ដោយ អ៊ុង សេរីវុទ្ធ
2016-03-09 rfa

មន្ត្រីនគរបាលជាតិជាន់ខ្ពស់ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីនៃកងយោធពលខេមរភូមិន្ទ និងអភិបាលខេត្តនានាក្នុងខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥។
RFA/Yeang Socheametta
ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ដាក់មន្ត្រីនគរបាលជាន់ខ្ពស់ថ្នាក់ឧត្ដមសេនីយ៍ ៤៩រូបឲ្យចូលនិវត្តន៍។
ការត្រាស់បង្គាប់របស់ព្រះមហាក្សត្រ ធ្វើឡើងតាមការស្នើពីប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីដាក់ឲ្យមន្ត្រីនគរបាលជាន់ខ្ពស់ទាំង៤៩នាក់ចូលនិវត្តន៍។ មន្ត្រីទាំង៤៩រូបនោះមានឋានន្តរសក្ដិចាប់ពីផ្កាយ១ដល់ផ្កាយ៣ និងមានតួនាទីចាប់ពីអនុប្រធានមន្ទីរ អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋាន ដល់ប្រធាននាយកដ្ឋាន។
ក្រៅពីនោះ មន្ត្រីមួយចំនួន មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត។
ស្របពេលជាមួយគ្នា ក្រសួងមហាផ្ទៃក៏ប្រកាសថានឹងផ្លាស់ប្ដូរអភិបាលខេត្តចំនួន៦ដែរ គឺអភិបាលខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយជ័យ នៅឆ្នាំ២០១៦នេះ ដោយអះអាងថាពួកគេដល់អាយុចូលនិវត្តន៍។
ក្រសួងមហាផ្ទៃកាលពីខែកុម្ភៈ បានប្រកាសជ្រើសរើសនគរបាលថ្មីជាង ៤.៥០០នាក់ ក្រោយមានការថយចុះ កងកម្លាំងនគរបាលជាតិ ចាប់ពីដើមឆ្នាំ២០១៤ ដល់ចុងឆ្នាំ២០១៥ ដោយសារមន្ត្រីភាគច្រើនចូលនិវត្តន៍ ទទួលមរណភាព និងបណ្ដេញចេញពីក្របខ័ណ្ឌជាដើម៕
No comments:
Post a Comment