


យួនរស់នៅច្រើនជាងគេ មេឃុំជួលដីស្រែឲ្យយួនព្រោះគ្មានជម្រើស
ដោយ ៖ វ៉ាន់ ប៊ុនធឿន
ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១៤:៣៥ (07-04-2016 14:35)
ខេត្តព្រៃវែង ៖ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចេញផ្សាយកាលពីថ្ងៃទី៥មេសាបានបង្ហាញឲ្យឃើញថា ជនបរទេសជាជនអន្តោប្រវេសន៍ដែលគ្មានឯកសារហើយរស់នៅក្នុងខេត្តមាន១២១គ្រួសារ ស្មើ២៣៤នាក់ ក្នុងនោះស្រី១២២នាក់ ហើយមាន៣ជនជាតិ គឺ វៀតណាម ថៃ និង ភូមា ។ ជនអន្តោប្រវេសន៍ដែលមានឯកសារជំរឿនឆ្នាំ២០០២កន្លងមក មាន១.០៣៧គ្រួសារ ស្មើ៤.០៦២នាក់ ក្នុងនោះស្រី១.៩៤៤នាក់ ហើយពួកនេះមានតែជនជាតិវៀតណាមប៉ុណ្ណោះ ។ នៅក្នុងរបាយការណ៍បន្តទៀតថា សរុបជនអន្តោប្រវេសន៍មកស្នាក់នៅលើទឹកដីខេត្តព្រៃវែងទាំង៣ជនជាតិ គឺមានចំនួន២.៤៤៣គ្រួសារ ស្មើ៩.១០២នាក់ ក្នុងនោះស្រី៤.៣៧៩នាក់ ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ខេត្តព្រៃវែងដែលមានជនជាតិវៀតណាមរស់នៅច្រើនជាងគេ មាននៅសង្កាត់ជើងទឹក ក្រុងព្រៃវែង, ឃុំពាមរក៍ ឃុំព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍, ឃុំបន្ទាយចក្រី ឃុំរាធរ ស្រុកព្រះស្តេច, ឃុំកោះសំពៅ ឃុំកោះចេកឃុំ កោះរកា ស្រុកពាមជរ៍ ខេត្តព្រៃវែង ។ ហើយជនអន្តោប្រវេសន៍ភាគច្រើនអត់មានឯកសារសម្គាល់ថាជាជនអន្តោប្រវេស្តន៍ស្របច្បាប់ទេ ក៏ប៉ុន្តែជនអន្តោប្រវេសន៍ទាំងនោះអាចទិញដីសាងសង់ផ្ទះសម្បែងបានយ៉ាងងាយស្រួលដែរ ។
ប្រជាពលរដ្ឋបានរិះគន់ថា គឺអាជ្ញាធរមូលដ្ឋានជាអ្នកសម្រួល ទើបជនបរទេសអាចមករស់នៅហើយអាចទិញដីសង់ផ្ទះសម្បែងស្នាក់នៅបានដោយរលូនដូច្នេះ ។
បើក្រឡេកមើលទៅឯឃុំកោះសំពៅ ស្រុកពាមជរ៍ ឯណោះវិញ មានប្រជាជនវៀតណាមមកសង់លំនៅឋានផ្ទះសម្បែងក្នុងភូមិពោធិ៍ថ្មី ចំណុចកោះស្កូ តាមបណ្តោយមាត់ទន្លេ និងភូមិកោះសំពៅ តាមមាត់ទន្លេ គឺគ្មានប្រជាជនខ្មែរទៅរស់នៅទេ សុទ្ធសឹងប្រជាជនវៀតណាម ដែលមានសមាគមវៀតណាម ង្វៀងគាវ ជាអ្នកគ្រប់គ្រង ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺប្រជាជនខ្មែរដែលមានដីស្រែនៅជាប់បណ្តោយព្រំដែន(កម្ពុជា-វៀតណាម) ក្នុងឃុំកោះសំពៅបានជួលដីស្រែឲ្យទៅប្រជាជនវៀតណាមធ្វើស្រែដដែល ក្នុងនោះក៏មានលោកមេឃុំកោះសំពៅជួលដីស្រែឲ្យវៀតណាមចំនួន៣០ហិកតាដែរ ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ពួកគាត់គ្មានជម្រើស ដោយសារដីស្រែក្នុងឃុំកោះសំពៅលិចទឹក ធ្វើបានតែស្រែប្រាំង ហើយត្រូវការបូមទឹកស្រោចស្រពពីទន្លេ ក៏ប៉ុន្តែមិនអាចដាក់ម៉ាស៊ីនបូមទឹកបានដោយតាមមាត់ទន្លេគឺសុទ្ធសឹងផ្ទះវៀតណាមពិបាកក្នុងការធ្វើដំណើរ ដូច្នេះគ្មានជម្រើសមានតែបង្ខំចិត្តជួលដីស្រែឲ្យវៀតណាមក្នុង១ហិកតាបានតម្លៃ៤០០ដុល្លារ ហើយវៀតណាមធ្វើស្រែប្រាំងបាន២ដងក្នុងមួយរដូវ ។ រីឯសមត្ថកិច្ចទទួលស្គាល់ថា ពិតជាមានជួលដីស្រែឲ្យវៀតណាមមែន គឺខ្លះនៅជាប់កិច្ចសន្យាជួលមិនទាន់ផុតឆ្នាំកំណត់ ៕
kohsantepheapdaily
No comments:
Post a Comment