Sunday 24 April 2016

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ព្រះមហាក្សត្រ​អន្តរាគមន៍​ករណី​លោក អ៊ុំ សំអាន


ដោយ​ សុ ជីវី
2016-04-23

នរោត្តម សីហមុនី ​បុណ្យ​ឯករាជ្យ​ជាតិ​ ៦២០
សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (រូប​កណ្ដាល) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Morm Moniroth


តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ប្រមាណ ៤០​រូប ទូល​ថ្វាយ​ព្រះមហាក្សត្រ សុំ​អោយ​ព្រះអង្គ​ព្រះរាជទាន​អន្តរាគមន៍​ករណី​ឃុំ​ខ្លួន​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន។

លិខិត​របស់​អ្នក​តំណាងរាស្ត្រ​ថ្វាយ​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃ​ទី​២២ ខែ​មេសា ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ឲ្យ​ដោះ​លែង​លោក អ៊ុំ សំអាន ដ្បិត​ព្រះអង្គ​ជា​អាជ្ញា​កណ្ដាល ដើម្បី​ធានា​ប្រព្រឹត្ត​ទៅ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់​ដូច​មាន​ចែង​ក្នុង​មាត្រា​៩ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​លិខិត​នោះ​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា រដ្ឋសភា​បាន​បើក​កិច្ច​ប្រជុំ​មួយ​ដោយ​មាន​វត្តមាន​តំណាងរាស្ត្រ ៦៣​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​អនុម័ត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក អ៊ុំ សំអាន។ ក្រុម​អ្នក​តំណាងរាស្ត្រ​បញ្ជាក់​ថា ទង្វើ​នេះ​រំលោភ​ទាំងស្រុង​លើ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។ តាម​ច្បាប់​តម្រូវ​ឲ្យ​មាន​សំឡេង ២ ភាគ ៣ ឬ ៣ ភាគ ៤ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល ដើម្បី​សម្រេច ឬ​ផ្អាក​ការ​ចោទ​ប្រកាន់​ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា។



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​ជំរុញ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង ក្នុង​ការ​ផ្សព្វផ្សាយ​ផែនទី និង​ប្រើ​ពាក្យ​សម្ដី​ក្នុង​ទិសដៅ​ញុះញង់ បំផុស​បំផុល​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង និង​មាន​ទិសដៅ​ទម្លាក់​នាយក​រដ្ឋមន្ត្រី។

មន្ត្រី​គណបក្ស​សង្រ្គោះជាតិ នៅ​តែ​ចាត់​ទុក​លោក អ៊ុំ សំអាន ថា ជា​អ្នក​រងគ្រោះ​ដោយសារ​ឈឺ​ឆ្អាល និង​គិតគូរ​ពី​បញ្ហា​ប្រទេស​ជាតិ។ គណបក្ស​នេះ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ករណី​ចាប់​ខ្លួន​តំណាងរាស្ត្រ​ដែល​សកម្ម​ក្នុង​រឿង​ព្រំដែន គឺ​លោក អ៊ុំ សំអាន តាម​ផ្លូវ​នយោបាយ។

កាល​ពី​យប់​ថ្ងៃ​ទី​១០ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា អ្នក​តំណាងរាស្ត្រ អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ឃុំ​បណ្ដោះអាសន្ន​នៅ​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ប្រកាន់​ពីរ​បទល្មើស​គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍​នៃ​ក្រម​ព្រហ្មទណ្ឌ៕

No comments: