Wednesday, 17 February 2016

ប្រតិភូ IPU ស្វែង​យល់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង

ប្រតិភូ IPU ស្វែង​យល់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង
ដោយ យាង សុជាមេត្តា
2016-02-16 rfa

អ្នក ​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កិច្ច​ពិភាក្សា​រវាង​យុវជន និង​គណបក្ស​នយោបាយ​ស្ដីពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ពង្រឹង​វប្បធម៌​ សន្ទនា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Yang Chandara


ប្រតិភូ​គណៈកម្មាធិការ​ សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អាយ.ភី.យូ (IPU) នៅ​ថ្ងៃ​​១៥ ខែ​កុម្ភៈ ជួប​ជាមួយ​តំណាង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្វែង​យល់​ពី​ភាព​មិន​ប្រក្រតី​នានា​នៅ​ក្រោយ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​មន្ត្រី​បក្ស​ប្រឆាំង​ដោយ​បក្ស​កាន់​អំណាច។ ​ទោះបីជា​យ៉ាង​ណា ដំណើរ​ទស្សនកិច្ច​ស្វែង​រក​ការ​ពិត​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​សម្ដែង​ការ​ស្វាគមន៍។

​ ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង លោក ហុង សុខហួរ ការ​វាយ​ដំ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដោយ​បាតុករ​គាំទ្រ​បក្ស​កាន់​អំណាច ការ​ចោទ​ប្រកាន់ និង​ការ​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី  ការ​ចោទ​ប្រកាន់​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ហិង្សា​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ​២០១៤ ព្រម​ទាំង​ការ​អនុវត្ត​នូវ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​២ គឺ​សុទ្ធសឹងតែ​ជា​ប្រធានបទ​ដែល​គណៈប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស នៃ​សហភាព​អន្តរសភា ចង់​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​បក្ស​នយោបាយ​ទាំង​២។



សេចក្តី ​ប្រកាស​ព័ត៌មាន​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ គណៈប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស នៃ​សហភាព​អន្តរសភា ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​នយោបាយ​ទាំង​២ ជា​ច្រើន​រូប ដែល​រួមមាន ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន អនុ​ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក គាត ឈន់ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​គណៈកម្មការ​សិទ្ធិមនុស្ស ឬ​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា និង​រដ្ឋសភា។

​អនុ​ ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស នៃ​សហភាព​អន្តរសភា ភាគី​បក្ស​កាន់​អំណាច​បាន​ពន្យល់​ពី​មូលហេតុ​នានា​ដែល​ឈាន​ដល់​ការ​ចាប់​ ខ្លួន និង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បក្ស​ប្រឆាំង​ក្នុង​ពេល​កន្លង​មក ទាំង​ការ​ចោទ​ប្រកាន់​លើ​លោក សម រង្ស៊ី និង​ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ។

​ចំណែក​ការ ​វាយដំ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក ញ៉យ ចំរើន និង​លោក គង់ សភា កាល ពី​ខែ​តុលា ឆ្នាំ​២០១៥ លោក សុខ ឥសាន បាន​ប្រាប់​ទៅ​ប្រតិភូ​សហភាព​អន្តរ​សភា​ថា ព្រឹត្តិការណ៍​ហិង្សា​នោះ គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដោយ​បាតុករ​បក្ស​កាន់​អំណាច​ឡើយ ព្រោះ​លោក​ថា បាតុកម្ម​របស់​អ្នក​គាំទ្រ​របស់​បក្ស​កាន់​អំណាច​បាន​ចប់​ទៅ​ហើយ មុន​ពេល​ដែល​ព្រឹត្តិការណ៍​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​កើត​ ឡើង។

​ទាក់ទង​នឹង​ការ​អនុវត្ត​វប្បធម៌​សន្ទនា​វិញ លោក សុខ ឥសាន ប្រាប់​ទៅ​គណៈប្រតិភូ​សហភាព អន្តរ​សភា​ថា បក្ស​ប្រឆាំង​គឺជា​អ្នក​បំផ្លាញ​វប្បធម៌​សន្ទនា​នេះ។

