ដោយ យាង សុជាមេត្តា
2016-01-01 rfa
![]() |
| ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានរដ្ឋសភា លោក ហេង សំរិន។
RFA
|
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលពេលនេះកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិក (Email) នៅថ្ងៃទី១ ខែមករា ថា លោកព្រមចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបណ្ដឹងបរិហារកេរ្តិ៍របស់លោក ហេង សំរិន ប្រធានរដ្ឋសភា។
សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែធ្នូ ឆ្នាំ២០១៥ បានកោះហៅលោក សម រង្ស៊ី ឲ្យចូលឆ្លើយបំភ្លឺនៅតុលាការតាមបណ្ដឹងរបស់លោក ហេង សំរិន ពីរឿងដែលលោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) កាលពីពេលថ្មីៗនេះថា របបដឹកនាំរបស់លោក ហេង សំរិន ធ្លាប់បានកាត់ទោសប្រហារជីវិតអតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះ នរោត្តម សីហនុ ពីបទក្បត់ជាតិ។ ប៉ុន្តែលោក សម រង្ស៊ី មិនបានចូលបំភ្លឺតាមដីកាកោះរបស់តុលាការពេលនោះឡើយ។
យ៉ាងណា លោក សម រង្ស៊ី ប្រាប់វិទ្យុអាស៊ីសេរី ពេលនេះថា លោកយល់ព្រមឆ្លើយបំភ្លឺជាមួយតុលាការនៅថ្ងៃទី៤ មករា តែការឆ្លើយបំភ្លឺនោះ ត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ដែលអាចសន្សំប្រាក់កាក់ និងពេលវេលាផងដែរ។ លោក សម រង្ស៊ី បានលើកឡើងនូវមធ្យោបាយដែលលោកអាចឆ្លើយតបបានមួយចំនួន ដូចជាតាមប្រព័ន្ធ ស្កែប្ភ (Skype) ជាដើម។
លោក សម រង្ស៊ី បានសរសេរហាក់ចំអកបន្តិចថា ការដែលលោកជ្រើសរើសឆ្លើយបំភ្លឺតុលាការតាមប្រព័ន្ធអ៊ីនធឺណិតនេះ ដោយសារតែលោក ហេង សំរិន ដែលប្ដឹងលោកពីបទបរិហារកេរ្តិ៍នោះ ក៏ដោយសារតែលោកបានសរសេរនៅលើអ៊ីនធឺណិតដូចគ្នាដែរ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីតុលាការចំពោះសំណើរបស់លោក សម រង្ស៊ី នេះបាននៅឡើយទេ នៅថ្ងៃទី១ ខែមករា៕

No comments:
Post a Comment