ទិដ្ឋភាពដងស្ទឹងសង្កែ ខេត្តបាត់ដំបងពីអតីតកាល និងរូបលោក គង្គ ប៊ុនឈឿន កាលពីនៅក្មេងនាទសវត្សរ៍ទី ៦០ ។ រូបថត ហ្វេសប៊ុក
|
ការចងចាំ និងរំឭកដល់ម្ចាស់បទស្ទឹងសង្កែលោក គង្គ ប៊ុនឈឿន
Thu, 21 April 2016 ppp
ថ្វីបើលោក គង្គ ប៊ុនឈឿន ដែលត្រូវបានប្រជាជនខ្មែរភាគច្រើនស្គាល់ថាជា “កវីម្ចាស់ស្ទឹងសង្កែ” ជាអ្នកនិពន្ធបទចម្រៀងទសវត្សរ៍ទី ៦០ និង ៧០ ទទួលមរណភាពក៏ពិតមែនប៉ុន្តែលោកបានបន្សល់ទុកនូវស្នាដៃអនុស្សាវរីយ៍ជាច្រើនដល់មនុស្សជំនាន់ក្រោយដែលក្នុងនោះក៏មានរូបខ្ញុំម្នាក់ដែរ។
គាត់ជាអ្នកនិពន្ធបទចម្រៀងដែលខ្ញុំចូលចិត្តតាំងពីនៅកុមារភាព។ តាមរយៈបទចម្រៀងជាច្រើនបទដែលគាត់បាននិពន្ធហើយច្រៀងដោយអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត និងរាជិនីសំឡេងមាស អ្នកស្រី រស់ សេរីសុទ្ធា ព្រមទាំងអ្នកចម្រៀងផ្សេងទៀតបានធ្វើឲ្យមានភាពល្បីល្បាញទូទាំងប្រទេសរហូតដល់បច្ចុប្បន្ន។
លោកមានស្រុកកំណើតនៅភូមិចម្ការសំរោងក្នុងខេត្តបាត់ដំបង។ លោកបានតែងបទចម្រៀងប្រហែល ២០០ បទដោយបទភាគច្រើនលោកតែងរៀបរាប់ពីខេត្តបាត់ដំបងដែលជាទីកំណើតរបស់លោក។ បទចម្រៀងដែលលោកនិពន្ធទាក់ទងនឹងខេត្តបាត់ដំបងជាពិសេសបទរៀបរាប់ពីដងស្ទឹងសង្កែដែលមានភាពល្បីល្បាញខ្លាំងទូទាំងប្រទេសតាមរយៈសំនៀងដ៏ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។
បទចម្រៀងដែលល្បីល្បាញខ្លាំងរបស់លោកមានដូចជា៖ បទ «ម្លប់ដូងទី ១០ រំដួលដងស្ទឹងសង្កែ ស្ពានឈើអភ័ព្វ សម្រស់នាងចែវទូកដ ថ្មគោលស្រមោលស្នេហ៍ចាស់ ស្ពានអូរតាគី ម្លប់ស្នេហ៍ដើមស្រឡៅ សំឡេងចាបប្រាប់ស្នេហ៍ចាស់ អនុស្សាវរីយ៍ខ្នងភ្នំសំពៅ និងសែនស្តាយថ្ពាល់ស្តាំ ជាដើម។ គាត់ជាអ្នកនិពន្ធបទ «ជ្រោះពេជ្រចិន្តា» ជាបទមនោសញ្ចេតនាលន្លង់លន្លោចដែលច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា។
នៅឆ្នាំ ១៩៧៤ លោកបានតែងនិពន្ធបទមួយដែលមានចំណងជើងថា «កូនស្រីអ្នកនេសាទ» ដែលប្រជាជនខ្មែរភាគច្រើនច្រឡំចំណងជើងថាជា «វាសនាភូមិប្រាក់ព្រា»។ តាមរយៈសំនៀងដ៏លន្លង់លន្លោចរបស់អ្នកស្រី រស់ សេរីសុទ្ធា លោក គង្គ ប៊ុនឈឿន បានធ្វើឲ្យភូមិបាក់ព្រាដែលជាភូមិនេសាទមួយនៅចុងកាត់មាត់ញកស្ថិតនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានភាពល្បីខ្ទរខ្ទារទូទាំងប្រទេសរហូតដល់បច្ចុប្បន្ន។ ក្រៅពីនាំភាពល្បីល្បាញ និងក្តីស្រឡាញ់ពីសំណាក់ប្រជាជនខ្មែរចំពោះទឹកដីខេត្តបាត់ដំបងលោក គង្គ ប៊ុនឈឿន ក៏បានតែងបទចម្រៀងមនោសញ្ចេតនាជាច្រើនទៀតដែលរៀបរាប់ពីភូមិ ឃុំ ខេត្ត និងទីកន្លែងផ្សេងដែលប្រជាជនខ្មែរពុំដែលបាន ឮនិងទៅដល់។
លោកបានតែងបទដែលរៀបរាប់ពីទឹកដីខេត្តប៉ៃលិនដូចជា៖ ជំនោរប៉ៃលិន ទំនួញហ្គីតាមាស និង ផ្គរបប៉ៃលិន ជាដើម។ លោកបានតែងបទ «ស្ពានកំពង់ហ្លួង» ជាបទល្បីល្បាញមួយដែលអ្នកស្រី សូ សាវឿន បានច្រៀងរៀបរាប់បែបមនោសញ្ចេតនាពីស្រុកកំពង់ហ្លួងនៅខេត្តកណ្តាល។
នៅឆ្នាំ ១៩៧៣ លោកបានតែងបទ «ចម្រៀងមរណៈ» ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធមិត្តរបស់លោកម្នាក់ដែលត្រូវបានគេសម្លាប់ក្នុងសោកនាដកម្មមួយនៅខេត្តកំពង់ស្ពឺ។
លោក គង្គ ប៊ុនឈឿន ជាសិល្បករម្នាក់ក្នុងចំណោមសិល្បករតិចបំផុតដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។ លោកបានជួបលោក ស៊ីន ស៊ីសាមុត ក្រោយពីខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ និងបានជម្លៀសប្រជាជនឲ្យចាកចេញពីទីក្រុង។ នៅក្នុងកំណត់ត្រារបស់លោក គង្គ ប៊ុនឈឿន ដែលមានចំណងជើងថា «កំណាព្យស្នេហ៍មាស» លោកបានរៀបរាប់ពីការជួបគ្នារបស់លោក និងលោក ស៊ីន ស៊ីសាមុត នៅវត្តចំប៉ាក្នុងឃុំព្រែកឯង ខេត្តកណ្តាល។ ជាអកុសលលោក ស៊ីន ស៊ីសាមុត ត្រូវបានទាហានខ្មែរក្រហមសម្លាប់។
លោក គង្គ ប៊ុនឈឿន ត្រូវបានគេជម្លៀសបន្តទៀតទៅកន្លែងផ្សេងហើយបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍។
លោក គង្គ ប៊ុនឈឿន មានទេពកោសល្យជាច្រើនរាប់មិនអស់។ ក្រៅពីស្នាដៃនិពន្ធបទចម្រៀងលោកក៏ជាអ្នកនិពន្ធប្រលោមលោក និង កំណាព្យជាង ១០០ ក្បាលតាំងពីទសវត្សរ៍ទី ៦០ និងរហូតដល់ជីវិតចុងក្រោយរបស់លោក។
ប្រលោមលោកល្បីៗរបស់លោកពីជំនាន់មុនមានដូចជា៖ ស្នេហាលុះអវសាន្ត នាងរំសាយសក់ វិមាននរក ទឹកភ្នែកឪពុក ទឹកភ្នែកកុលាបបាត់ដំបង ជំនោរប៉ៃលិន និងសែនស្តាយថ្ពាល់ស្ដាំ ជាដើម។ នៅក្រោយរបបខ្មែរក្រហមលោក គង្គ ប៊ុនឈឿន បានបន្តនិពន្ធប្រលោមលោកជាច្រើនទៀតដូចជា៖ ផ្នូរសត្យា រៃមាសទួលស្លែង ទន្លេ ចាំជាតិជាដើម។