ទោះ​ ជា​យ៉ាង​ណា​ក៏ដោយ លោក សុខ ឥសាន ថ្លែង​ថា លោក​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​គណៈកម្មាធិការ​ សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរសភា​ពេល​នេះ ព្រោះ​លោក​ថា វា​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្វែងយល់​កាន់​តែ​ច្បាស់​ពី​បញ្ហា​នានា​ដែល​បាន​កើត​ ឡើង​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​កន្លង​មក៖ «បើ​បាន​គាត់​មក​អ៊ីចឹង យើង​មាន​យោបល់​ច្បាស់ៗ​ជូន​គាត់ បើ​គាត់​វិនិច្ឆ័យ​យ៉ាង​ណា វា​ជា​រឿង​របស់​គាត់។ គាត់​ក្ដាប់​បាន​ទាំង​សង្ខាង ជំហរ​គណបក្សប្រឆាំង​យ៉ាង​ម៉េច ជំហរ​គណបក្ស​ប្រជាជន​យ៉ាង​ម៉េច មាន​ទឡ្ហីករណ៍​រៀង​ខ្លួន គាត់​យក​ទៅ​ពិចារណា​ក្នុង​របាយការណ៍​របស់​គាត់ អ៊ីចឹង​មិន​ទាន់​សន្និដ្ឋាន​យ៉ាង​ណា​នោះ​ទេ»។

ចាប់​តាំង​ ពី​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​បក្ស​ទាំង ២ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ មក គណបក្ស​ទាំង​២​តែង​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ជា​អ្នកធ្វើ​ឲ្យ​រអាក់រអួល​ដល់​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង ឬ​វប្បធម៌​សន្ទនា​ដែល​ពួកគេ​បាន​រួម​គ្នា​បង្កើត​ឡើង។

​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ចាប់​តាំង​ពី​មាន​ការ​រង្គោះរង្គើ​នៃ​វប្បធម៌​សន្ទនា​នេះ មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៥​រូប ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​រូប ត្រូវ​បាន​គេ​វាយ​សំពង អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​បោះ​ឆ្នោត​ទម្លាក់​ពី​តំណែង​អនុ​ ប្រធាន​ទី​១ រដ្ឋ​សភា ខណៈ​លោក សម រង្ស៊ី ត្រូវ​បាន​អាជ្ញាធរ​តាម​ចាប់​ខ្លួន ហើយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រហូត​មក​ទល់​សព្វថ្ងៃ។

ចំណែក ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប​ផ្សេង​ទៀត បើ​ទោះ​ជា​ពួកគេ​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ក្រោយ​ពេល​បក្ស​ ទាំង​២ បាន​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ ក្ដី ប៉ុន្តែ​ពួកគេ​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​នៅ​ឡើយ ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​បាន​រិះគន់​ទៅ​លើ​ការ​ធ្វើទុក្ខបុកម្នេញ​លើ ​មន្ត្រី​បក្ស​ប្រឆាំង​នេះ។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​បក្ស​ប្រឆាំង​ដើម្បី​សួរនាំ​ពី​ជំនួប​ជាមួយ​ប្រតិភូ ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ។

សេចក្ដី​ជូន​ដំណឹង​របស់​អគ្គ​លេខាធិការដ្ឋាន​ រដ្ឋសភា ឲ្យ​ដឹង​ថា គណៈប្រតិភូ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស នៃ​សហភាព​អន្តរ​សភា នឹង​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។ ដោយ​ឡែក​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ គណៈប្រតិភូ​ដដែល​នេះ នឹង​ជួប​ជាមួយ​អនុ​ប្រធាន​ទី​២​រដ្ឋសភា លោក ងួន ញ៉ិល។

​ អ្នក​នាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង មិន​ទាន់​អាច​បញ្ជាក់​នៅ​ឡើយ​ទេ​ថា តើ​គណៈ​ប្រតិភូ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា នឹង​ធ្វើ​សន្និសីទ​កាសែត​បូក​សរុប​លទ្ធផល​ការងារ​របស់​ពួកគេ ឬ​យ៉ាង​ណា​នោះ​ទេ៕

No comments: