Tuesday, 27 June 2023

អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង​ប្រើ​អំពើ​ហិង្សា​វាយ​ដុំ​និង​គំរាម​សម្លាប់​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​បី​នាក់

 

ដោយ យន់ សាមៀន
2023.06.27
 
អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង​ប្រើ​អំពើ​ហិង្សា​វាយ​ដុំ​និង​គំរាម​សម្លាប់​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​បី​នាក់  
យុវជនខ្មែរកម្ពុជាក្រោម២រូបគឺលោក លោក តោ ហ្វាងចឿង (ស្ដាំ) និង​លោក ឡឹម វង្ស ដែលត្រូវអាជ្ញាធរវៀតណាម​ចាប់ខ្លួន និង​ធ្វើ​ទារុណកម្ម។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
 
 

អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ឃ្លាំង បាន​បន្ត​ប្រើ​អំពើហិង្សា​វាយ​ដុំ​និង​គំរាម សម្លាប់​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​បី​នាក់ ដែល​ហ៊ាន​ងើបឡើង​តវ៉ា​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ដែល​ប្រើប្រាស់​អំពើ​ហិង្សា​តាម​ទំនើងចិត្ត​និង​ព្រៃផ្សៃ​ប្រឆាំង​នឹង​ខ្មែរ​កម្ពុជា​ក្រោម​ដែល​​ជា​ជនជាតិ​ដើម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ស្នើ​ឲ្យ​វៀតណាម​បញ្ឈប់​ជា​បន្ទាន់ នូវ​សកម្មភាព​គាបសង្កត់​ប្រឆាំង​សកម្មជន​និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម និង​គោរព​សិទ្ធិ​សេរីភាព​នៃ​ការសំដែង​មតិ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​។ សហព័ន្ធ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ស៊ើបអង្កេត​ករណី​អាជ្ញាធរ​ខេត្ត​ឃ្លាំង​ប្រើប្រាស់​ហិង្សា​វាយ​ដុំ និង​គំរាម​សម្លាប់​លើ​សកម្មជន​ខ្មែរក្រោម​ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ផ្ដន្ទាទោស។

ប្រតិកម្ម​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​ប៉ូលិស​វៀតណាម​នៅ​ខេត្ត​ឃ្លាំង បាន​ឃាត់ខ្លួន​សកម្មជន​ខ្មែរក្រោម​លោក ឡឹម វង្ស និង លោក តោ ហ្វាងចឿង ក្នុង​ពេល​ដាច់​ដោយឡែក​ពី​គ្នា កាលពី​សប្ដាហ៍​មុន ទៅ​កន្លែង​សំងាត់​ដើម្បី​ឃុំខ្លួន​និង​ធ្វើ​ទារុណកម្ម​។ លោក ឡឹម វង្ស ត្រូវ​ប៉ូលិស​វៀតណាម​ដាល់​ចំ​ពោះ និង​កញ្ចឹង​ក​ជាច្រើន​ដង បណ្ដាល​ឲ្យ​លោក​រង​របួស។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លើកឡើង​ថា អាជ្ញាធរ​វៀតណាម​ប្រើប្រាស់​ហិង្សា​នេះ ដោយសារ​តែ លោក ឡឹម វង្ស ចែក​ចាយ​ឯកសារ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​ជនជាតិ​ដើម ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម និង​ពាក់​អាវយឺត​មាន​ទង់ជាតិ​កម្ពុជា​ក្រោម​ទៅ​ដើម្បី​ឲ្យ​ខ្មែរ​ក្រោម​ស្វែង​យល់​ពី​អត្តសញ្ញាណ​និង​វប្បធម៌​របស់​ពួកគេ។ 

 

ដោយឡែក​លោក តោ ហ្វាងចឿង ដែល​មាន​បំណង​ចង់ទៅ​សួរសុខទុក្ខ លោក ឡឹម វង្ស ក្រោយ​អាជ្ញាធរ​វៀតណាម​ធ្វើ​ទារុណកម្ម​នោះ ក៏​ត្រូវ​ប៉ូលិស​វៀតណាម​ឃាត់ និង​នាំ​ខ្លួន​ទៅ​កន្លែង​សំងាត់​ធ្វើ​ទារុណកម្ម​។ លោក តោ ហ្វាងចឿង ត្រូវ​ប៉ូលិស​វៀតណាម​ដាល់​ដោយ​ដៃ​ចំ​ថ្ងាស​ឡើង​ប៉ោង និង​កញ្ចឹង​ក​អស់​រយៈពេល​ជាច្រើន​ម៉ោង ទើប​ដោះលែង។ វៀតណាម​ប្រើប្រាស់​ហិង្សា​វាយ​ដំ​រូប​លោក តោ ហ្វាងចឿង ពីព្រោះ​លោក​ជា​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​ឆ្នើម​ម្នាក់ ដែល​ហ៊ាន​តវ៉ា ទាមទារ សិទ្ធិ​ជនជាតិ​ដើម​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក តោ ហ្វាងចឿង ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី​២៥ មិថុនា​ថា អាជ្ញាធរ វៀតណាម ក្រៅពី​វាយដំ​រូបលោក ពួកគេ​ក៏​គំរាម​នឹង​សម្លាប់​លោក ប្រសិនបើ​លោក​ហ៊ាន​បន្តសកម្មភាព​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ឲ្យ​ខ្មែរក្រោម។

ទោះបី​លោក តោ ហ្វាងចឿង ត្រូវ​វៀតណាម​ប្រើប្រាស់​ហិង្សា និង​គំរាម​សម្លាប់​ក្ដី​លោក​ប្ដេជ្ញា​ថា លោក​នឹង​បន្ត​សកម្មជន​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ឲ្យ​ខ្មែរក្រោម។

លោក តោ ហ្វាងចឿង៖ «វៀតណាម​ធ្វើ​ទារុណកម្ម​លើ​រូប​ប្អូន​យ៉ាងណាក៏ដោយ ក៏​សកម្មភាព​របស់​ប្អូន​នៅតែ​បន្តដំណើរ​ឈាន​ទៅ​មុខ​ទៀត។ មិន​ថា រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ ប្អូន​មិន​រាងចាល​ទេ ប្អូន​នៅតែ​បន្តដំណើរ​ទៅមុខ​ដើម្បី​ជូន​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ដប់​លាន​នាក់ មាន​សិទ្ធ​សេរីភាព»

ចំណែក សកម្មជន​ខ្មែរក្រោម​ម្នាក់​ទៀត​ថា ឈ្មោះ យ័ញ ម៉ិញក្វាង ក៏​ត្រូវ​វៀតណាម គំរាម​សម្លាប់​ក្រោយ​ពេល​លោក​បាន​ដាក់​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម នៅមុខ​ផ្ទះ និង​រក្សា​ទុក​ទង់ជាតិ​ផ្សេង​ទៀត​ក្នុង​ផ្ទះ​របស់​លោក។ អាជ្ញាធរ​ប្រមាណ​៣០​នាក់​បាន​ឡោមព័ទ្ធ​ផ្ទះ​របស់​លោក និង​បង្ខំ​ឲ្យ​លោក​ប្រគល់​ទង់ជាតិ​ខ្មែរក្រោម​ឲ្យ​អាជ្ញាធរ​វៀតណាម។ កាលពី​ខែ​មីនា កន្លង​ទៅ លោក យ័ញ ម៉ិញក្វាង ក៏​ធ្លាប់​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ទៅ​វាយ​ឲ្យ​រងរបួស​ដោយសារតែ​លោក​ពាក់​អាវយឺត​ក្នុង​ខួប អបអរសាទរ​ថ្ងៃ​សិទ្ធិ​នារី ៨ មីនា​ដោយមាន​រូប​សញ្ញា​ផែនទី និង​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម។ លោក យ័ញ ម៉ិញក្វាង អះអាង​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​យល់​ច្បាស់​ពី​អត្តសញ្ញាណ​របស់​ពួកគេ​ដូច្នោះ​ខ្មែរក្រោម​ប្រើប្រាស់​ទង់ជាតិ​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ដឹង​ពី​ប្រវត្តិ​ខ្មែរ​កម្ពុជា​ក្រោម។

