Thu, 11 February 2016 rfa
![]() |
ទិដ្ឋភាពនៃការជិះទូកកម្សាន្តរបស់អ្នកទេសចរក្នុងតំបន់ព្រែកទាល់របស់កម្ពុជា។ រូបថត វង្ស សុជាតា |
ខ្ញុំសូមអបអរសាទរដល់ក្រសួងបរិស្ថានអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យព្រែកទាល់ត្រូវបានទទួលស្គាល់ជាផ្លូវការជាតំបន់ដីសើមអន្តរជាតិ (Wetland of International Importance) ឬដែលគេហៅថាតំបន់រ៉ាំសារ (Ramsar Site)។
ព្រែកទាល់មានផ្ទៃក្រឡា ២១ ៣៤២ ហិកតាមានទីតាំងស្ថិតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបងជាប់ព្រំប្រទល់ទឹករវាងខេត្តបាត់ដំបង និងខេត្តសៀមរាប។ ព្រែកនេះជាជម្រកសត្វស្លាបទឹកដែលមានចំនួនជាង ៥០០០ ប្រភេទរួមមាន៖ សត្វត្រយង ទាកាប៉ាព្រៃ មាន់ទឹក ក្រសារប្រផេះ ក្រសារធ្នង់ និងប្រវឹកជាដើម។ល។
ខ្ញុំបានធ្វើដំណើរជាមួយមិត្តភក្តិមួយក្រុមតូចទៅលេងព្រែកទាល់បានពីរដងនៅថ្ងៃបុណ្យចូលឆ្នាំសកល ២០១៣ និង ២០១៤ ។ ដំណើរកម្សាន្តទាំងពីរលើកនេះជាដំណើរកម្សាន្តដ៏រីករាយជាទីបំផុតដោយសារមូលហេតុមួយចំនួន។
នៅយប់ថ្ងៃចូលឆ្នាំសកលពួកយើងបានចូលរួមជាមួយហ្វូងមនុស្សដ៏កុះករនៅផ្លូវ Public Street នៅក្នុងខេត្តសៀមរាបដែលមានសម្រែកហ៊ោកញ្ជ្រៀវដើម្បីរង់ចាំថ្ងៃចូលឆ្នាំសកល។ នៅថ្ងៃបន្តាប់ពួកយើងបានឃើញពិភពមួយផ្សេងទៀតដែលជាពិភពដ៏ស្ងប់ស្ងាត់ និងជីវភាពអ្នកនៅជនបទដាច់ស្រយាល។ យើងចំណាយពេល ២០ នាទីធ្វើដំណើរពីទីក្រុងសៀមរាបទៅផែនៅភ្នំក្រោមដែលជាចំណុចចាកចេញទៅព្រែកទាល់។
ពួកយើងជិះទូកខ្នាតធំពីផែឆ្លងកាត់បឹងទន្លេសាបហើយបានទៅដល់ព្រែកទាល់តិចជាងពីរម៉ោង។ ពួកយើងឈប់ញ៉ាំអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានបណ្តែតទឹកមួយ។ បន្តាប់មកពួកយើងក៏បន្តដំណើរដោយជិះទូកធុនមធ្យមពីភូមិលិចទឹកសំដៅទៅព្រែកទាល់ដែលជាជម្រកសត្វស្លាបទឹកដ៏ធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។
នៅក្នុងខែធ្នូជម្រៅទឹកពុំសូវជ្រៅ ឬរាក់ល្មមដែលធ្វើឲ្យព្រៃនេះជាព្រៃលិចទឹកដ៏ស្អាតបំផុត។ មានដៃព្រែកជាច្រើនដែលចូលទៅដល់ព្រៃលិចទឹកនៅខាងក្នុង។ ពួកយើងធ្វើដំណើរជាមួយនឹងអ្នកភូមិម្នាក់ដែលស្គាល់ព្រៃនេះច្បាស់។ ពួកយើងមានអារម្មណ៍សប្បាយរីករាយបំផុតដែលបានជិះទូកមើលឃើញសត្វស្លាបនៅគ្រប់ទីកន្លែង។
ទីបំផុតពួកយើងក៏បានជិះដល់ព្រៃលិចទឹកក្រាស់ជាកន្លែងដែលសត្វស្លាបប្រមូលផ្តុំគ្នាច្រើនស្អេកស្កះហើយពួកយើងក៏សម្រេចចិត្តជិះទូកឈើដែលគ្មានសំឡេងម៉ាស៊ីនដើម្បីកុំឲ្យសត្វផ្អើលរត់អស់។ ដូច្នេះការធ្វើដំណើររបស់យើងមានទូកបីប្រភេទ។ ពួកយើងបានតោងឡើងដើមឈើដ៏ខ្ពស់មួយទៅដល់ខាងលើចុងឈើដោយប្រើម៉ាស៊ីនមីក្រូទស្សន៍ដើម្បីមើលសម្បុកសត្វស្លាបរាប់រយពីចម្ងាយ។ ពួកយើងបានឃើញភ្ញៀវទេសចរបរទេសពីរ-បីនាក់ប៉ុន្តែមិនឃើញមានភ្ញៀវទេសចរខ្មែរនោះទេ។
