មេធាវីដាក់ពាក្យស្នើសុំធានាលោក អ៊ុំ សំអាន នៅក្រៅឃុំ
ដោយ ម៉ម មុនីរតន៍
2016-04-21
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន (អាវស) ត្រូវបានសមត្ថកិច្ចបញ្ជូនពីក្រសួងមហាផ្ទៃ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ Photo courtesy of VOD
Photo courtesy of VOD
មេធាវីការពារក្ដីរបស់លោក អ៊ុំ សំអាន គឺលោក ជូង ជូងី អះអាងថា លោកបានដាក់បណ្ដឹងទៅតុលាការក្រុងភ្នំពេញ រួចហើយ ដើម្បីសុំដោះលែងកូនក្ដីរបស់ខ្លួនបាននៅក្រៅឃុំបណ្ដោះអាសន្ន។ អង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថា ប្រសិនបើសំណុំរឿងនេះ មិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ លោក អ៊ុំ សំអាន នឹងអាចត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដូចការស្នើសុំរបស់មេធាវី។
គិតមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបបែបណានៅឡើយពីតុលាការក្រុងភ្នំពេញ ជុំវិញការស្នើសុំនេះ ក៏ប៉ុន្តែបើទោះជាបែបណាមេធាវីការពារក្ដីឲ្យតំណាងរាស្ត្រលោក អ៊ុំ សំអាន យល់ឃើញថា បើពិនិត្យទៅលើអង្គហេតុនៅក្នុងសំណុំរឿងនេះ កូនក្ដីរបស់ខ្លួនពុំមានបទល្មើសដែលអាចត្រូវឃុំខ្លួនបែបនេះឡើយ។
លោក ជូង ជូងី ឲ្យដឹងនៅថ្ងៃទី២១ ខែមេសា ថា លិខិតស្នើសុំឲ្យតុលាការដោះលែងកូនក្តីរបស់លោក គឺបានប្រគល់ដល់ដៃតុលាការរួចហើយ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍។ លោក ជូង ជូងី មិនធ្វើអត្ថាធិប្បាយចំពោះលទ្ធភាពនៃសេចក្ដីសម្រេចរបស់តុលាការទេ ក៏ប៉ុន្តែលោកយល់ឃើញថា សំណុំរឿងលោក អ៊ុំ សំអាន ពុំមានអង្គហេតុនៃបទល្មើសដែលស៊ីចង្វាក់ទៅនឹងបទចោទរបស់ព្រះរាជអាជ្ញានោះឡើយ។
លោកបន្តថា៖ «ខ្ញុំដាក់មុនហ្នឹងបន្តិចដើម្បីសុំដោះលែង អ៊ុំ សំអាន បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។ ក្នុងនីតិវិធីរបស់ខ្ញុំ ខ្ញុំមិនពិចារណាពីលទ្ធផលយ៉ាងណានោះទេ គឺខ្ញុំពិចារណាទៅលើអ្វីដែលខ្ញុំគួរធ្វើ។ ខ្ញុំធ្វើឲ្យអស់ពីបច្ចេកទេសរបស់ខ្ញុំ»។
តំណាងរាស្ត្រដែលសកម្មក្នុងរឿងព្រំដែន គឺលោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយឃុំបណ្ដោះអាសន្ននៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមេសា។ មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួន លោក អ៊ុំ សំអាន ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក តុប ឈុនហេង ចេញដីកាឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស ភ្លាមដែរ។
ការឃុំខ្លួនដែលស្ថិតក្រោមការរិះគន់ដ៏ចម្រូងចម្រាសពីអង្គការមិនមែនរដ្ឋាភិបាលនេះ លោក អ៊ុំ សំអាន ត្រូវបានព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីរបទល្មើសគឺញុះញង់ឲ្យប្រព្រឹត្តិអំពើឧក្រិដ្ឋ និងញុះញង់ឲ្យមានការរើសអើងជាអាទិ៍នៃក្រមព្រហ្មទណ្ឌ។
ដំណាលគ្នានឹងការសួរដេញរបស់ចៅក្រមនៃតុលាការក្រុងភ្នំពេញ នៅថ្ងៃទី២ បន្ទាប់ពីចាប់ខ្លួនរួច ទាំងលោក ហ៊ុន សែន និងរដ្ឋសភា ក៏បានអនុម័តសម្រេចឲ្យសមត្ថកិច្ចបន្តនីតិវិធីចាប់ និងឃុំខ្លួនលោក អ៊ុំ សំអាន ដែរ។ លោក អ៊ុំ សំអាន បានឲ្យវិទ្យុអាស៊ីសេរី ដឹងមុនការចាប់ខ្លួនប្រមាណជាង ៦ម៉ោងថា លោកពុំបានប្រព្រឹត្តបទល្មើសដូចការរកឃើញរបស់រដ្ឋាភិបាលឡើយ។ ម្យ៉ាងវិញទៀត អ្វីដែលលោកបានធ្វើនោះ គឺក្នុងបុព្វហេតុជាតិ និងទឹកដីប៉ុណ្ណោះ។
មន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការក្រៅរដ្ឋាភិបាល មើលឃើញថា ប្រសិនបើរឿងនេះ ពុំមានការលូកដៃពីអ្នកនយោបាយទេ ប្រហែលតុលាការអាចពិចារណាទៅលើការស្នើសុំរបស់មេធាវី ហើយឈានទៅដល់ការដោះលែងបាន។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) យល់ឃើញថា មេធាវីការពារក្ដីមានសិទ្ធិគ្រប់ដំណាក់កាលនៃនីតិវិធី ក្នុងការស្នើសុំឲ្យមានការដោះលែងកូនក្ដីរបស់ខ្លួន។ លោកបន្ថែមថា ប្រសិនបើសំណុំរឿងនេះមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ លោកមានជំនឿថា តំណាងរាស្ត្រលោក អ៊ុំ សំអាន អាចរួចខ្លួន៖ «រឿងខ្លះទៀតយើងឃើញថា មានបទល្មើសនៅតែចោទប្រកាន់ ប៉ុន្តែមានការអនុញ្ញាតឲ្យនៅក្រៅឃុំបានដែរ ហើយរឿងនេះ វាជាបទល្មើសមជ្ឈិមទេ អ៊ីចឹងបើយើងមើលទៅលើលក្ខខណ្ឌវាគួរតែតុលាការពិចារណាក្នុងការនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោក អ៊ុំ សំអាន»។
ការចាប់ខ្លួនលោក អ៊ុំ សំអាន បន្ថែមទៀតនៅពេលនេះ បានធ្វើឲ្យចំនួនមន្ត្រី និងសកម្មជនគណបក្សប្រឆាំងដែលជាប់ឃុំបានកើនឡើងរហូតដល់ ១៦នាក់ហើយ។ មេធាវីការពារក្ដីគឺលោក ជូង ជូងី បញ្ជាក់ថា ការចាប់ខ្លួនកន្លងទៅនេះ ទាំងលោក ហុង សុខហួរ និងចុងក្រោយគឺលោក អ៊ុំ សំអាន គឺសមត្ថកិច្ច និងតុលាការធ្វើឡើងទាំងបំពានច្បាប់។ ម្យ៉ាងការចាប់ខ្លួននេះទៀតសោត គឺអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភានៅមានអភ័យឯកសិទ្ធិសភានៅឡើយថែមទៀងផង៕
No comments:
Post a Comment