Thursday, 28 January 2016

គ.ជ.ប​ចាប់​ផ្ដើម​ពិភាក្សា​លើ​សេចក្ដី​ព្រាង​បទបញ្ជា​និង​នីតិវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី

គ.ជ.ប​ចាប់​ផ្ដើម​ពិភាក្សា​លើ​សេចក្ដី​ព្រាង​បទបញ្ជា​និង​នីតិវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី

ដោយ ម៉ម មុនីរតន៍
2016-01-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ស៊ិក ប៊ុនហុក ៨៥៥ ២០១៦
ប្រធាន​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឆ្លើយ​សំណួរ​អ្នក​កាសែត​ ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់លើ​​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ នា​​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Morm Moniroth
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​អះអាង​ថា ថ្វី​បើ​ការងារ​នេះ កម្ពុជា​ទើប​តែ​ចាប់ផ្ដើម និង​មាន​បទពិសោធន៍​តិចតួច តែ គ.ជ.ប នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ក្នុង​កិច្ចការ​របស់​ខ្លួន ដើម្បី​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ផ្អែក​លើ​គោលការណ៍​សមធម៌។
ការ​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​សន្ទនា​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប អះអាង​ថា គឺ​ដើម្បី​ឲ្យ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​បែប​ថ្មី​នេះ មាន​សុក្រឹតភាព តម្លាភាព និង​អាច​ជឿ​ទុកចិត្ត​បាន​ពី​មជ្ឈដ្ឋាន​ទូទៅ។
ថ្លែង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នៅ​រាជធានី​ភ្នំពេញ លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា គ.ជ.ប នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​សម្រាប់​ការ​ចុះ​ឈ្មោះ​ឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ម៉ត់ចត់ និង​មិន​ពាក់ព័ន្ធ​ទៅ​លើ​និន្នាការ​នយោបាយ៖ «»។
តាម​ការ​គ្រោង​ទុក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ផ្លូវ​ការ​ក្នុង​ការ​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ សម្រាប់​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី រយៈពេល ៣​ខែ ចាប់​ពី​ខែ​ឧសភា រហូត​ដល់​ខែ​កក្កដា។
លោក ស៊ិក ប៊ុនហុក និយាយ​ថា ក្នុង​ចំណោម​ឃុំ និង​សង្កាត់ ១.៦៣៣​ឃុំ សង្កាត់ នៅ​ទូទាំង​ប្រទេស គឺ គ.ជ.ប ត្រូវការ​​មន្ត្រី​ផ្នែក​បច្ចេកទេស​អេឡិចត្រូនិក ឬ​ជំនាញ​កុំព្យូទ័រ​នេះ​រាប់​ពាន់​នាក់​ដែរ ដើម្បី​បម្រើការ​ក្នុង​បេសកកម្ម​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វែ្រល (COMFREL) មាន​សុទិដ្ឋិនិយម​ថា ថ្វី​បើ​ការងារ​នេះ​កម្ពុជា ទើប​តែ​ចាប់​ផ្ដើម​មែន តែ​ការ​ចុះ​ឈ្មោះ​សាកល្បង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ បង្ហាញ​ថា ការ​ចុះ​ឈ្មោះ​ស្ទង់​មតិ​ក្នុង​ជំហាន​ដំបូង​លើ​ជំនាញ​បច្ចេកទេស​នៅ​ពេល​នោះ គឺ​ដំណើរការ​ទៅ​បាន​ល្អ និង​អាច​ជឿ​ទុក​ចិត្ត​បាន៖ «»។
បើ​ទោះ​ជា​បែប​ណា គ.ជ.ប ថ្មី​រង​ការ​ចោទ​ប្រកាន់​ពី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​កិច្ចការ​​បោះឆ្នោត​ថា អាច​ជា​ស្ថាប័ន​ដើរ​តាម​គន្លង គ.ជ.ប ក្នុង​អាណត្តិ​មុន​ដដែល។


លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា និចហ្វិក (NICFEC)  ចាត់​ទុក​ថា បើ​ទោះ​ជា​ប្រព័ន្ធ​នៃ​ការ​បោះឆ្នោត​​នេះ ល្អ​ឥត​ខ្ចោះ​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​ស្ថាប័ន​ទាំង​មូល​មិន​ឯករាជ្យ នោះ​បាន​ន័យ​ថា ដំណើរ​ការ​ទាំង​មូល​នឹង​នៅ​តែ​មិន​អាច​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ផ្អែក​លើ​ភាព​អព្យាក្រឹត និង​យុត្តិធម៌​បាន​ដែរ៖ «»។
បើ​ទោះ​ជា​បែប​ណា មន្ត្រី​ជាន់​ខ្ពស់ នៃ គ.ជ.ប ថ្មី លោក ស៊ិក ប៊ុនហុក លើក​ឡើង​ថា តម្រូវការ​ចាំបាច់​ចំពោះ​មុខ​សម្រាប់​ការ​ចុះ​ឈ្មោះ​ឆ្នោត​ថ្មី​នេះ គឺ​ត្រូវ​ការ​ដោយ​ខ្វះ​មិន​បាន​ស្នាម​មេដៃ និង​ពលរដ្ឋ​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ជា​ដើម។ បដិសេធ​នឹង​ការ​លើក​ឡើង​ថា ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ចៀស​ជនបរទេស​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​នោះ? លោក ស៊ិក ប៊ុនហុក យល់​ឃើញ​ថា ពុំ​ទាន់​មាន​បញ្ញត្តិ​ដោយ​ច្បាប់​នៅ​​ឡើយ​ទេ សំខាន់​ពលរដ្ឋ​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ដែល​ជា​ឯកសារ​អាច​បញ្ជាក់​ថា ពលរដ្ឋ​នោះ​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ឆ្នោត​បាន​ហើយ។
ផ្ទុយ​ពី​នេះ​វិញ ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស ហើយ​មាន​បំណង​ចង់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ទំនើប​ថ្មី​នេះ ត្រូវ​បាន​មន្ត្រី គ.ជ.ប អះអាង​ថា នៅ​តែ​​ពុំ​មាន​មាត្រា​ណា​មួយ​នៃ​ច្បាប់​ថ្មី បើក​ផ្លូវ​ឲ្យ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ឆ្នោត​បាន​ដូច​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​នៅ​ឡើយ​ទេ៕

No comments: