ដោយ ដែន អយុធ្យា
2016-02-11 rfa
![]() |
១០-កុម្ភៈ-២០១៦៖ ទីតាំងដីឆ្នេរសមុទ្រ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូវបានគេចាក់ដីរំលោភយកធ្វើកម្មសិទ្ធិ និងបំផ្លាញដល់ព្រៃកោងកាងជាជម្រកមច្ឆាសមុទ្រ។ RFA/Den Ayuthyea |
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលការអភិវឌ្ឍសង្គម បានអះអាងថា រាល់ថ្ងៃនេះ សកម្មភាពដឹកដីចាក់លុបឆ្នេរសមុទ្រ និងបំផ្លាញដើមកោងកាងជាជម្រកមច្ឆាសមុទ្រ នាមូលដ្ឋានឃុំបិតត្រាំង ដោយថ្នាក់ដឹកនាំកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងមន្ត្រីមានអំណាចច្រើនទៀត បានបន្តកើតមាន និងគ្មានការទប់ស្កាត់ពីអាជ្ញាធរទេ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋានឃុំបិតត្រាំង និងភូមិគគីរ បានទទួលស្គាល់ថា មូលដ្ឋាននេះពិតជាមានសកម្មភាពប្រើគ្រឿងចក្រដឹកដីចាក់លុបមាត់សមុទ្រ និងបំផ្លាញដើមកោងកាងធ្វើកម្មសិទ្ធិពិតមែន ប៉ុន្តែបទល្មើសនេះវាហួសពីសមត្ថកិច្ចហាមឃាត់របស់ពួកគាត់។
ប្រជាពលរដ្ឋខេត្តព្រះសីហនុ រិះគន់អាជ្ញាធរខេត្តនេះថាគ្មានវិធានការទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីឆ្នេរសមុទ្រ និងដីព្រៃកោងកាងជម្រកមច្ឆាសមុទ្រ ដែលត្រូវមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលមួយចំនួន ឃុបឃិតរំលោភយកធ្វើជាកម្មសិទ្ធិនោះទេ។
មន្ត្រីសង្គមស៊ីវិលបានចោទថា អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ លោក លូ គឹមឈុន គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលច្រើនទៀត ដែលកំពុងមានតួនាទីក្នុងជួរដ្ឋាភិបាលបច្ចុប្បន្ន បានចាក់ដីរំលោភយកឆ្នេរសមុទ្រ និងបំផ្លាញដើមកោងកាង ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង យ៉ាងអនាធិបតេយ្យ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ដែលបានចុះពិនិត្យដល់ទីតាំងមានសកម្មភាពចាក់ដីរំលោភយកដីចំណីឆ្នេរសមុទ្រដោយថ្នាក់ដឹកនាំកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ បានស្នើដល់អាជ្ញាធរខេត្ត ជាពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាល ជួយទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីចំណីឆ្នេរសមុទ្រឲ្យបានគង់វង្ស។ ជាងនេះទៀត ក៏ដើម្បីជួយទប់ស្កាត់សកម្មភាពបំផ្លាញព្រៃកោងកាង ដែលជាជម្រកមច្ឆាសមុទ្រនាមូលដ្ឋាននេះ ដែលកំពុងរងការបំផ្លាញធ្ងន់ធ្ងរ ដើម្បីទន្ទ្រានយកដីធ្វើកម្មសិទ្ធិ។ លោក សុខ សុខុម បានរិះគន់អាជ្ញាធរខេត្តព្រះសីហនុ ដែលបានទុកបណ្តោយឲ្យមន្ត្រីមានតួនាទីដឹកនាំកំពង់ផែស្វយ័តខេត្តព្រះសីហនុ អាចធ្វើសកម្មភាពគ្មានការទប់ស្កាត់បែបនេះ។ ប្រការនេះ គឺផ្ទុយពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដាក់ឲ្យថែរក្សាឆ្នេរសមុទ្រកុំឲ្យបាត់បង់៖ «ឋានៈផែក៏ដោយ ឬឋានៈប៉ុណ្ណាក៏ដោយ ប្រសិនបើការកាន់កាប់ដីរដ្ឋមិនស្របច្បាប់ រាជរដ្ឋាភិបាលត្រូវតែមានវិធានការទប់ស្កាត់ និងដកហូតដីរដ្ឋទាំងនោះមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ ពីព្រោះទុកបណ្តោយឲ្យបុគ្គលមានអំណាច មានសិទ្ធិមកកាន់កាប់នៅលើដីសាធារណៈរបស់រដ្ឋបាន ដោយគ្មានការហាមឃាត់ ហើយចុះហេតុអ្វីប្រជាពលរដ្ឋសាមញ្ញកាន់កាប់មិនបាន។ ដូច្នេះសូមឲ្យការអនុវត្តច្បាប់ឲ្យស្មើភាពគ្នាចំពោះមុខច្បាប់»។
ទាក់ទិនបញ្ហានេះ ប្រធានភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក សុខ ចាន់ណារ៉ា ទទួលស្គាល់ថា មូលដ្ឋាននេះពិតជាមានសកម្មភាពចាក់ដីទន្ទ្រានកាន់កាប់ដីចំណីឆ្នេរសមុទ្រ និងបំផ្លាញព្រៃកោងកាងពិតមែន ប៉ុន្តែលោកថា បញ្ហានេះវាហួសពីសមត្ថកិច្ចភូមិត្រូវដោះស្រាយ។ ប្រធានភូមិគគីរ បានស្នើដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះសីហនុ ត្រូវជួយទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីឆ្នេរសមុទ្រឲ្យបានគង់វង្ស ដើម្បីទុកអភិរក្សបម្រើដល់វិស័យទេសចរណ៍ ឬទុកជូនសាធារណជនចូលកម្សាន្តឲ្យបានទូលំទូលាយ៖ «សកម្មភាពចាក់ដីលុបសមុទ្រនេះ គឺទៅថ្ងៃអនាគត ខ្ញុំបារម្ភអត់មានឆ្នេរសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋចូលទៅកម្សាន្ត»។
ស្រដៀងគ្នាដែរ ប្រធានឃុំបិតត្រាំង លោក អ៊ឹង សារ៉ុម ដែលបានចុះពិនិត្យដល់ទីតាំងមានសកម្មភាពចាក់ដីលុបចូលមាត់សមុទ្រដោយមន្ត្រីមានអំណាច ក៏ទទួលស្គាល់ថា ពិតជាមានសកម្មភាពចាក់ដីលុបមាត់សមុទ្រធ្វើកម្មសិទ្ធិ និងបំផ្លាញដើមកោងកាង ជាជម្រកត្រីសមុទ្របន្តពូជនាមូលដ្ឋាននេះពិតមាន។ លោកស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល ជួយទប់ស្កាត់បទល្មើសរំលោភឆ្នេរសមុទ្រធ្វើកម្មសិទ្ធិឲ្យបានទាន់ពេល បើពុំនោះទេ ឆ្នេរសមុទ្រ និងព្រៃកោងកាងនាមូលដ្ឋានឃុំបិតត្រាំង នឹងត្រូវបំផ្លាញអស់គ្មានសល់៖ «អាជ្ញាធរស្រុក-ខេត្ត ឬមន្ទីរបរិស្ថានដែលលោកមានជំនាញខាងផ្នែកអភិរក្សឆ្នេរ ស្នើឲ្យលោកជួយពិនិត្យមើល តើការចាក់ដីនៅចូលទៅក្នុងសមុទ្រស្ថិតក្នុងភូមិគគីរ មានបច្ចេកទេសត្រឹមត្រូវ ឬត្រូវច្បាប់ដែរឬទេ? ស្នើឲ្យមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយពិនិត្យ និងបកស្រាយ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានចម្ងល់ និងចោទអាជ្ញាធរមិនបានជួយយកចិត្តទុកដាក់ទប់ស្កាត់សកម្មភាពចាក់ដីលុបឆ្នេរសមុទ្រតំបន់នេះ»។
