជ្ញាធរវៀតណាមក៏ចាត់វិធានការ​បែបរើសអើង​នឹង​ពលរដ្ឋ​ខ្មែរក្រោម ដែលរងការរំលោភបំពានសិទ្ធិដីធ្លី​ ហើយព្យាយាម​ទាមទារ​សិទ្ធិ​កាន់កាប់​មក​វិញ ដោយសារតែពួកគេបានធ្វើ​កសិកម្មលើដីនោះ​ជាច្រើនឆ្នាំមកហើយ។ ​

យ៉ាងហោច​ណាស់​ក៏​មាន​កសិករ​ខ្មែរ​ក្រោម​ម្នាក់ ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ដាក់ពន្ធនាគាររយៈពេលច្រើនឆ្នាំ និង​ពីរ​នាក់​ទៀត​អាចនឹងត្រូវ​គេចាប់​ដាក់ពន្ធនាគារ​ ដោយសារតែ​ពួកគេតវ៉ា​អហិង្សា​ទាមទារ​ដីស្រែ​ដែល​ក្រុម​អាជ្ញាធរ​វៀតណាម​រឹបអូស​ទាំងគ្មាន​សំណងត្រឹមត្រូវតាមច្បាប់។ លោក ​ហ្វីល រ៉ូបឺត​សុន មើលឃើញទៀតថា ​អាជ្ញាធរ​វៀតណាម កំពុង​មិនទុកចិត្តខ្លួនឯង ហើយចាត់​ទុកការ​ទាមទារ​សិទ្ធិ​សេរីភាព​ជនជាតិ​ដើម​របស់​ពលរដ្ឋខ្មែរ​ក្រោមថា ជា​ចេតនា​ចង់​បង្កើត​តំបន់ស្វយ័ត ​ឬចង់បានឯករាជ្យ។ ​លោកថា​ វៀតណាមមិន​ទុកចិត្តខ្មែរ​ក្រោម​ឡើយ​​​ ពីព្រោះខ្មែរក្រោម ​ជាជនជាតិ​ផ្សេងគ្នា​ បណ្តាលឲ្យវៀតណាម ត្រូវតែ​ត្រួតត្រា​លើ​ពលរដ្ឋខ្មែរក្រោម។​

ពាក់ព័ន្ធនឹង​សំណើ​របស់​អង្គការ​សិទ្ធិមនុស្ស ​(Human Rights Watch)នេះដែរ ប្រធាន​នាយកដ្ឋានព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា ក៏ស្នើសុំឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ប្រើ​ឥទ្ធិពល​របស់ពួកគេ ​អន្តរាគមន៍​ទៅ​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​៖ «សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​សូម​អំពាវនាវ​ឲ្យ​អន្តរជាតិ​​ដែលមាន​​ពាណិជ្ជកម្ម​នឹង​វៀតណាម​ជួយ​ធ្វើ​អន្តរាគមន៍​ករណី​ដែល​ពលរដ្ឋខ្មែរ​ក្រោម​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់ដាក់​ពន្ធនាគារ និង​បានរឹតត្បឹត​សិទ្ធិសេរីភាព​ពលរដ្ឋខ្មែរ​ក្រោម​ជាម្ចាស់​ស្រុក​ជនជាតិ​ដើម»។

សំណើ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និងសហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ​ធ្វើឡើង​ដោយសារ​តែ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ​​ វៀតណាមចាប់ផ្តើម​ធ្វើទុក្ខ​បុក​​ម្នេញ​​លើ​ពលរដ្ឋខ្មែរក្រោម​ស្ទើគ្រប់​វិស័យ​។​

អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះត្រពាំង កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា បាន​ចាប់​ខ្លួន​លោក ថាច់ រីន ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​បង្ហោះ​រូបភាព​មេ​ដឹក​នាំ ក្នុង​ចេតនា​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ អតីត​មេ​ដឹក​នាំ​វៀតណាម។ បច្ចុប្បន្នវៀតណាមកំពុងដា​ក់ពន្ធនាគារ​លោក​ដើម្បីរង់ចាំការកាត់ទោស។​ សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​បដិសេធ​ការចោទ​ប្រកាន់​របស់វៀតណាម​ ហើយថា​ ការចាប់ខ្លួន​លោក ថាច់ រីន នេះ ​គឺដោយសារតែ​លោក​ផ្សព្ធផ្សាយ​ចំណេះដឹង​ពី​សិទ្ធិ​ជនជាតិ​ដើម​។

ករណី​ អាជ្ញាធរ​វៀតណាម ​ឃុំ​ខ្លួនលោក ​ថាច់ ​រីន ​ក្នុងពន្ធនាគារ​នេះ មិន​មែន​ជា​ករណី​ទី​មួយ​ទេ។ អាជ្ញាធរ​វៀតណាម កាល​ពី​ថ្មីៗនេះ ក៏​បាន​ចាប់​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ឈ្មោះ ហ្វិន វ៉ាំងឌែប ដាក់​ពន្ធនាគារ ដោយសារ​តែ​លោក​ត្រូវអាជ្ញាធរ​វៀតណាម​ចោទ​ប្រកាន់ថា ​ជាប់ពាក់ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា​មួយ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី តំណាង​ខ្មែរ​ក្រោម​អះអាង​ថា លោក ហ្វិន វ៉ាំងឌែប មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​នេះ ជា​លេស​ដោយសារ​តែលោក​បាន​ចូលរួម​សំដែង​មតិ​រឿង​ថ្ងៃ​បាត់បង់​ទឹក​ដី តាម​បណ្ដាញ​សង្គម ហ្វ៊េសប៉ុក (Facebook)។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុង​ជាប់​ពន្ធនាគាររយៈ​ពេល​ពីរ​ឆ្នាំ។

អាជ្ញាធរ​វៀតណាម ក៏​បាន​សម្លុត​គំរាម​កំហែង​យុវជនខ្មែរ​ក្រោម​ជា​ច្រើន​រូប ដោយ​ឲ្យ​បញ្ឈប់​ផ្សព្ធផ្សាយ​កា​រទាមទារ​សិទ្ធិជា​ជនជាតិ​ដើម និង​ផ្តល់​ព័ត៌មាន​ទៅ​ក្រៅ​ប្រទេស​ រឿង​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរក្រោម។ អាជ្ញាធរ​វៀតណាម​កំពុងតែ​ទាមទារ​យុវជន​ខ្មែរ​ក្រោម​ទាំង​នោះ​ឲ្យ​បង់​ប្រាក់​ពិន័យ​រាប់​រយ​ដុល្លារ​រឿង​ពួក​គេ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ផ្សព្ធផ្សាយ​ច្បាប់អន្តរជាតិ​ស្តីពី​ជនជាតិ​ដើម៕

2 comments:

Anonymous said...

If Khmer Krom fight for autonomous state. the evil Vietnam will fully respect Khmer Krom's right.

Anonymous said...

Khmer Krom must declare autonomy. It is a vital step in independence and free from evil Yuon control. It is worth the sacrifice. They must declare autonomy soon before it is too late. Don't let people forget the evil Yuon stole the lands.