មន្ទីរបរិស្ថានខេត្តសៀមរាបគ្រោងរៀបចំបឹងពារាំងទៅជាតំបន់អេកូទេសចរណ៍និងមើលសត្វស្លាប
ដោយ ហង្ស សាវយុត
2016-02-15 rfa
បឹងពារាំង គឺជាឈ្មោះតំបន់អភិរក្សត្រីពូជមួយក្នុងបឹងទន្លេសាប នៅចន្លោះភូមិសាស្ត្រសង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស ចម្ងាយប្រមាណ ៧គីឡូម៉ែត្រភាគខាងត្បូងពីទីក្រុងសៀមរាប។ បច្ចុប្បន្ន ទីនោះមានជីវចម្រុះ និងព្រៃលិចទឹកជាច្រើនប្រភេទ ដែលធ្វើឲ្យសត្វស្លាបជាច្រើនកំពុងប្រជុំគ្នារកចំណីលើផ្ទៃទឹកដ៏ធំធេង និងរស់នៅដូចជាតំបន់អភិរក្សសត្វស្លាបព្រែកទាល់ដែរ។
ទាំងអាជ្ញាធរខេត្តសៀមរាប និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន កំពុងសម្លឹងឃើញដូចគ្នាថា តំបន់នោះអាចនឹងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យទៅកម្សាន្តជាមួយជីវចម្រុះ និងទស្សនាសត្វស្លាបបាន។
អាជ្ញាធរខេត្តសៀមរាប មានគម្រោងជួយជ្រោមជ្រែងសហគមន៍ប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ សង្កាត់សៀមរាប និងសង្កាត់ចុងឃ្នៀស ឲ្យបង្កើតតំបន់ពារាំង នៃបឹងទន្លេសាប ក្លាយទៅជារមណីយដ្ឋានអេកូទេសចរណ៍ ដែលនឹងទាក់ទាញភ្ញៀវបរទេសទៅទស្សនាសត្វស្លាបជាច្រើនប្រភេទនៅពេលខាងមុខ។
អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកការងារឧទ្យាន និងកសិកម្ម គឺលោក គឹម ឆៃហៀង។ លោកមានប្រសាសន៍កាលពីល្ងាចថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ថា បឹងពារាំង ដែលស្ថិតនៅក្នុងទន្លេសាប គឺធ្លាប់មានក្រុមហ៊ុនខ្លះមកស្នើសុំវិនិយោគធ្វើជាជាតំបន់អេកូទេសចរណ៍ជាហូរហែ ក៏ប៉ុន្តែអាជ្ញាធរខេត្តសៀមរាប មិនអនុញ្ញាតទេ គឺទុកឲ្យសហគមន៍ប្រជាពលរដ្ឋ រៀបចំដើម្បីរកកម្រៃពីអេកូទេសចរណ៍នេះ។
លោក គឹម ឆៃហៀង បញ្ជាក់ថា អាជ្ញាធរកំពុងលើកទឹកចិត្តសហគមន៍ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ សង្កាត់សៀមរាប និងសង្កាត់ចុងឃ្នៀស ឲ្យរៀបចំវិស័យអេកូទេសចរណ៍នៅបឹងពារាំង ដើម្បីរកចំណូលសម្រាប់សហគមន៍ទាំងនោះ៖ «ចំណុចនោះយើងប្រហែលជាត្រូវធ្វើកិច្ចសហការច្រើនជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ជាដើម ធ្វើការសិក្សាលម្អិត ព្រោះវាពាក់ព័ន្ធទៅនឹងធនធានធម្មជាតិ ហើយនិងជីវចម្រុះ»។
បច្ចុប្បន្ន បឹងពារាំង ដែលមានផ្ទៃដីទំហំជាង ៣៤០ហិកតារ កំពុងស្ថិតនៅក្រោមការអភិរក្ស និងការពាររបស់មន្ទីរបរិស្ថានខេត្តសៀមរាប។
អនុប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប ទទួលបន្ទុកការងារអភិរក្ស លោក ស៊ឹម ឈាវឈានវិសិដ្ឋ មានប្រសាសន៍ថា លោកកំពុងតែរៀបចំតំបន់នោះ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យទៅកម្សាន្តជីវចម្រុះ និងសត្វស្លាប។ លោក ឈាវឈានវិសិដ្ឋ បញ្ជាក់ថា នៅបឹងពារាំង ក្រៅតែពីមានកន្លែងអភិរក្សត្រីពូជ គឺនៅមានកោះជាច្រើន ព្រមទាំងមានដើមរាំងធំៗដែលជាព្រៃលិចទឹកយ៉ាងស្រស់ស្អាត។ បច្ចុប្បន្ន ដោយសារតែមិនទាន់មានផ្លូវស្អាត ភ្ញៀវទេសចរដែលចង់ទៅកម្សាន្ត ត្រូវធ្វើដំណើរដោយជិះម៉ូតូកាត់ព្រៃលិចទឹក រួចហើយជិះទូកបន្តទៅដីកោះ៖ «ជាលក្ខណៈអេកូទេសចរណ៍ធ្វើឲ្យភ្ញៀវគាត់មកហ្នឹង គាត់នឹងសប្បាយចិត្ត ដោយឃើញវាលស្រែ ឃើញដំណាំដាំដុះរបស់ប្រជាពលរដ្ឋ»។
បឹងពារាំង ក្រៅពីមានផ្ទៃទឹកទន្លេល្ហល្ហាចអាចឲ្យភ្ញៀវជិះទូកកម្សាន្ត ក៏មានសត្វស្លាបរស់នៅជាច្រើនប្រភេទដូចជាសត្វទុង សត្វចង្កៀលខ្យង សត្វកុក ទោម ក្រសារ ប្រវឹក និងក្អែកទឹក ជាដើម។
មន្ត្រីមន្ទីរបរិស្ថាន បានអំពាវនាវសូមឲ្យរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ជាដើម ជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍផ្លូវទៅកាន់តំបន់នោះឲ្យបានល្អស្អាត ដើម្បីឲ្យភ្ញៀវទេសចរបរទេសជាច្រើន អាចចាប់អារម្មណ៍ និងធ្វើដំណើរទៅកម្សាន្តនៅទីនោះ៕
No comments:
Post a Comment