ដោយ សេក បណ្ឌិត
2021-12-15
លោក អ៊ុំ សំអាន មន្ត្រីបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក
មន្ត្រីបក្សប្រឆាំងរិះគន់រដ្ឋាភិបាលដែលអះអាងថា ខ្លួននឹងបង្កើតបរិយាកាសសន្ទនាល្អក្នុងអាស៊ាន ស្របពេលដែលកម្ពុជាមិនបានអនុវត្តខ្លួនឯងនៅឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាជាប់គាំងនយោបាយផ្ទៃក្នុងប្រទេសជាមុនសិន មុននឹងឈានទៅដោះស្រាយវិបត្តិនយោបាយប្រទេសក្នុងតំបន់អាស៊ាន ពិសេសប្រទេសភូមា។
មន្ត្រីបក្សប្រឆាំងរិះគន់រដ្ឋមន្ត្រីការបរទេសកម្ពុជាដែលអួតអាងនៅចំពោះក្រុមប្រទេស G7 នៅក្នុងកិច្ចប្រជុំតាមអនឡាញថា មិនទាន់បានដោះស្រាយបញ្ហានយោបាយក្នុងប្រទេសផង បែរជាចង់បង្កើតបរិយាកាសសន្ទនានៅក្នុងតំបន់អាស៊ានជាពិសេស។
មន្ត្រីបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ធ្នូ ថា រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលភូមាបច្ចុប្បន្ន ជារបបផ្ដាច់ការដែលបានសម្លាប់ប្រជាធិបតេយ្យ និងកើតចេញពីការប្លន់សន្លឹកឆ្នោតពីបក្សប្រឆាំងដូចគ្នា ដូច្នេះមិនអាចបង្កើតបរិយាកាសសន្ទនាសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងតំបន់អាស៊ានបានឡើយ ពិសេសការតាំងខ្លួនជាអាជ្ញាកណ្ដាលដោះស្រាយវិបត្តិនយោបាយនៅភូមា។ លោកបន្តថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងចង់ឱ្យអាស៊ានទទួលស្គាល់ភាពស្របច្បាប់របស់មេដឹកនាំផ្ដាច់ការ លោក មីង អ៊ុងឡាំង (Min Aung Hlaing) តែប៉ុណ្ណោះ ហើយទង្វើនេះក៏ជាការបំពេញនូវឆន្ទៈរបស់ចិន ដែលចង់ទាញរបបសឹកភូមាឱ្យចូលរួមជាសមាជិកស្របច្បាប់ក្នុងកិច្ចប្រជុំអាស៊ាន ដែលមានកម្ពុជាជាម្ចាស់ផ្ទះផងដែរ។ លោកបញ្ជាក់ថា បើកម្ពុជាចង់ដោះស្រាយបញ្ហាភូមាពិតមែន នោះកម្ពុជាត្រូវតែបើកលំហសិទ្ធិសេរីភាព ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ព្រមទាំងរៀបចំការបោះឆ្នោតត្រឹមត្រូវ ដោយមានការចូលរួមពីបក្សសង្គ្រោះជាតិ ដែលត្រូវបានបក្សកាន់អំណាចរំលាយកាលពីឆ្នាំ២០១៧៖ «សុភាសិតខ្មែរយើង គេថា គីង្គក់លក់ថ្នាំស្រែង។ មានន័យថា ស្រែងរបស់ខ្លួនឯងហ្នឹង មិនទាន់ព្យាបាលជាផង ទៅព្យាបាលស្រែងរបស់គេយ៉ាងម៉េចកើត? ដូចកម្ពុជាអួតថា នឹងបង្កើតនូវកិច្ចសន្ទនាគ្រប់ភាគីទាំងអស់នៃសមាជិកអាស៊ាន ជួយដោះស្រាយបញ្ហានៅភូមាអីជាដើមហ្នឹង។ យើងមើល! វិបត្តិនយោបាយនៅកម្ពុជាហ្នឹង មិនទាន់ដោះស្រាយបានផង ទៅដោះស្រាយវិបត្តិនៅភូមាយ៉ាងម៉េចកើត? ទៅឱ្យភូមាហ្នឹង បើកកិច្ចចរចា កិច្ចសន្ទនារវាងគណបក្សប្រឆាំង និងមេដឹកនាំយោធាហ្នឹង វាមិនអាចទៅរួចទេ»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងនេះធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ដែលបានរៀបចំឡើងនៅទីក្រុងលីវើភូល (Liverpool) ប្រទេសអង់គ្លេស តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅ។ ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងពីសារៈសំខាន់នៃស្មារតីអាស៊ាន ដែលត្រូវតែមានការរួបរួមសមាជិកអាស៊ានទាំង១០ប្រទេស និងគម្រោងទស្សនកិច្ចរបស់ លោក ហ៊ុន សែន នៅប្រទេសភូមានាដើមឆ្នាំ២០២២ ខាងមុខ ដើម្បីសម្រេចកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ចំណុចរបស់អាស៊ាន។ ទន្ទឹមនឹងនោះ លោកថា របៀបវារៈកំពូលរបស់កម្ពុជានៅឆ្នាំ២០២២ នឹងបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា និងទំនុកចិត្តផ្នែកនយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់ហិង្សា និងឯកភាពគ្នាក្នុងតំបន់អាស៊ាន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៥ ធ្នូ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជាពិតជាអាចជួយដោះស្រាយបញ្ហានៅភូមាបាន ដោយសារតែកម្ពុជាធ្លាប់មានបទពិសោធផ្សះផ្សាជាតិច្រើនដងរួចមកហើយ។ ដោយឡែកការរិះគន់ចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន វិញ លោកថា វាជារឿងពីរផ្សេងគ្នា ដោយមួយជាបញ្ហាផ្ទៃក្នុងកម្ពុជា និងមួយទៀតជាបញ្ហារបស់អាស៊ានដែលកម្ពុជាត្រូវតែដោះស្រាយក្នុងនាមខ្លួនជាម្ចាស់ផ្ទះអាស៊ាននៅឆ្នាំក្រោយ។ លោកអះអាងថា ការទាមទាររបស់បក្សសង្គ្រោះជាតិក្នុងការចូលរួមបោះឆ្នោតនៅអាណត្តិក្រោយ មុននឹងកម្ពុជាត្រូវទៅដោះស្រាយវិបត្តិភូមា ជារឿងមិនត្រឹមត្រូវ ព្រោះលោកថា ប្រធានស្ដីទីបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ជាដើម កំពុងជាប់បណ្ដឹងនៅតុលាការ ដូច្នេះបក្សសង្គ្រោះជាតិត្រូវទៅជជែកជាមួយនឹងតុលាការមិនមែនមកជជែកពីវប្បធម៌សន្ទនាជាមួយនឹងរដ្ឋាភិបាលនោះទេ៖ «គេមិនចង់ឱ្យកម្ពុជាមានជោគជ័យនៅក្នុងការរៀបចំឱ្យមានវគ្គសន្ទនារវាងភាគីជម្លោះនៅឯភូមា ដោយសារគេមាននិន្នាការនយោបាយតែប៉ុណ្ណឹងទេ។ គេអត់មាននិន្នាការបង្ហាញពីការជួយដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ឬភូមាឱ្យបានជួបជុំគ្នា ជជែកគ្នា។ ឬយើងមានគោលបំណងកាត់ផ្ដាច់ភូមាចេញពីសហគមន៍របស់អាស៊ានណាស់? បើធ្វើអ៊ីចឹង គឺវាអត់ត្រូវច្បាប់ ពីព្រោះអាស៊ាន១០ ហើយអាស៊ានគ្មានច្បាប់ណា ដែលឱ្យលូកលាន់ដាក់កំហុសអ្នកនេះអ្នកនោះទេ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា កម្ពុជាចាំបាច់ត្រូវតែដោះស្រាយបញ្ហាជាប់គាំងនយោបាយនៅក្នុងប្រទេសជាមុនសិន ដើម្បីឈានទៅដោះស្រាយវិបត្តិនៅភូមាបាន។ បើមិនដូច្នោះទេ កម្ពុជានឹងរងនូវការរិះគន់ និងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់អន្តរជាតិ និងប្រទេសក្នុងតំបន់អាស៊ានដូចគ្នា៖ «អ្វីដែលសំខាន់ ខ្ញុំគិតថា បើកម្ពុជាយើងបង្ហាញអំពីការសន្ទនារវាងអ្នកនយោបាយនៅកម្ពុជា ហើយនិងដោះស្រាយវិបត្តិនយោបាយនៅកម្ពុជានេះ បានបង្ហាញទៅសហគមន៍អន្តរជាតិ ក៏ដូចជាអាស៊ានថា កម្ពុជាបានដោះស្រាយបញ្ហានយោបាយរបស់ខ្លួន ហើយនិងបានលើកកម្ពស់ទៅលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អាហ្នឹងវាជារឿងមួយល្អ ដែលឈានទៅដោះស្រាយនូវបញ្ហាប្រទេសផ្សេងទៀត»។
គណបក្សប្រឆាំង អង្គការសិទ្ធិមនុស្សអន្តរជាតិ និងអ្នកតាមដានស្ថានការណ៍នយោបាយបានរិះគន់ជាបន្តបន្ទាប់ ដល់លោក ហ៊ុន សែន ថា កំពុងតែដើរផ្លូវខុសក្នុងការដោះស្រាយវិបត្តិនៅភូមា និងកំពុងនាំភាពប្រេះឆាក្នុងតំបន់អាស៊ាន។ ថ្មីៗនេះ ពលរដ្ឋភូមាផ្ទាល់ក៏បានបង្ហាញការខឹងសម្បារ ចំពោះជំនួបរវាងលោក ហ៊ុន សែន ជាមួយមន្ត្រីនៃរបបសឹកភូមា ដោយចូលទៅខំមិន (Comment) ក្នុងហ្វេសប៊ុករបស់លោក ហ៊ុន សែន ឌឺដងដោយដាក់រូបថតមេដឹកនាំរដ្ឋប្រហារយោធាភូមាក្នុងជំនួបលោក ហ៊ុន សែន ទៀតផង៕
No comments:
Post a Comment