ដោយ ជិន ជេដ្ឋា
rfa 2016-01-29
![]() |
| គូស្វាមីភរិយាដែលរៀបការដោយបង្ខំក្នុងរបបខ្មែរក្រហម រៀបការឡើងវិញនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៩ មករា ឆ្នាំ២០១៦។ |
រៀបការឡើងវិញ កំពង់ឆ្នាំង ៨៥៥ ២០១៦
គូស្វាមីភរិយាដែលរៀបការដោយបង្ខំក្នុងរបបខ្មែរក្រហម រៀបការឡើងវិញនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៩ មករា ឆ្នាំ២០១៦។
RFA/Chin Chetha
គូរស្វាមីភរិយាវ័យចំណាស់ចំនួន ៧គូ បានរៀបអាពាហ៍ពិពាហ៍រួមគ្នាម្ដងទៀតនៅថ្ងៃទី២៩ ខែមករា បន្ទាប់ពីពួកគាត់ចាប់ដៃគ្នាជាប្ដីប្រពន្ធអស់រយៈពេលជាង ៤០ឆ្នាំ ដែលកាលណោះរៀបចំដោយក្រុមអង្គការចាត់តាំង ឬក្រុមខ្មែរក្រហម។ គូស្វាមីភរិយា និងកូនចៅ ក្ដុកក្ដួលក្នុងចិត្តពេលបានរៀបការត្រឹមត្រូវក្នុងឆាកជីវិតរបស់ខ្លួន។
អង្គការយុវសន្ដិភាព និងគណៈកម្មាធិការរក្សាកេរដំណែល នៃការចងចាំរបបកម្ពុជាប្រជាធិបតេយ្យ ភូមិថ្មកែវ ខេត្តកំពង់ឆ្នាំង បានផ្ដួចផ្ដើមឲ្យមានពិធីមង្គលការរួមគ្នាជាលើកទី២ ដោយជ្រើសរើសយកប្ដីប្រពន្ធវ័យ ៦៤ឆ្នាំ ចុះក្រោមពីឃុំពង្រ និងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដើម្បីផ្សំផ្គុំគ្នាជាប្ដីប្រពន្ធឡើងវិញ។ ពិធីនេះមានបំណងផ្សះផ្សារបួសផ្លូវចិត្តជនរងគ្រោះ ឬអ្នករៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម។
ប្រធានកម្មវិធីការផ្សះផ្សា និងកេរដំណែលនៃការចងចាំរបស់អង្គការយុវសន្ដិភាព គឺលោក ម៉ន សុគឿន ថ្លែងថា ក្រៅពីការផ្សះផ្សារបួសផ្លូវចិត្តរបស់អតីតជនរងគ្រោះទាំង ៧គូ ពួកគាត់បានបំពេញនូវពិធីតាមប្រពៃណីខ្មែរឡើងវិញ និងជាប្ដីប្រពន្ធស្របច្បាប់។ លោកមានចេតនារៀបចំពិធីមង្គលការដូចគ្នានេះនៅទូទាំងប្រទេស ខណៈអង្គការលោកកំពុងប្រតិបត្តិការក្នុងខេត្ត-ក្រុងចំនួន៧៖ «ធ្វើលើកទី២នេះ មានគូច្រើនចូលរួមទៀតដោយសារតែសាររបស់យើងជាសារមួយបែបវិជ្ជមានដែលបង្ហាញពីការផ្សះផ្សា យើងពុំមានចេតនាណាមួយធ្វើឲ្យមានភាពអវិជ្ជមាននៅក្រោយការរៀបអាពាហ៍ពិពាហ៍ទេ។ ព្រោះការងារនេះជំរុញឲ្យបងប្អូនដែលធ្លាប់រៀបការដោយបង្ខំនៅជំនាន់នោះអាចរៀបការឡើងវិញ»។
កាលពីខែមករា ឆ្នាំ២០១៥ មានប្ដីប្រពន្ធចំនួន ៥គូដែរ បានយកបរិវេណស្តូបរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យទំហំប្រមាណ ១ហិកតារ ឋិតនៅភូមិថ្មកែវ នៃឃុំស្វាយជ្រុំ ដើម្បីរៀបចំពិធីមង្គលការដូចគ្នានេះ។ លោក ម៉ន សុគឿន ថាប្រកាដែលមិនអាចរៀបចំមង្គលការមួយគូរៗផ្សេងគ្នានោះ គឺដោយសារបញ្ហាកញ្ចប់ថវិកា និងអ្នកខ្លះខ្មាសអៀនដែលខ្លួនរៀបការក្នុងវ័យចាស់។
សក់ស្កូវមួយៗ កំពុងឈរក្បែរប្រពន្ធដែលមានវ័យជិត ៦០ឆ្នាំ ផ្ទៃមុខជ្រីវជ្រួញទៅហើយនោះ គឺលោក ប៉ុន វ៉ាន់ថា រំលឹកថា កាលពីកំលោះរូបលោកមានតែភាពជូរចត់ ពុំមានសេរីភាព និងអនុស្សាវរីយ៍ស្នេហាជាមួយប្រពន្ធមុននឹងចាប់ដៃគ្នានោះទេ ដោយគេបង្ខំឲ្យរៀបការម្ដង ១៥គូ ហើយគ្មានភ្លេងប្រពៃណី ឬបងប្អូនចូលរួមឲ្យពរជ័យ ក្រៅពីឡើងប្ដេជ្ញាចិត្តម្នាក់ម្ដងរួចហើយក៏ចប់តែម្ដង៖ «រំភើបជាងមុន យើងលើកមុនអត់មានរៀបការអ៊ីចឹង សម័យនោះដឹងខុសបន្តិចវាយចោលៗ វាធ្វើអំពើយង់ឃ្នងសម្បើមណាស់ ពេលការរួចមានឈ្លបនៅក្រោមផ្ទះពីរ ឬបីនាក់ រយៈពេលមួយអាទិត្យបានវាលែងយាម វាចង់ស៊ើបមើលក្រែងយើងនិយាយគ្នាពីនេះពីនោះ វាចាប់ទៅវាយចោល»។
ចំណែកមេភូមិថ្មកែវ និងជាប្រធានមជ្ឈមណ្ឌលសិក្សាអភិវឌ្ឍសហគមន៍ថ្មកែវ គឺលោក សោម ប៊ុនឈឿន ឲ្យដឹងថា អតីតជនរងគ្រោះនៅខេត្តកំពង់ឆ្នាំង មានបំណងរៀបការច្រើនគូ ប៉ុន្តែគណៈកម្មាធិការមិនអាចរៀបចំមួយដង ឬពីរដងអស់គ្នានោះទេ ដោយសារពិធីនេះមានរយៈពេលតែមួយថ្ងៃ ហើយត្រូវធ្វើទៅតាមលំដាប់លំដោយ នៃប្រពៃណីខ្មែរ ហើយកម្មវិធីស្រូតឲ្យចប់នៅយប់ថ្ងៃទី២៩ ខែមករា៖ «ឥឡូវ ហ្នឹងយើង គឺយើងធ្វើតាមប្រពៃណីរបស់ខ្មែរយើង! រៀបការមានសព្វបែបយ៉ាងតាមប្រពៃណី មានបងប្អូន ញាតិមិត្តជិតឆ្ងាយចូលរួមអបអរសាទរពេញទំហឹង ថ្ងៃនេះដែលយើងឃើញ។ បើច្រើនពេកយើងលំបាករៀបចំធ្វើ យើងធ្វើបានចាប់ពី ១០គូចុះ»។
ប្ដីប្រពន្ធដែលបានជ្រើសរើសមករៀបការដោយអង្គការយុវសន្ដិភាព និងគណៈកម្មាធិការមជ្ឈមណ្ឌលភូមិថ្មកែវ អាចអញ្ជើញសាច់ញាតិ និងកូនចៅពិសាអាហារជុំគ្នាអមដោយភ្លេងកំដររហូតដល់យប់៕

No comments:
Post a Comment