នៅរសៀលបន្តិចគេឃើញព្រៃលិចទឹកស្រស់ស្អាតដោយសារឆ្លុះនឹងទឹកដែលថ្លាយង់។
ពួកយើងបានឃើញចំណាំងស្រមោលនៃដើមឈើពាសពេញព្រៃលិចទឹក។ ទេសភាពដែលអស្ចារ្យបំផុតនោះគឺនៅពេលថ្ងៃរៀបលិចដែលរំលេចពន្លឺឆព្វណ្ណរង្សីគងលើព្រៃលិចទឹកព្រែកទាល់ជាសម្រស់ធម្មជាតិដែលពួកយើងកម្របានជួបប្រទះណាស់។
ហ្វូងសត្វស្លាបដែលទំលើដើមឈើដុះលើផ្ទៃទឹកក្នុងតំបន់ព្រែកទាល់របស់កម្ពុជា។ រូបថត វង្ស សុជាតា
នៅក្នុងដំណើរកម្សាន្តលើកទីពីរពួកយើងបានសម្រាកមួយយប់នៅភូមិព្រែកទាល់ដែលគ្រប់គ្រងដោយការិយាល័យបរិស្ថាន។ នៅទីនោះមិនមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ទេ។ ប៉ុន្តែពួកយើងដូចជាមានសំណាងដោយសារតែពេលនោះមានអាកាសធាតុត្រជាក់ខុសពីធម្មតា។
នាពេលរាត្រី ភូមិលិចទឹកទាំងមូលទទួលបានពន្លឺពីហ្វូងផ្កាយលើផ្ទៃមេឃ។ ពួកយើងក្រោកពីព្រលឹមដើម្បីមើលថ្ងៃរះពីលើដំបូលកន្លែងដែលយើងស្នាក់នៅ។ ពួកយើងបានឃើញជីវភាពរស់នៅតាមបែបផែនសាមញ្ញរបស់អ្នកភូមិដែលសកម្មភាពរស់នៅរបស់ពួកគាត់កើតមានដោយសារទូក។
ព្រះសង្ឃបាននិមន្តតាមទូកដើម្បីសូត្រមន្ត និងបិណ្ឌបាតចង្ហាន់តាមផ្ទះបណ្ដែតទឹក។ កុមារធ្វើដំណើរទៅសាលារៀនខ្លះមានឱពុកម្តាយទៅជាមួយ និងខ្លះទៀតអុំទូកដោយខ្លួនឯង។ យើងបានធ្វើដំណើរចាកចេញពីភូមិព្រែកទាល់នៅពេលព្រឹកព្រលឹមស្រាងៗហើយបានឃើញសត្វស្លាបទំនៅតាមព្រៃលិចទឹក។
ព្រែកទាល់គឺជាភូមិលិចទឹកដ៏ក្រីក្រមួយ។ ប្រជាជនរស់នៅទីនោះប្រកបរបរនេសាទត្រីខ្លះចិញ្ចឹមសត្វក្រពើទុកលក់ និងខ្លះទៀតជួលទូកដល់ភ្ញៀវទេសចរដើរកម្សាន្តក្នុងរដូវកាលមានសត្វស្លាបមករស់នៅក្នុងព្រៃ។
រដូវប្រាំងភូមិលិចទឹកនេះក្លាយជាភក់ និងសម្បូរដោយកំប្លោក។ នៅរដូវវស្សាភូមិនេះលិចទឹកគ្រប់ទីកន្លែង។ ហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់រីកចម្រើនដែលធ្វើឲ្យមានភាពលំបាកសម្រាប់អ្នកភូមិ និងអ្នកទេសចរដែលចង់ទៅកម្សាន្តនៅទីនោះ។
ទោះជាយ៉ាងនេះក្តីព្រែកទាល់មានប្រព័ន្ធអេកូឡូស៊ីដែលអាចបន្សំបាន និងមានលក្ខណពិសេស និងជាព្រៃដែលយើងអាចទៅដល់បាន។ ពេលវេលាដែលល្អបំផុតសម្រាប់ទស្សនាសត្វស្លាបគឺរវាងខែវិច្ឆិកា និងកុម្ភៈដោយសារចន្លោះពេលនោះមានហ្វូងសត្វស្លាបប្រមូលផ្តុំគ្នា។
តាមរយៈការការពាររបស់រាជរដ្ឋាភិបាល និងការទទួលស្គាល់ជាអន្តរជាតិខ្ញុំសង្ឃឹមថាព្រែកទាល់នឹងត្រូវបានថែរក្សាបានល្អហើយជីវភាពរស់នៅរបស់ប្រជាជននៅទីនោះនឹងមានភាពប្រសើរជាងមុន។ ខ្ញុំក៏សង្ឃឹមថាកន្លែងនេះនឹងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនា និងមានបទពិសោធក្នុងការធ្វើដំណើរនៅតំបន់ព្រៃលិចទឹកដ៏អស្ចារ្យនេះ៕
វង្ស សុជាតា
ភ្នំពេញ, អ៊ីមែលៈ vong.socheata@gmail.com
No comments:
Post a Comment