បើទោះបីជាលោកមេភូមិគគីរ និងលោកមេឃុំបិតត្រាំង មិនបានបង្ហាញឈ្មោះ និងតួនាទីរបស់បុគ្គលជាប់ពាក់ព័ន្ធបទល្មើសចាក់ដីរំលោភយកឆ្នេរសមុទ្រ និងបំផ្លាញដើមកោងកាងបែបណាក្តី ក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ និងមន្ត្រីរាជការខ្លះបម្រើការនៅសាលាខេត្តព្រះសីហនុ បានអះអាងថា អ្នកនៅពីក្រោយសកម្មភាពចាក់ដីរំលោភយកឆ្នេរសមុទ្រនាមូលដ្ឋានភូមិគគីរ គឺលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ នៅក្នុងតំណែងសព្វថ្ងៃ។
យ៉ាងណាក៏ដោយចុះ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទង លោក លូ គឹមឈុន ដើម្បីបំភ្លឺលើបញ្ហានេះបានទេតាមទូរស័ព្ទ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា លោក លូ គឹមឈុន បានយល់ព្រមជីកយកអាចម៍ដីដែលមេការរបស់លោកចាក់លុបឆ្នេរសមុទ្រឲ្យមានចម្ងាយ ៥០ម៉ែត្រពីឆ្នេរសមុទ្រវិញហើយ ហើយករណីនេះ អាជ្ញាធរខេត្តក៏បានចុះធ្វើកិច្ចសន្យាជាមួយអគ្គនាយកកំពង់ផែរូបនេះហើយដែរ។ លោកបន្តថា លោក លូ គឹមឈុន មិនជំទាស់នឹងសេចក្តីសម្រេច ឬផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ឲ្យអនុវត្តនោះទេ៖ «ខ្ញុំបានឲ្យខាងកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាយយកដីដែលចាក់លុបឆ្នេរសមុទ្រវិញហើយ ដោយខាងកំពង់ផែយល់ព្រមកាយដីចេញវិញ។ ហើយខេត្តបានធ្វើកិច្ចសន្យាជាមួយខាងភាគីកំពង់ផែនេះរួចហើយ។ តាមផែនការខេត្ត គឺតម្រូវឲ្យកំពង់ផែនេះកាយដីចេញពីឆ្នេរឲ្យបាន ៥០ម៉ែត្រពីឆ្នេរសមុទ្រ ហើយខាងភាគីកំពង់ផែក៏យល់ព្រមដែរ»។
ទោះជាបែបនេះក្តី មន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ និងមន្ត្រីរាជការខេត្តព្រះសីហនុ ថ្លែងថា នឹងរង់ចាំមើលចំណាត់ការតាមផ្លូវច្បាប់របស់អាជ្ញាធរខេត្តនេះ តើអាចទប់ស្កាត់សកម្មភាពខុសច្បាប់របស់ លោក លូ គឹមឈុន នៅមូលដ្ឋានភូមិគគីរ ឃុំបិតត្រាំង មានប្រសិទ្ធភាពដែរឬទេ? មន្ត្រីអង្គការ ស៊ី.អ៊ិន.រ៉ូ លោក សុខ សុខុម អះអាងថា តាមការសង្កេតជាក់ស្តែងគិតមកដល់ល្ងាចថ្ងៃពុធ ទី១០ ខែកុម្ភៈ ទៅហើយ មិនទាន់ឃើញមានសកម្មភាពជីកកាយដីដែលបុគ្គល លូ គឹមឈុន ចាក់លុបសមុទ្រនោះ ត្រូវបានកាយចេញពីឆ្នេរសមុទ្រឲ្យមកសភាពដើមវិញនោះទេ៕
No comments:
Post a Comment