ដោយ ចេង ម៉េងជូ
2016-02-10 rfa
![]() |
រូបទង់ជាតិនៃប្រទេសកម្ពុជា និងប្រទេសចិន។ Photo: RFA |
ដោយ ទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក មិត្តភាពស្អិតល្មួតរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន មកដល់ដើមឆ្នាំ២០១៦ បានឡើងដល់ចំណុចកំពូល។ ទោះជាយ៉ាងណា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានប្រវត្តិចាប់តាំងពីសម័យអង្គរ ក្នុងសតវត្សទី១៣ មកម្ល៉េះ។
កាលណាគេនិយាយពី ប្រវត្តិនៃចំណងការទូតរវាងកម្ពុជា និងចិន គេតែងតែនឹកដល់ឈ្មោះ ជីវ តាក្វាន់ ដែលកាលនោះលោកគឺជាបេសកជនពិសេសរបស់ចិន ដែលមកធ្វើទស្សនកិច្ច និងស្នាក់នៅអាណាចក្រអង្គរអស់រយៈពេល ១ឆ្នាំ គឺពីឆ្នាំ១២៩៦ ដល់ឆ្នាំ១២៩៧។
ថ្វីបើចំណងការទូត រវាងប្រទេសទាំងពីរមានប្រវត្តិតាំងពីបរមបុរាណមកក៏ដោយ ក៏ដំណាក់កាលដែលប្រទេសទាំងពីរចាប់ផ្ដើមស្និទ្ធស្នាលគ្នាខ្លាំង គឺស្ថិតនៅសម័យក្រោយសង្គ្រាមលោកលើកទី២ ឬនៅបន្ទាប់ពីកម្ពុជា រួចផុតពីអាណានិគមបារាំង នាអំឡុងពាក់កណ្ដាលសតវត្សទី២០ ឯណេះទេ។ ចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន តើទំនាក់ទំនងរវាងប្រទេសទាំងពីរមានដំណើរវិវឌ្ឍន៍យ៉ាងណាខ្លះ?
ដំណាក់កាលដំបូង
ភាព ស្និទ្ធស្នាលរវាងកម្ពុជា និងចិន កើតមានឡើងខណៈពិភពលោកកំពុងប្រឈមនឹងភាពប្រទាញប្រទង់គ្នារវាង កម្លាំងកុម្មុយនិស្ត និងកម្លាំងសេរី ក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ទៅ។ នៅពេលនោះ ព្រះរាជាណាចក្រកម្ពុជា ទី១ ដែលមានព្រះបាទនរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋ បានប្រកាសរក្សាជំហរអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ។
យ៉ាង ណាក៏ដោយ នៅទីបំផុតទៅ កម្ពុជា នៅតែត្រូវខិតទៅជិតចិនកុម្មុយនិស្ត ដើម្បីទប់ទល់នឹងឥទ្ធិពលនៃប្រទេសថៃ និងវៀតណាមខាងត្បូង មកលើកម្ពុជា។ នៅពេលនោះ ប្រទេសថៃ និងវៀតណាមខាងត្បូង មានសហរដ្ឋអាមេរិក ជាខ្នងបង្អែក ហើយជាអ្នកគាំទ្រក្រុមបះបោរប្រឆាំងនឹងការដឹកនាំរបស់ព្រះបាទ នរោត្ដម សីហនុ។
ខណៈចិន ជាប្រទេសឯកោបន្ទាប់ពីចាប់យកលទ្ធិកុម្មុយនិស្ត ចិន នៅពេលនោះកំពុងត្រូវការសំឡេងគាំទ្រពីអន្តរជាតិ ដើម្បីទទួលបានអាសនៈក្នុងអង្គការសហប្រជាជាតិ ទប់ទល់នឹងសាធារណរដ្ឋចិន ឬតៃវ៉ាន់។ ទន្ទឹមនឹងនេះ ការដែលចិន ចាប់យកកម្ពុជា ធ្វើជាសម្ព័ន្ធមិត្ត ក៏ដោយសារភ័យខ្លាចប្រទេសរបស់ខ្លួនត្រូវហ៊ុមព័ទ្ធដោយឥទ្ធិពលនៃ សហរដ្ឋអាមេរិក ដែលកំពុងរីកសាយភាយនៅតំបន់ឥណ្ឌូចិន។