លោក យ័ញ ម៉ិញក្វាង៖ «ឥឡូវ​ខ្ញុំ​គ្មាន​លុយកាក់​ទេ ប៉ុន្តែ​បើ​មាន​លុយកាក់​ខ្ញុំ​នឹង​ចង​មក​វិញ ខ្ញុំ​មិន​ខ្លាច​ទេ។ ទង់ជាតិ​ហ្នឹង​ទង់ជាតិ​ដើម​គ្មាន​ខុសត្រូវ​អ្វី នឹង​នគរបាល​ទេ ខ្ញុំ​បាន​និយាយ​ជាមួយ​វា​ហើយ​ថា បើ​ខ្ញុំ​មិន​ដាក់​ម្ដេច​គេ​ដឹង​ថា ខ្ញុំ​ជា​ជនជាតិ​ដើម។ បងប្អូន​ខ្មែរ​គេ​ដាក់​ច្រើន​ណាស់»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អាជ្ញាធរ​វៀតណាម​ដើម្បី​បកស្រាយ​ជុំវិញ​ការចោទប្រកាន់​របស់​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​បាន​នៅឡើយ​ទេ កាល​ពី​ថ្ងៃ​ទី២៦ មិថុនា ប៉ុន្តែ​តំណាង​ស្ថានទូត​វៀតណាម​នៅ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​តែងតែ អះអាង​ថា អាជ្ញាធរ​វៀតណាម​មិន​រើសអើង​នឹង​ខ្មែរក្រោម និង​មិនបាន​ប្រើប្រាស់​អំពើ​ហិង្សា និង​គាបសង្កត់​ខ្មែរក្រោម​ឡើយ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ប្រធាន​នាយកដ្ឋាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះ​ភិក្ខុ សឿង យ៉ឹងរតនា ស្នើ​ឲ្យ​សហគមន៍​ខ្មែរ​អន្តរជាតិ អង្គការសិទ្ធិមនុស្ស​ចាត់​វិធានការ​តឹងរ៉ឹង​ប្រឆាំង​នឹង​វៀតណាម​ដែល​បន្ត​រំលោភ​សិទ្ធិ​មនុស្ស និង​ដាក់​គំនាប​ឲ្យ​វៀតណាម​ប្ដេជ្ញាចិត្ត​គោរព​សិទ្ធិមនុស្ស ខណៈ​ប្រទេស​នេះ​កំពុង​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​សម្រាប់​រយៈពេល​បី​ឆ្នាំ។

ព្រះភិក្ខុ សឿង យ៉ឹងរតនា៖ «អាជ្ញាធរ​វៀតណាម​នៅតែ​មាន​មហិច្ឆតា​សងសឹក​នឹង​ពលរដ្ឋ​កម្ពុជា​ក្រោម នៅ​ទឹកដី​កម្ពុជា​ក្រោម។ គ្រាន់តែ​ខ្មែរក្រោម​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទាក់ទង​គ្នា ប្រាស្រ័យ​គ្នា​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម កោះហៅ​សួរចម្លើយ និង​ធ្វើ​ទារុណកម្ម ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម។ បាទ​នេះ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម»

កម្ពុជា​បាន​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​អស់​រយៈពេល​៧៤​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​ខ្មែរក្រោម​រស់នៅ​លើទឹក​ដី​កំណើត និង​នៅ​ជុំវិញ​ពិភពលោក​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​វៀតណាម​ទទួល​ខ្មែរក្រោម​ជា​ជនជាតិ​ដើម ដើម្បី​មាន​សិទ្ធិ​ស្វ័យ​សម្រេច។ យុទ្ធនាការ និង​ការ​ងើប​ឡើង​ទាមទារ​សិទ្ធិមនុស្ស​របស់​ខ្មែរក្រោម​នេះ​បណ្តាល​ឲ្យ​វៀតណាម​ចាប់ផ្ដើម​រឹត​បន្តឹង និង​គាបសង្កត់​ពលរដ្ឋ​និង​ព្រះសង្ឃ​ខ្មែរក្រោម រួម​មាន​ការ​គំរាមកំហែង ធ្វើ​ទារុណកម្ម​និង​ចាប់​ដាក់​ពន្ធនាគារ​ជាដើម៕

No comments: