Saturday 23 April 2016

សម្រង់​ព័ត៌មាន​អាមេរិក​និង​កាណាដា​ស្ដីពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត

សម្រង់​ព័ត៌មាន​អាមេរិក​និង​កាណាដា​ស្ដីពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត
ដោយ យន់ សាមៀន
2016-04-22

ហ៊ុន ម៉ាណែត ២០១៦ ៨៥៥
លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
 RFA/Brach Chev


សារព័ត៌មាន​អាមេរិកាំង (USA) និង​ទូរទស្សន៍​នៅ​កាណាដា (Canada) ល្បីៗ​មួយ​ចំនួន ចាប់​តាំង​ពី​ដើម​ខែ​មេសា បាន​ចាប់​ចុះផ្សាយ​ជា​ហូរហែ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ អត្ថបទ​ទាំង​នោះ​ផ្ដោត​លើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន ម៉ាណែត គោលបំណង និង​ទស្សនៈ​លោក​ស្ដីពី​ខ្មែរ-អាមេរិកាំង និង​គោលបំណង​របស់​លោក​ទៅ​ថ្ងៃ​អនាគត។

សារព័ត៌មាន​អាមេរិក មួយ​ចំនួន​បាន​ចុះផ្សាយ​អត្ថបទ​មាន​ចំណង​ជើង​ស្រដៀងៗ​គ្នា ដូចជា "ខ្មែរ​នៅ​ក្នុង​តំបន់​តវ៉ា​ប្រឆាំង​វត្តមាន​កូន​មេដឹកនាំ"  "រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​ទារុណកម្ម" "បាតុកម្ម​ធ្វើ​ឲ្យ​មេដឹកនាំ​កម្ពុជា​ច្របូកច្របល់"។

កាសែត ឌឹ ញីវ ទ្រីប្យូន (The News Tribune) នៅ​រដ្ឋ​វ៉ាស៊ីនតុន (Washington) ចុះផ្សាយ​អត្ថបទ​មួយ​ផ្ដោត​ពី​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៥០​នាក់ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​សណ្ឋាគារ​នៅ​ទីក្រុង​តាកូម៉ា (Tacoma) រដ្ឋ​វ៉ាស៊ីនតុន។ សារព័ត៌មាន​នេះ បាន​ដក​ស្រង់​សម្ដី​បាតុករ​ម្នាក់​ថា នៅ​សហរដ្ឋអាមេរិក យើង​ហ៊ាន​ធ្វើ​បាតុកម្ម ប៉ុន្តែ​នៅ​កម្ពុជា ប្រសិនបើ​យើង​ហ៊ាន​ធ្វើ​ដូច្នេះ យើង​ពិតជា​ត្រូវ​បាន​គេ​សម្លាប់​ហើយ។ កាសែត​ក៏​បាន​ដក​ស្រង់​សម្ដី​បាតុករ​ផ្សេង​ទៀត​ថា ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ច្រើន​កើត​ឡើង​នៅ​កម្ពុជា ដូចជា​ការ​ទន្ទ្រាន​យក​ដី​ពលរដ្ឋ ហើយ​ដុត​ផ្ទះសម្បែង​ជាដើម។



ចំណែក​កាសែត ឌឹ សាន់ (The Sun) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) វិញ រាយការណ៍​ថា មនុស្ស​រាប់​រយ​នាក់​តវ៉ា​នៅ​ពេល​មេដឹកនាំ​កម្ពុជា មក​ទស្សនកិច្ច​នៅ​ទីក្រុង​ឡូវែល (Lowell)។ មនុស្ស​ជា​ច្រើន​បាន​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត ដោយ​មេក្រូ​ស្រែក​ចោទ​ប្រកាន់​លោក​ថា ជា​អ្នក​រំលោភ​សិទ្ធិមនុស្ស និង​ទាមទារ​ឲ្យ​លោក​កុំ​ជាន់​ទឹកដី​សហរដ្ឋអាមេរិក។ កាសែត​នេះ​ដក​ស្រង់​សម្ដី​បាតុករ​ម្នាក់​ថា អាមេរិក​ជា​ទឹកដី​ប្រកប​ដោយ​សេរីភាព យើង​មិន​ត្រូវការ​ជន​ផ្ដាច់ការ​ឡើយ។ កាសែត​នេះ​បញ្ជាក់​ទៀត​ថា សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡូវ៉ែល (Lowell) បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ទីក្រុង (Lowell) លុបចោល​គម្រោង​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត និង​បដិសេធ​វត្ថុ​អនុស្សាវរីយ៍​របស់​លោក។

កាសែត ឌឹ សាន់ ដដែល​បាន​ដកស្រង់​សម្ដី​បាតុករ​ម្នាក់​ឈ្មោះ ជៃ វីរៈ ថា លោក ហ៊ុន ម៉ាណែត មិន​មែន​មក​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ឆ្នាំ​ថ្មី​នេះ​ទេ ប៉ុន្តែ​លោក​មក​ដើម្បី​ផ្សព្វផ្សាយ​លើក​កម្ពស់​របៀបវារៈ​គណបក្ស​ប្រជាជន​កម្ពុជា និង​កែលំអ​រូបភាព​នៃ​របប​ផ្ដាច់ការ។ លោក​បន្ត​ថា មាន​បាតុករ​នៅ​កម្ពុជា ជា​ច្រើន​នាក់​ណាស់​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​កំហុស និង​គ្មាន​ភស្តុតាង​អ្វី​ទាំង​អស់។

កាសែត​ក៏​បាន​សម្ភាស​បុរស​ម្នាក់​ទៀត​ឈ្មោះ យ៉ែម រដ្ឋា ដែល​បាន​ចូលរួម​ស្ដាប់​លោក ហ៊ុន ម៉ាណែត ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា លោក​ទៅ​ស្ដាប់​លោក ហ៊ុន ម៉ាណែត ដោយសារ​តែ​លោក​ចង់​ដឹង​ពី​អ្វី​ដែល​លោក ម៉ាណែត និយាយ ប៉ុន្តែ​លោក​មិន​បាន​ជឿជាក់​ទាំង​ស្រុង​ឡើយ។ បុរស​ម្នាក់​ទៀត​ឈ្មោះ នូ កុសល និយាយ​ថា គោលបំណង​របស់​លោក ហ៊ុន ម៉ាណែត នេះ គឺ​មក​រើស​សមាជិក​ដើម្បី​បម្រើ​ការងារ​បក្ស។ លោក​បន្ត​ទៀត​ថា លោក​មិន​ភ្លេច​ការ​ភ័យ​ខ្លាច​នៃ​របប​ខ្មែរក្រហម​នៅ​ឡើយ​ទេ កាល​ពី​២០ ឆ្នាំ​មុន។ វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​លោក​ខ្លាំង​ណាស់។ លោក​ថា របួស​លោក​បាន​ជា​ហើយ ប៉ុន្តែ​នៅ​មាន​ស្លាកស្នាម​នៅ​ឡើយ។ វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ធ្វើ​ឲ្យ​របួស​លោក​ឈឺ​ចាប់​ឡើង​វិញ ដូចជា​ការ​ចាប់​អំបិល​ចូល​ដំបៅ​ចាស់​អ៊ីចឹង។

ក្នុង​កិច្ច​សម្ភាសន៍​នឹង កាសែត ឌឹ សាន់ លោក ហ៊ុន ម៉ាណែត មិន​បាន​ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​បាតុករ​ទេ គ្រាន់តែ​ថា ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​កន្លង​មក ធ្វើ​ឡើង​ដោយ​ស្របច្បាប់។ លោក​អះអាង​ប្រាប់​កាសែត​ថា ដំណើរ​មក​សហរដ្ឋអាមេរិក មិន​ទទួល​បាន​ជោគជ័យ​ដោយសារ​តែ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach, California) ឡូវែល និង វ៉ាស៊ីនតុន។ លោក​បន្ត​ថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មិន​យល់​ចំពោះ​ដំណើរ​មក​សហរដ្ឋអាមេរិក ដែល​លោក​អះអាង​ថា ដើម្បី​ភាព​វិជ្ជមាន និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា។ លោក​ក៏​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​ទីក្រុង​ឡូវែល បាន​សម្រេច​មិន​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​លោក និង​របស់​អនុស្សាវរីយ៍។

ទាក់ទង​ទៅ​នឹង​សំណួរ​ស្ដីពី​ការ​ស្នង​តំណែង​របស់​ឪពុក​លោក​នោះ លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​មិន​មាន​ក្ដី​បំណង​ចង់​ទៅ​កាន់​តួនាទី​នយោបាយ​ឡើយ។ លោក​ចង់​បម្រើ​ការងារ​វិស័យ​យោធា​វិញ។ លោក​បន្ត​ថា លោក​មិន​បាន​ផ្ដល់​ទស្សនៈ​នយោបាយ​ដល់​ឪពុក​លោក​ឡើយ។ លោក​ថា អ្នក​នៅ​ក្បែរ​ឪពុក​របស់​លោក​សុទ្ធ​ជា​មនុស្ស​ឆ្លាតវៃ។

លោក​បន្ត​ថា ដំណើរ​របស់​លោក​នេះ គឺ​ចង់​ផ្ដល់​ដំណឹង​ទៅ​ខ្មែរ​នៅ​បរទេស​ឲ្យ​ដឹង​ពី​ការពិត​នៅ​កម្ពុជា។ លោក​ថា បាតុករ ២០០​នាក់ មិន​អាច​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ទាំង​អស់​បាន​ឡើយ។ ចំណែក​ក្នុង​បទសម្ភាសន៍​នឹង​ទូរទស្សន៍​កាណាដា ប្លូមប៊ើក (Bloomberg Canada) វិញ លោក ហ៊ុន ម៉ាណែត បង្ហាញ​ទស្សនវិស័យ​សម្រាប់​រយៈ​ពេល ១០០​ឆ្នាំ​ទៅ​មុខ​ទៀត​ថា កម្ពុជា​ចង់​បាន​សន្តិសុខ និង​ស្ថិរភាព​ដើម្បី​ធានា​ថា កម្ពុជា​និង​ការវិវឌ្ឍន៍​ទៅ​មុខ​ដើម្បី​បង្កើត​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ។ ចំពោះ​បញ្ហា​សេដ្ឋកិច្ច​វិញ លោក​បញ្ជាក់​ថា កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​អ្នក​វិយោគ​ទុន​ជា​ច្រើន​ចង់​មក​រក​ស៊ី ដោយសារ​តែ​នយោបាយ​ទីផ្សារ​សេរី​របស់​កម្ពុជា។

ដោយ​ឡែក ក្នុង​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន ម៉ាណែត វិញ លោក​អះអាង​ថា លោក​ទទួល​យក​ជោគជ័យ​ក្នុង​ដំណើរ​មក​អាមេរិក ទោះបីជា​មាន​ការ​ខិតខំ​បំផុស និង​រៀបចំ​របស់​មនុស្ស​មួយ​ក្រុម​ដែល​បាន​ប្រមូល​បាតុករ​ប្រមាណ​ជាង ១០០​នាក់ មក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ក្នុង​ការ​ជួបជុំ​គ្នា​អបអរសាទរ​ឆ្នាំ​ថ្មី​នៅ​ទីក្រុង​ឡូវែល ក៏ដោយ ក៏​មាន​អ្នក​គាំទ្រ​ប្រមាណ​ជាង ៥០០​នាក់​ចូល​រួម។ ទំព័រ​ហ្វេសប៊ុក ​ដដែល លោក​បាន​ដាក់​រូបភាព​មួយ​ចំនួន​ដែល​បាន​បង្ហាញ​ចំនួន​អ្នក​គាំទ្រ​ដែល​ចូលរួម​កិច្ច​ប្រជុំ​របស់​លោក និង​ជំនួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក មួយ​ចំនួន។

​សារព័ត៌មាន​នៅ​អាមេរិក មិន​ត្រឹមតែ​ផ្ដោត​ការ​ផ្សាយ​លើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន ម៉ាណែត ឡើយ។  ព្រឹត្តិបត្រ Courthouse News Service បាន​ចុះផ្សាយ​អត្ថបទ​មួយ​អំពី​ពាក្យ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ពី​បទ​រំលោភ​សិទ្ធិមនុស្ស និង​ទារុណកម្ម។

ព្រឹត្តិបត្រ​ដក​ស្រង់​សម្ដី​មេធាវី​ការពារ​ក្តី​នេះ​ថា មាន​មនុស្ស​ជា​ច្រើន​ណាស់​ត្រូវ​បាន​ចាប់​ដាក់គុក​ដោយសារ​តែ​ការ​បញ្ចេញ​មតិ។ មេធាវី​នោះ​បន្ត​ថា លោក ហ៊ុន ម៉ាណែត មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ដើរ​ហើរ​ដោយ​សេរី​នៅ​សហរដ្ឋអាមេរិក ឡើយ។ ពាក់ព័ន្ធ​នឹង​បណ្ដឹង​នេះ​ដែរ លោក ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តុលាការ​នៅ​ឡើយ ទោះបីជា​គាត់​មាន​រយៈពេល ៣០​ថ្ងៃ បន្ទាប់​ពី​បណ្ដឹង​ត្រូវ​បាន​ដាក់​នៅ​តុលាការ​កាល​ពី​ដើម​ខែ​មេសា៕

No comments: