Tuesday, 14 December 2021

ពលរដ្ឋ​និង​សកម្មជន​បក្ស​ប្រឆាំង​​រិះគន់​​រដ្ឋាភិបាល​​​​បន្ត​យក​ថវិកា​ជាតិ​​​ផលិត​ភាពយន្ត​​ពី​ការ​តស៊ូ​របស់​លោក ហ៊ុន សែន ថា​​ជា​ការ​​មិន​គិត​​ដល់​​ពលរដ្ឋ​ក្រីក្រ


Khmer Circle: When has he ever thought about the poor or the poorest? 

🔺🔺🔺

ដោយ មួង ណារ៉េត
2021-12-13

ពលរដ្ឋ​និង​សកម្មជន​បក្ស​ប្រឆាំង​​រិះគន់​​រដ្ឋាភិបាល​​​​បន្ត​យក​ថវិកា​ជាតិ​​​ផលិត​ភាពយន្ត​​ពី​ការ​តស៊ូ​របស់​លោក ហ៊ុន សែន ថា​​ជា​ការ​​មិន​គិត​​ដល់​​ពលរដ្ឋ​ក្រីក្រ
 

ោក ហ៊ុន សែន ចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ «រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក​ហ៊ុន សែន​ នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​នៅ​ព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក SMP


ប្រជាពលរដ្ឋ​ និង​សកម្មជន​គណបក្ស​ប្រឆាំង​ រិះគន់​រដ្ឋាភិបាល​​ដែល​បន្ត​យក​ថវិកា​ជាតិ​ផលិត​ភាព​យន្ត​ពី​ការ​តស៊ូ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថា ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ និង​ជា​ការ​មិន​គិតគូរ​​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​អត់ឃ្លាន។ ​ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន ចាប់​ផ្ដើម​ធ្វើ​ពិធី​ក្រុង​ពាលី​និង សំណេះសំណាល​ជា​មួយ​ក្រុម​ការងារ​ថត​ខ្សែ​ភាពយន្ត​ភាគ​រឿង ​«កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទពេញបូរមី» ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែធ្នូ ឆ្នាំ២០២១​​​។

ប្រជាពលរដ្ឋ​និង​សកម្មជន​គណបក្ស​ប្រឆាំង​លើកឡើង​ថា ​ស្ថានភាព​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ ​ដូច​សព្វ​ថ្ងៃ​នេះ​ ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​ ​គួរតែ​​ដោះស្រាយ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ប្រសើរ​ជាង​យក​ថវិកា​ជាតិ​ទៅ​ចំណាយ​​ថត​ខ្សែ​ភាព​​យន្ត​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​​របស់​លោក ហ៊ុន សែន​។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ខេត្ត​ស្វាយរៀង​លោក​ស្រី អ៊ុក ចន្ធី ប្រាប់​​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ថា ​​សព្វ​ថ្ងៃ​នេះ​មាន​ប្រជាពលរដ្ឋ​​ជា​ច្រើន​ម៉ឺន​នាក់​​កំពុង​មាន​ជីវភាព​ខ្វះខាត​និង​លំបាក​វេទនា​ ដោយសារ​អត់​ការងារ​ធ្វើ​ ហើយ​ជំពាក់បំណុល​ធនាគារ​។ ​ស្ត្រី​វ័យ ​៤៨ ​ឆ្នាំ​រូប​នេះ បន្ត​ថា ​ស្ថានភាព​បែប​នេះ​រដ្ឋាភិបាល​គួរតែ​ឧបត្ថម្ភ​ស្បៀងអាហារ​និង​ថវិកា​ជួយ​ដល់​ពួកគាត់​ គឺ​ពុំ​មែន​​យក​ពេលវេលា​ក្នុង​ម៉ោង​ការ​ងារ​រដ្ឋ​និង​ថវិកា​របស់​ជាតិ​ ទៅ​ថត​ខ្សែភាពយន្ត​ដែល​រៀបរាប់​អំពី​​ការ​តស៊ូ​របស់​លោក​ ហ៊ុន​ សែន​នោះ​ទេ​។ លោក​ស្រី​ចាត់​ទុក​ទង្វើ​បែប​នេះ​ថា ​​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ដើម្បី​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន៖ «ខ្ញុំ​គិត​ថា ​ធ្វើ​ហ្នឹង​ដើម្បី​វីរភាព​របស់​គាត់ គឺ​លោក​ ហ៊ុន សែន​ ចង់​បង្ហាញ​ឱ្យ​គេ​ដឹង​ថា​គាត់​ហ្នឹង​មាន​ការ​តស៊ូ​ជា​ខ្លាំង​អីចឹង​។​តែ​គាត់​អត់​ខ្វល់​ពី​ទុក្ខ លំបាក​របស់​ប្រជាពលរដ្ឋ​ទេ។បើ​គាត់​ចង់​ឱ្យ​ឃើញ​ថា មាន​ការ​គោរព​វីរភាព​របស់​គាត់​ សំខាន់​បំផុត​គឺ​ជួយ​ប្រជាពលរដ្ឋ​បាន​ពលរដ្ឋ​មើល​ឃើញ​វីរភាព​របស់​គាត់»។


ចំណែក​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃលោក ជឹម សុផាត ​​ថ្លែង​ថា លោក​ក៏​មិន​គាំទ្រ​​នឹង​ការ​ថត​ខ្សែ​ភាព​យន្ត​នេះ​ដែរ​ ពីព្រោះ​ជា​ការ​ចំណាយ​ថវិកាជាតិ​ឥតប្រយោជន៍​។ ​លោក​​​យល់​ថា ការ​ថត​ខ្សែ​ភាពយន្ត​បែប​​នេះថា ជា​ការ​សម្ដែង​បោកប្រាស់​ប្រជាពលរដ្ឋ​​ ដើម្បី​កេង​ចំណេញ​នយោបាយ​​របស់​លោក ហ៊ុន សែន ​ប៉ុណ្ណោះ៖ «មក​ដល់​ពេល​នេះ​យើង​ដឹង​ហើយ​ថា​ កៀក​នឹង​ការ​បោះឆ្នោត​អីចឹង​​គាត់​ត្រូវ​រំលឹក​រឿង​ចាស់​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​​ខ្មែរ​ដឹង​គុណ​គាត់​ថា​ គាត់​ហ្នឹង​គឺ​ជា​វរបុរស​។​ ប៉ុន្តែ​រឿង​នេះ​ ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ហើយ​ បើ​សិន​ជា​គាត់​ចិត្ត​សឿង​ក្លាហាន​ហ៊ាន​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​និង​យុត្តិធម៌ គឺ​គាត់​អត់​មាន​សមត្ថភាព​ទេ។ អីចឹង​ការ​រំលឹក​វីរភាព​របស់​ខ្លួន​ឯង​នេះ​អត់​​មាន​អី​ជា​អស្ចារ្យ​ជា​ដុំ​កំភួន​ឱ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ទេ​»។

ប្រតិកម្ម​របស់​ពលរដ្ឋ​ធ្វើ​ឡើង​ក្រោយ​ពេល​​លោក ហ៊ុន សែន ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី និង​ជួប​សំណេះសំណាល​ជា​មួយ​ក្រុម​ការងារ​ថត​ខ្សែ​ភាព​យន្ត​ភាគ​​រឿង ​«កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទពេញបូរមី» ដែល​រៀបរាប់​អំពី​ដំណើរ​ជីវិត​តស៊ូ​របស់​លោក​ ហ៊ុន សែន។ ពិធីនេះ​ ​មាន​កូន​ប្រុស​ច្បង​របស់​លោក​ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ទៀតចូល​រួមដែរ ​នៅ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក​ហ៊ុន សែន​ នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ស្និទ្ធ​នឹង​លោក​ហ៊ុន សែន​​ ចុះផ្សាយ​ថា​ ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មានលោក ហ៊ីម សុទិត្យ ​ជា​ប្រធាន​ដឹក​នាំ​គណៈកម្មការ​ផលិតភាព​យន្ត​ភាគ​​នេះ និង​មាន​មនុស្ស​ជាង ​១០​ នាក់​​​ទៀត​ជា​សមាជិក​​។ រឿង​នេះ និពន្ធ និង​ដឹក​នាំ​ដោយ​លោក ហ៊ុយ វាសនា។  ដំបូង​ឡើយ ភាពយន្ត​មួយ​នេះ ដឹកនាំ​ផលិត​ដោយ​រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​លោក ម៉ៅ អាយុទ្ធ ប៉ុន្តែ​លោក បាន​ស្លាប់​ដោយសារ​ឆ្លង​ជំងឺ​កូវីដ-១៩ កាល​ពី​ខែ​មេសា​កន្លងទៅ។​​

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​លោក​​ពុំ​ដឹង​ថា ​ភាពយន្ត​នេះ​គ្រោង​ចំណាយ​​ថវិកា​អស់​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ការ​​ចំណាយ​ថត​ភាពយន្ត​មួយ​នេះ​ជា​ថវិកា​ឯកជន​ គឺ​មិន​ពាក់ព័ន្ធ​​ថវិកា​ជាតិ​ឡើយ៖ «ទី​១​វា​ជា​ខ្សែ​ភាព​យន្ត​ប្រវត្តិសាស្ត្រ​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ជីវិត​របស់​នាយករដ្ឋមន្ត្រី នៅ​ពេល​ដែល​លោក​គេច​ចេញពី​ការ​តាម​កាប់សម្លាប់​របស់​ប៉ុល ពត ដែល​លោក​ភៀស​ខ្លួន​ទៅ​វៀតណាម ហើយ​បាន​បង្កើត​កម្លាំង​ចូល​មក​វិញ​។ អាហ្នឹង​គឺ​ជា​ចំណែក​នៃ​ប្រវត្តិសាស្ត្រ​មួយ​នៃ​​ជីវិត​របស់​នាយករដ្ឋមន្ត្រី​ ហើយ​ក៏​​ជា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ដែរ​ ក្នុង​ការ​តតាំង​ជា​មួយ​ ខ្មែរ​ក្រហម​នោះ​»។

ជុំវិញ​រឿង​នេះ​ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ គាំទ្រ​នឹង​ការ​ថត​ខ្សែ​ភាពយន្ត​​ទាំង​ឡាយ​ដែល​អប់រំ​ដល់​យុវជន​ខ្មែរ​​ដើម្បី​​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​​។ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា ​ការ​ថត​ខ្សែ​ភាពយន្ត​បែប​នេះ​គួរ​ធ្វើ​ឱ្យ​បាន​ស្នើ​ភាព​គ្នា គ្រប់​និន្នាការ​គណបក្ស​នយោបាយ​ និង​ធ្វើ​ដើម្បី​បម្រើ​​យោជន៍​សាធារណៈ៖ «មេរៀន​តាម​រយៈ​ប្រវត្តិសាស្ត្រ​នេះ​បាន​បង្ហាញ​ទៅ​សាធារណជន គេ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​ថា ​តើ​អ្នក​ណា​ខ្លះ​ជា​តួអង្គ​ដែល​ត្រូវ​ធ្វើ​កិច្ចការ​ទៅ​លើ​រឿង​នេះ​។ ​ក្រសួង​ជំនាញ​ណា​មួយ​អ្នក​ប្រវត្តិសាស្ត្រ​ហើយ​ការ​ប្រើប្រាស់​ធនធាន​សាធារណៈ ថា​តើ​ការ​ប្រើប្រាស់​ធនធាន​នោះ​វា​ជា​ប្រយោជន៍​សាធារណៈ​ឬ​មួយ​ក៏​ប្រយោជន៍​សម្រាប់​ក្រុម​ណា​មួយ​ជាក់លាក់»។