ក្រៅ ពីហេតុផលនយោបាយការបរទេស មានទស្សនៈខ្លះលើកឡើងថា ការងាកទៅរកចិន ក៏ដោយសារតែព្រះបាទនរោត្តម សីហនុ មានចំណងមិត្តភាពរឹងមាំនឹងនាយករដ្ឋមន្ត្រីចិន លោក ជូ អេងឡាយ (Zhou Enlai)។
ពាក់ព័ន្ធនឹងទំនាក់ទំនងជិតស្និទ្ធរវាង លោក ជូ អេងឡាយ និងព្រះបាទនរោត្ដម សីហនុ អ្នកសិក្សាពីប្រវត្តិសាស្ត្រកម្ពុជា ក្នុងសម័យទំនើប ដែលជាជនជាតិបារាំង គឺលោក ហង់រី ឡូកា (Henri Locard) មានប្រសាសន៍ថា មិត្តភាពជិតស្និទ្ធនោះអាចមកពីអត្តចរិតរាក់ទាក់ និងឱនលំទោនរបស់ លោក ជូ អេងឡាយ ដែលធ្វើឲ្យព្រះបាទនរោត្ដម សីហនុ សព្វព្រះរាជហឫទ័យ ហើយចាត់ទុកចិន ថាជាមិត្តដ៏គួរឲ្យទុកចិត្ត៖ «លោក ជូ អេងឡាយ មានចរិតថ្លៃថ្នូរខ្ពង់ខ្ពស់ មានចរិតគោរពឱនលំទោន។ លោកយល់ដឹងពីរបៀបរបបពិធីការបានល្អ។ គាត់បានកោតសរសើរ និងបញ្ជោរព្រះបាទនរោត្ដម សីហនុ ធ្វើឲ្យព្រះអង្គមានអារម្មណ៍ថា ខ្លួនត្រូវបានផ្ដល់កិត្តិយសខ្ពង់ខ្ពស់ណាស់ ដោយហេតុថា ប្រទេសចិន ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលើលោក ហើយចាត់ទុកព្រះអង្គដូចជាមេដឹកនាំប្រទេសមហាអំណាចមួយអ៊ីចឹង។ លោក ជូ អេងឡាយ បានធ្វើឲ្យព្រះបាទនរោត្ដម សីហនុ មានជំនឿថា ចិន ជាជនជាតិល្អដែលគួរឲ្យរាប់អាន ហើយរបបនយោបាយរបស់ចិន ក៏ល្អដែរ។ ខ្ញុំយល់ឃើញយ៉ាងដូច្នេះ ពីព្រោះថា ក្នុងរឿងនយោបាយ អ្នកតែងតែច្របូកច្របល់គ្នារវាងរឿងផ្ទាល់ខ្លួន និងរឿងប្រទេសជាតិ វាពិបាកនឹងបែងចែកណាស់»។
មុននឹងព្រះបាទនរោត្តម សីហនុ និងនាយករដ្ឋមន្ត្រីចិន លោក ជូ អេងឡាយ ជិតស្និទ្ធនឹងគ្នានោះ មេដឹកនាំប្រទេសទាំងពីរ បានជួបគ្នាជាលើកដំបូងនៅឆ្នាំ១៩៥៥ នៅឯសន្និសីទក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី (Indonesia) ជាពេលដែលមេដឹកនាំនៃប្រទេសទើបរួចផុតពីនឹមអាណានិគមថ្មីថ្មោង ជួបគ្នា ដើម្បីរកលទ្ធភាពសហការគ្នាទប់ទល់នឹងការវិលត្រឡប់មកវិញនៃនឹម អាណានិគម។
ដប់ខែក្រោយជួបគ្នានៅប្រទេសឥណ្ឌូនេស៊ី ព្រះបាទនរោត្ដម សីហនុ ទ្រង់បានធ្វើព្រះរាជទស្សនកិច្ចជាលើកដំបូងនៅប្រទេសចិន ហើយមួយខែក្រោយមក ព្រះអង្គក៏បានអញ្ជើញនាយករដ្ឋមន្ត្រីចិន លោក ជូ អេងឡាយ មកធ្វើទស្សនកិច្ចនៅកម្ពុជា វិញម្ដង។ ភាគីចិន ចាត់ទុកការដោះដូរដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសទាំងពីរ ថាជារឿងកម្រមួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូតនៅលើ ពិភពលោក ដោយសារទស្សនកិច្ចនោះធ្វើឡើងទាំងប្រទេសទាំងពីរមិនទាន់បង្កើតចំណង ការទូតជាផ្លូវការនៅឡើយ។
ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ចំណងការទូតជាផ្លូវការត្រូវបានបង្កើតឡើង ដោយកម្ពុជា ទទួលស្គាល់ជាផ្លូវការនូវភាពស្របច្បាប់នៃសាធារណរដ្ឋប្រជាមានិត ចិន ហើយបដិសេធរបបដឹកនាំរបស់ចិនតៃវ៉ាន់។ ចំណងការទូតនេះកាន់តែរីកធំធាត់ចាប់ពីពេលនោះមក ក៏ប៉ុន្តែបានជួបប្រទះភាពរកាំរកូសនៅឆ្នាំ១៩៦៧ នៅពេលព្រះបាទនរោត្ដម សីហនុ ទ្រង់ជ្រាបថា សាធារណរដ្ឋប្រជាមានិតចិន កំពុងចិញ្ចឹមបីបាច់ចលនាកុម្មុយនិស្តនៅកម្ពុជា ក៏ប៉ុន្តែភាពតានតឹងរវាងប្រទេសទាំងពីរ ត្រូវបានបន្ធូរបន្ថយទៅវិញក្រោយពី លោក ជូ អេងឡាយ បានជួបឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសចិន ដើម្បីស្រុះស្រួលគ្នាវិញ ដោយរំឭកដល់ចំណងមិត្តភាពរវាងបុគ្គល ជូ អេងឡាយ និងព្រះបាទនរោត្ដម សីហនុ។
នៅពេលរបបរាជានិយមនៅកម្ពុជា ដួលរលំនៅឆ្នាំ១៩៧០ ដោយសាររដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ គណបក្សកុម្មុយនិស្តចិន ដឹកនាំដោយ ម៉ៅ សេទុង បានទំនុកបម្រុងរដ្ឋាភិបាលនិរទេសរបស់ព្រះបាទនរោត្តម សីហនុ យ៉ាងពេញទំហឹង ក្នុងការដឹកនាំចលនាតស៊ូប្រឆាំងរបបសាធារណរដ្ឋខ្មែររបស់ លោក លន់ នល់។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមដែលគាំទ្រដោយចិន បានផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរទាំងស្រុង ហើយដាក់ឈ្មោះឲ្យរបបថ្មីថា «កម្ពុជាប្រជាធិបតេយ្យ»។ របបនេះមានអាយុកាល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដឹកនាំដោយ ប៉ុល ពត ហើយបានប្រែក្លាយកម្ពុជា ឲ្យទៅជាវាលពិឃាដ។
ថ្វីបើ មិនមានឯកសារប្រវត្តិសាស្ត្រណាមួយអាចបញ្ជាក់ពីទំហំពិតប្រាកដ នៃជំនួយសរុបដែលចិន ផ្ដល់ឲ្យរបប ប៉ុល ពត ក៏ដោយ ក៏គេដឹងថា ចិន ជាប្រភពជំនួយចម្បងបំផុតរបស់ខ្មែរក្រហម ក្នុងនោះមានដូចជា ជំនួយលើវិស័យយោធា វិស័យសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម រួមទាំងការជួយធ្វើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីដល់របបកម្ពុជា ប្រជាធិបតេយ្យ តាមរយៈដំណើរទស្សនកិច្ចសម្ងាត់មួយរបស់មេដឹកនាំបដិវត្តន៍វប្បធម៌ ចិន គឺលោក ចាង ឈុនឈាវ (Zhang Chunqiao) នៅខែមករា ឆ្នាំ១៩៧៦។
