![]() |
| ស្ត្រីចំណាស់ម្នាក់ទូលឈើអំបោសដើរលក់តាមផ្លូវនានាក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។ រូបថត ភ្នំពេញ ប៉ុស្តិ៍ |
ការលំបាក និងក្តីសង្ឃឹមរបស់ចាស់ជរាកម្ពុជា
Mon, 14 September 2015 ppp
ការចាប់ផ្តើមនូវសន្ទស្សន៍ Global AgeWatch Index ឆ្នាំ ២០១៥ គឺជាឱកាសមួយសម្រាប់សហគមន៍កម្ពុជាអ្នកធ្វើគោលនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមដែលចាស់ជរាកំពុងតែប្រឈមប្រចាំថ្ងៃទាក់ទងនឹងសុខភាពភាពឯកោ ភាពក្រីក្រ និងសិទិ្ធមនុស្ស។
ប្រជាជនកម្ពុជាជាច្រើនអាយុជាង ៦០ ឆ្នាំកំពុងជួបការលំបាកបន្ទាប់ពីភាពចលាចលមួយជីវិតដែលសន្ទស្សន៍នេះបានបង្ហាញយ៉ាងច្បាស់។ ប៉ុន្ដែមានមូលហេតុត្រូវសង្ឃឹមថាអាកប្បកិរិយាវិជ្ជមានពីគ្រប់មជ្ឈដ្ឋានអាចស្តារសេចក្តីថ្លៃថ្នូរ និងគុណភាពជីវិតដល់មនុស្សចាស់ជរាប៉ុន្មានឆ្នាំខាងមុខនេះ។
សន្ទស្សន៍ Global Agewatch (GAWI) ត្រូវបានបោះពុម្ពផ្សាយជារៀងរាល់ឆ្នាំដោយអង្គការបុត្រសម្ព័ន្ធរបស់យើងគឺអង្គការជួយចាស់ជរាអន្តរជាតិតាំងពីឆ្នាំ ២០១៣។ សន្ទស្សន៍នេះកំណត់ចំណាត់ថ្នាក់ប្រទេសទាំង ៩៦ ផ្អែកលើទិន្នន័យស្តីពីប្រជាជនអាយុលើស ៦០ ឆ្នាំក្នុងគោលបំណងកំណត់បញ្ហាសំខាន់ចំពោះសុខុមាលភាពសង្គម និងសេដ្ឋកិច្ចរបស់មនុស្សចាស់ជរា និងដើម្បីធ្វើឱ្យទិន្នន័យកាន់តែងាយស្រួលក្នុងការប្រើប្រាស់។ សន្ទស្សន៍នេះគឺជាការប្រៀបធៀបរវាងបណ្តាប្រទេសទាក់ទងនឹងតម្រូវការ និងឱកាសរបស់ចាស់ជរាប៉ុន្តែបានបង្ហាញថាផលិតផលជាតិសរុបរបស់ប្រទេសមួយមិនធានាបាននូវគុណភាពល្អនៃជីវិតសម្រាប់មនុស្សចាស់ជរាហើយមិនមែនជាឧបសគ្គចំពោះការធ្វើឲ្យស្ថានការណ៍របស់ពួកគេកាន់តែល្អប្រសើរទេ។
សន្ទស្សន៍ GAWI ឆ្នាំ ២០១៥ ផ្ដល់នូវឱកាសសំខាន់ជាពិសេសក្នុងការយល់ដឹងកាន់តែច្បាស់ និងគូសបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងវ័យដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្រោយឆ្នាំ ២០១៥ និងលទ្ធផល COP21 អាចកំណត់របៀបវារៈអភិវឌ្ឍន៍រួមលើសកលលោកសម្រាប់ឆ្នាំខាងមុខ។ សន្ទស្សន៍នេះមានសារៈសំខាន់ចំពោះអាស៊ីដោយប្រទេសចុះបញ្ជីចំនួន ២៦ ប្រទេសមានប្រជាជនចាស់ជរា ៥២% ក្នុងចំណោមប្រជាជនពិភពលោក។ ប្រទេសជប៉ុនមានពិន្ទុខ្ពស់បំផុតលើសន្ទស្សន៍គឺលេខ ៨ ដោយប្រទេសអាហ្វហ្គានីស្ថានមានពិន្ទុទាបគឺ ៩៦។ កម្ពុជាធ្លាក់ចំណាត់ថ្នាក់មួយលេខមកលេខ ៨០ ក្នុងឆ្នាំ ២០១៥ នៅពីក្រោយប្រទេសក្រិក និងមុខប្រទេសហ្គាណា។
មនុស្សចាស់កម្ពុជាម្ភៃប្រាំភាគរយរស់នៅតំបន់ជនបទដោយ ៨ ភាគរយរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រគឺលើសតួលេខមធ្យមរបស់ជាតិ។ មនុស្សចាស់ជរាជាច្រើននាក់មានប្រាក់សន្សំតិចតួច ឬគ្មានហើយសេវា និងគុណភាពសេវាសុខភាពមានកម្រិតគួបផ្សំនឹងថ្លៃចំណាយកើនឡើងអាចបង្ខំឲ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រថែមទៀត។ បន្ថែមលើបញ្ហានេះគឺកង្វះនៃការផ្តោតលើបញ្ហាសុខភាពទាក់ទងនឹងវ័យជាពិសេសជំងឺមិនឆ្លងក្នុងវិស័យសុខាភិបាល និងកង្វះនៃការយល់ដឹងក្នុងចំណោមមនុស្សចាស់ជរាក្រីក្រអំពីសិទិ្ធរបស់ពួកគេដូចជាប័ណ្ណអត្តសញ្ញាណជនក្រីក្រ។ មានតែចាស់ជរា ៥ ភាគរយប៉ុណ្ណោះដែលបច្ចុប្បន្នទទួលបានប្រាក់សោធននិវត្តន៍។
លើសពីនេះទៀតមនុស្សចាស់ជរាកាន់តែច្រើនឡើងបានក្លាយជាអាណាព្យាបាលចៅដោយសារតែការធ្វើចំណាកស្រុករបស់ឪពុកម្តាយ ឬដោយសារឪពុកម្តាយបែកបាក់គ្នា ឬស្លាប់។ កត្តានេះបានបង្កើនការចំណាយលើការរស់នៅ និងសុខភាពរបស់ពួកគេ។ ផ្ទុយទៅវិញមនុស្សចាស់ជរាដែលគ្មានសមាជិកគ្រួសារតែងតែនៅឯកោក្នុងសហគមន៍របស់ខ្លួន និងមិនអាចចូលរួមក្នុងជីវិតសង្គមទេ។ ច្បាស់ណាស់មនុស្សចាស់ជរា ១ លាននាក់របស់កម្ពុជាជាច្រើននាក់ដោយទទួលរងនូវជម្លោះ និងការរាំងស្ទះអស់ច្រើនទសវត្សរ៍នៅតែប្រឈមនឹងឧបសគ្គយ៉ាងច្រើនក្នុងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខភាពល្អ។ ដោយចំនួនមនុស្សចាស់ជរានឹងកើនឡើង ៣ ដង នៅត្រឹមឆ្នាំ ២០៥០ ជាការសំខាន់ត្រូវដោះស្រាយឧបសគ្គទាំងនេះនៅថ្ងៃនេះ។
ស្ថិតិដែលបានស្រង់ខាងលើបង្ហាញថាយើងនៅតែមិនទាន់សម្រេចបាននូវគុណភាពជីវិតដែលអាចទទួលយកបានសម្រាប់មនុស្សចាស់ជរារបស់យើង។
អង្គការជួយចាស់ជរាកម្ពុជាបានធ្វើការដើម្បីសម្រេចនូវគោលដៅនេះចាប់តាំងពីចាប់ផ្តើមនៅឆ្នាំ ១៩៩២ ជាការិយាល័យប្រចាំប្រទេសរបស់អង្គការជួយជនចាស់ជរាកម្ពុជាហើយចាប់តាំងពីឆ្នាំ ២០១៤ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកឯករាជ្យ។ យើងមើលឃើញបញ្ហាប្រឈមច្រើននៅចំពោះមុខខណៈដែលកម្ពុជាប្រឈមមុខនឹងបញ្ហាចាស់ជរាប៉ុន្តែក៏ឃើញមូលហេតុត្រូវមានសុទិដ្ឋិនិយមផងដែរ។
ក្នុងការងាររបស់យើងនៅតាមភូមិនៅភាគពាយព្យយើងបានរកឃើញថាការជម្នះលើការយល់ឃើញថាមនុស្សចាស់ជរាគឺជាបន្ទុក និងការប្រើប្រាស់សក្តានុពលរបស់ពួកគេគឺជាបញ្ហាប្រឈមដែលសហគមន៍ត្រូវតែប្រឈមរួមគ្នា។ ដូច្នេះយើងអនុវត្តគម្រោងយើងតាមរយៈសមាគមចាស់ជរានៅតាមភូមិ។ សមាគមនេះដឹកនាំដោយចាស់ជរាប៉ុន្តែមានការចូលរួមពីសហគមន៍ទាំងមូលហើយអាចជាការគាំទ្រដល់គំនិតផ្តួចផ្តើម និងការតស៊ូមតិផ្ទៃក្នុងជាកន្លែងពិគ្រោះយោបល់សម្រាប់គម្រោងអភិវឌ្ឍន៍របស់អង្គការជួយចាស់ជរាកម្ពុជា ឬជាកន្លែងរួមសម្រាប់មនុស្សចាស់។ ប្រហែលសំខាន់បំផុតនោះគឺសមាគមចាស់ជរាអាចបង្ហាញតម្លៃចាស់ជរាដល់សាច់ញាតិ និងអ្នកជិតខាងក្មេងៗ។
បន្ទាប់ពីការចូលរួមរបស់សហគមន៍ និងអាជ្ញាធរមូលដ្ឋានជាច្រើនឆ្នាំអង្គការជួយចាស់ជរាកម្ពុជាបានចូលរួមជាមួយនឹងរដ្ឋាភិបាលថ្នាក់ជាតិអំពីបញ្ហារបស់ចាស់ជរា។ អង្គការបច្ចុប្បន្នកំពុងផ្តល់យោបល់បច្ចេកទេសដល់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងការពិនិត្យលើគោលនយោបាយជាតិស្តីពីចាស់ជរា។ យើងត្រូវបានគេលើកទឹកចិត្តដោយការចូលរួមរបស់ក្រសួងនៅក្នុងដំណើរការនេះហើយសង្ឃឹមថាយោបល់របស់យើងនឹងជួយដល់ក្រសួងក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់មនុស្សចាស់។
ដោយសន្ទស្សន៍ GAWI ឆ្នាំ ២០១៥ បញ្ជាក់ច្បាស់កម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលប្រឈមនឹងបញ្ហាចំនួនមនុស្សចាស់ជរាកើនឡើងទេ។ នៅពេលដែលមេដឹកនាំពិភពលោកបានកោះប្រជុំនៅក្នុងឆ្នាំនេះដើម្បីកំណត់ទិសដៅនៃការអភិវឌ្ឍក្នុងទសវត្សរ៍សូមយើងទាំងអស់គ្នាធានាថាមនុស្សចាស់ជរាទទួលបាននូវការយកចិត្តទុកដាក់ និងការគោរពដែលពួកគេសមនឹងទទួលបាន៕ TK
បណ្ឌិត Michael S Nhim ជានាយកប្រតិបត្តិនៃអង្គការជួយចាស់ជរាកម្ពុជា

No comments:
Post a Comment