​​ទោះ​ជា​យ៉ាង​ណា ​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ចេតនា​ដែល​លោក ហ៊ុន សែន ផលិត​ភាពយន្ត​នៃ​ការ​តស៊ូ​នេះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋជា​ពិសេស អ្នក​នៅ​​ជនបទ​​​ឱ្យ​ផ្ដោត​អារម្មណ៍​លើក​តម្កើង​ពី​តម្លៃ​គ្រួសារ​របស់​លោក ហ៊ុន សែន។ លោក​ថា រូបភាព​នេះ​ជា​ការ​ប្រើ​អក្សរ​សិល្ប៍​នយោបាយ​ក្នុង​កា​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត៖ «រឿង​នេះ ​វា​គឺ​ជា​ការ​រៀបចំ​របត់​ផ្លូវ​នៃ​​ការ​លើកតម្កើង​គ្រួសារ​មួយ​ ហើយ​មិន​មាន​តថភាព​ សច្ចភាព​ដំណើរ​ប្រវត្តិសាស្ត្រ​​ត្រឹមត្រូវ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អាច​រៀន​សូត្រ​បាន​ទេ​។ គ្រាន់​តែ​លើក​តម្កើង​គ្រួសារ​ហ៊ុន​ ដើម្បី​ផែនការ​អំណាច​​គ្រួសារ​ ហើយ​មែនទែន​ទៅ​វា​ចំណាយ​​នូវ​កម្លាំង​របស់​មន្ត្រី​រាជការ​ អ្នក​ឧកញ៉ា​ និង​មន្ត្រី​ធំៗ​ ទាំង​ថវិកា​ជាតិ​​អាច​នឹង​ពាក់ព័ន្ធ​ទៅ​លើ​ការ​លាង​លុយ​ក្រខ្វក់​ផង​»។

កាល​ពី​ឆ្នាំ២០១៧ លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា លោក​មិន​ឲ្យ​អ្នក​ផ្សេង​ឈ្នះ​ដើម្បី​សរសេរ​ប្រវត្តិសាស្ត្រ​ឡើយ។ លោក​ថា គ្មាន​ឱកាស​សម្រាប់​ឲ្យ​អ្នក​ដទៃ ដែល​ជា​អ្នក​ចាញ់​សរសេរ​ប្រវត្តិសាស្ត្រ​ទេ គឺ​មាន​តែ​អ្នក​ឈ្នះ​ទេ​ ដែល​ជា​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​។

កន្លងមកលោក ហ៊ុន សែន ក៏បាន​បង្កើត​ល្ខោន​វិទ្យុ​រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី​នេះ​ដែរ និង​ត្រូវ​បាន​វិទ្យុ​បាយ័ន​​របស់​កូន​ស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ចាក់​ផ្សាយ ជា​ច្រើន​ឆ្នាំ​មក​ហើយ ជាពិសេស​នៅ​ពេល​ជិត​ដល់​រដូវ​កាល​បោះឆ្នោតម្តងៗ។​

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ និង​អ្នកវិភាគអះអាង​ថា លោក ហ៊ុន សែន កំពុងតែ​កាឡៃ​ប្រវត្តិសាស្ត្រ​តាមរយៈ​ការផលិត​ខ្សែភាពយន្ត​នេះ​។ អ្នកវិភាគ​ថា ពលរដ្ឋ​ជាច្រើន​បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ពិត ដែល​មិន​អាច​កែប្រែ​បាន​នោះ គឺលោកជា​អតីត​ទាហាន​ខ្មែរក្រហម និង​បាន​ឡើង​កាន់អំណាច​ដោយសារ​ការ​ជួយជ្រោមជ្រែង​របស់​វៀតណាម។ អ្នកវិភាគ​លើក​ឡើង​ថា ការផលិត​ខ្សែ​ភាពយន្ត​នេះ លោក ហ៊ុន សែន ចង់​បង្កើត​សាច់រឿង​ថ្មី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិត​ទាំងនេះ ក្នុង​ទិសដៅ​លើក​តម្កើង​ខ្លួនឯង​ផង និង​ចង់​ទទួល​បាន​ការ​អាណិត​អាសូរ​ពី​ពលរដ្ឋ​ផង ដើម្បី​ឈាន​ទៅ​ពង្រឹង​អំណាច​ត​ពូជ​ពង់​វង្ស​ត្រកូល​នៅ​ពេល​អនាគត៕

1 comment:

Anonymous said...

Ah Hun Sen Chlang Chkuot Pi Ah Sihanouk.