សៀវភៅ ស្ដីពីជំនួយរបស់ចិន ដល់របបកម្ពុជាប្រជាធិបតេយ្យដែលមានចំណងជើងថា «Brothers in Arms: Chinese Aid to Khmer Rouge» និពន្ធដោយ លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) លើកឡើងថា ភ្លាមៗបន្ទាប់ពីខ្មែរក្រហមដណ្ដើមបានទីក្រុងភ្នំពេញ កប៉ាល់ចិន បានដឹកជញ្ជូនជំនួយរាប់ពាន់តោនជាបន្តបន្ទាប់មកឲ្យកងទ័ពខ្មែរ ក្រហម ក្នុងនោះមានដូចជា ស្បៀង សម្ភារៈប្រើប្រាស់ និងអាវុធយុទ្ធភណ្ឌ ជាដើម ដោយបានចុះចតនៅកំពង់ផែក្រុងព្រះសីហនុ។ ឯកសារពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មដែលអ្នកនិពន្ធរូបនេះបាន ដកស្រង់បង្ហាញថា ក្នុងឆ្នាំ១៩៧៨ ផលិតផលដែលនាំចូលពីប្រទេសចិន ហើយត្រូវបានចែកចាយទៅតំបន់ និងស្ថាប័នផ្សេងៗនៃរបបកម្ពុជាប្រជាធិបតេយ្យ មានទឹកប្រាក់សរុបជាង ៩៤លានដុល្លារសហរដ្ឋអាមេរិក។
នៅពេលឡើងកាន់អំណាច ថ្មីថ្មោង ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចមានសារសំខាន់ខ្លាំងសម្រាប់របបកម្ពុជាប្រជាធិបតេយ្យ។ យ៉ាងណាក៏ដោយ អ្នកនិពន្ធសៀវភៅដដែល គឺលោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) រកឃើញថា បើទោះជាចិន ជាប្រទេសផ្តល់ជំនួយដ៏ធំជាងគេនៅក្នុងវិស័យយោធា និងសេដ្ឋកិច្ចក៏ដោយ ក៏មេដឹកនាំខ្មែរក្រហម ហាក់ដូចជាមិនសូវស្ដាប់តាមចិន ប៉ុន្មានដែរទេ ពីព្រោះពួកគេតែងគិតអំពីអធិបតីភាព និងឯករាជ្យជាតិរបស់ខ្លួនជានិច្ច។ ក្នុងវិស័យយោធា លោកបានលើកយកគម្រោងធំៗចំនួនពីរដែលចិនជួយដល់របបខ្មែរក្រហម មកធ្វើជាករណីសិក្សា៖ «ចិន ចង់ឲ្យអាកាសយានដ្ឋានដែលខ្លួនសាងសង់សម្រាប់របបកម្ពុជាប្រជាធិបតេយ្យ នោះ សង់នៅភាគពាយព្យនៃប្រទេសកម្ពុជា ប៉ុន្តែជាក់ស្ដែង មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ទទូចទាមទារចង់សង់អាកាសយានដ្ឋាននោះនៅចំតំបន់កណ្ដាលនៃប្រទេស កម្ពុជា គឺក្នុងខេត្តកំពង់ឆ្នាំង វិញ។ ក្រៅពីនេះ ចិន ក៏បានស្វះស្វែងរកលទ្ធភាពសាងសង់បណ្ដាញរ៉ាដា (Radar) នៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីតាមដានសកម្មភាពនៅតាមឈូងសមុទ្រថៃ ហើយដូចគ្នានឹងរឿងអាកាសយានដ្ឋានដែរ គឺរបបកម្ពុជាប្រជាធិបតេយ្យ ក៏បានទាមទារ ហើយទីបំផុត បណ្ដាញរ៉ាដាទាំងនោះ ត្រូវបានសាងសង់នៅតាមបណ្ដោយព្រំដែនដីគោកជាប់នឹងប្រទេសថៃ ឡាវ និងវៀតណាម វិញ»។
លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) មានប្រសាសន៍បន្តថា មានមូលហេតុចំនួនពីរដែលធ្វើឲ្យចិន មិនអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់មេដឹកនាំខ្មែរក្រហម ក្នុងវិស័យយោធា និងសេដ្ឋកិច្ច៖ «មូលហេតុទី១ គឺគំនិតសង្ស័យរបស់មេដឹកនាំខ្មែរក្រហម ដែលតែងតែមិនទុកចិត្តជនបរទេស រួមទាំងចិន ដែរនោះ បើទោះបីចិន ជាមិត្តភក្ដិល្អបំផុតរបស់ខ្លួននៅពេលនោះក៏ដោយ។ មានអ្នកស្ដាប់ឮដោយចៃដន្យនូវមនុស្សម្នាក់ក្នុងក្រសួងការបរទេស និយាយថា យើងពេញចិត្ត ហើយគោរពចិន ក្នុងនាមជាមិត្តរបស់យើង ក៏ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្នដែរ ពីព្រោះចិន ចង់គ្រប់គ្រងយើង។ ដូច្នេះ មូលហេតុទីមួយ គឺគំនិតសង្ស័យដែលជាផ្នែកមួយរបស់របបកម្ពុជាប្រជាធិបតេយ្យ។ មូលហេតុទី២ គឺដោយសារចិន ពិបាកដោះស្រាយចំពោះភាពខ្វះខាតហេដ្ឋារចនាសម្ពន្ធ និងការខ្វះខាតមនុស្សមានជំនាញនៅកម្ពុជា»។
ប៉ុន្តែ ក្នុងវិស័យពាណិជ្ជកម្មវិញ លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) រកឃើញថា រដ្ឋាភិបាលចិន មានឥទ្ធិពលយ៉ាងខ្លាំង ដោយសារគោលនយោបាយក្នុងវិស័យនេះមិនមែនជារឿងអាទិភាពសម្រាប់របប ខ្មែរក្រហម។ លោកថា ភាពចន្លោះប្រហោងរបស់ខ្មែរក្រហមក្នុងការគ្រប់គ្រងវិស័យនេះ បានធ្វើឲ្យចិន មានឱកាសយកចំណេញពីកម្ពុជា លើការនាំចេញផលិតផលចេញទៅក្រៅប្រទេសទៅតាមសេចក្ដីត្រូវការរបស់ ខ្លួន។
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដោយមានការគាំទ្រពីកងទ័ពវៀតណាម និងមាន លោក ហ៊ុន សែន ចូលរួមផង។ ថ្វីបើរបបនេះដួលរលំក៏ដោយ ក៏ចិនកុម្មុយនិស្ត នៅតែបន្តផ្ដល់ជំនួយជាបន្តបន្ទាប់ដល់ក្រុមខ្មែរក្រហមនៅតាម បណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមានការគាំទ្រពីថៃ និងសហរដ្ឋអាមេរិក រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលសម្រេចឲ្យវៀតណាម ដកទ័ពចេញពីកម្ពុជា។
នៅពេល កងទ័ពវៀតណាម បានវាយលុកចូលទីក្រុងភ្នំពេញ តាមការពឹងពាក់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ នៅតាមតំបន់មួយចំនួនលើដែនដីវៀតណាម ដែលមានព្រំប្រទល់នឹងចិន ឯណោះ ចិន បានបើកការវាយប្រហារជាបន្តបន្ទាប់ ដើម្បីព្រមានវៀតណាម ចំពោះការបំផ្លាញរបបខ្មែរក្រហមដែលដើរតាមមនោគមវិជ្ជារបស់ខ្លួន។
បន្ទាប់ ពីការផ្ទុះអាវុធនោះ នៅឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ចិន បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប ថ្កោលទោសវៀតណាម ដែលឈ្លានពានកម្ពុជា។ នៅពេលនោះដែរ សហភាពសូវៀត ទទូចឲ្យក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប ថ្កោលទោសចិន ដែលវាយប្រហារវៀតណាម។ រីឯសហរដ្ឋអាមេរិក ស្នើឲ្យចិន ដកទ័ពចេញពីវៀតណាម ហើយឲ្យវៀតណាម ដកទ័ពចេញពីកម្ពុជា៕
No comments:
Post a Comment