ជាពិសេសជាងនេះទៅទៀតលោកក៏ជាកវីដ៏ចំណានដែលបានតែងកំណាព្យស្នេហា និងអប់រំ។
លោក គង្គ ប៊ុនឈឿន មានដំណើរជីវិតគ្រប់រសជាតិ។ លោកជាអ្នកនិពន្ធតន្ត្រី អ្នកនិពន្ធប្រលោមលោក អ្នកតែងកំណាព្យ អ្នកសរសេរកាសែត អ្នកនិពន្ធភាពយន្ត អ្នកគូរគំនូរអប់រំ។ល។
លោកជាអ្នករិះគន់របបនយោបាយ និងសង្គមដោយហ៊ានសរសេរដោយចំហពីអំពើអយុត្តិធម៌ក្នុងសង្គម។
នៅឆ្នាំ ១៩៦៣ លោកត្រូវបានជាប់ក្នុងពន្ធនាគារអស់រយៈពេល ៦ ខែដោយសារសរសេររឿងប្រលោមលោកដែលមានចំណងជើងថា «វិមាននរក» ដែលរិះគន់របបនយោបាយក្នុងជំនាន់នោះ។
នៅឆ្នាំ ១៩៧០ លោកក៏ត្រូវបានជាប់ពន្ធនាគាររយៈពេលកន្លះខែដោយសារសរសេររឿងមួយដែលមានចំណងជើងថា «ឯណាទៅអនាគតរបស់វា?» ដែលប៉ះពាល់ដល់របបនយោបាយក្នុងជំនាន់នោះ។
នៅឆ្នាំ ២០០០ លោកបានទទួលការគំរាមកំហែងដល់អាយុជីវិតដោយសារតែលោកសរសេរសៀវភៅប្រលោមលោកមួយស្តីពីជីវិតពិតរបស់នាង តាត ម៉ារីណា ដែលមានចំណងជើង «វាសនានាង តាត ម៉ារីណា» ដែលទទួលរងគ្រោះទឹកអាស៊ីត។
លោក គង្គ ប៊ុនឈឿន និងក្រុមគ្រួសារបានភៀសខ្លួនទៅនៅទីក្រុងបាងកកហើយក្រោយមកក៏បានទទួលសិទ្ធិជ្រកកោននៅប្រទេសន័រវែសរហូតដល់លោកទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៦ ក្នុងជន្មាយុ ៧៧ ឆ្នាំ។
លោក គង្គ ប៊ុនឈឿន ជាបុគ្គលដែលខ្ញុំមានការគោរពកោតសរសើរយ៉ាងជ្រាលជ្រៅនូវស្នាដៃរបស់លោកទាំងអស់។ ចម្រៀងដែលគាត់បានតែងឡើង និងច្រៀងដោយលោក ស៊ីន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា បាននាំមកនូវភាពរីករាយដល់កុមារភាពរបស់ខ្ញុំ។ មិនត្រឹមតែប៉ុណ្ណោះស្នាដៃនិពន្ធប្រលោមលោករបស់លោកបានធ្វើឲ្យខ្ញុំចងចាំនូវពេលវេលាដែលខ្ញុំមករស់នៅភ្នំពេញដើម្បីបន្តការសិក្សាដែលខ្ញុំជក់ចិត្តអានសៀវភៅប្រលោមលោក និងកំណាព្យរបស់លោកជាច្រើនក្បាល។
ក្នុងមួយជីវិតរបស់លោក គង្គ ប៊ុនឈឿន លោកបានប្រើស្លាបប៉ាកាដើម្បីសម្រេចក្តីប្រាថ្នារបស់គាត់។ លោកបានជួយលើកតម្កើងវិស័យសិល្បៈ និងអក្សរសាស្ត្រខែ្មរដែលជាស្នាដៃមិនអាចកាត់ថ្លៃបាន។ អ្វីដែលខ្ញុំនឹងចងចាំពីគាត់មិនអាចបំភ្លេចបាននោះគឺក្តីស្រមើស្រមៃ និងសេរីភាពនៃការសរសេរ៕
វង្ស សុជាតា
ភ្នំពេញ, អ៊ីមែលៈ vong.socheata@gmail.com
No comments:
Post a Comment