ពលរដ្ឋនៅខេត្តកំពង់ធំស្នើឱ្យអាជ្ញាធរបញ្ឈប់ក្រុមហ៊ុនឈូសឆាយដីចម្ការ
ដោយ សូត សុខប្រាថ្នា
2016-04-22
ស្លាកសញ្ញាស្គាល់ក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ អភិវឌ្ឍន៍ កៅស៊ូ នៅតំបន់ព្រៃឡង់។
Photo: RFA
ប្រជាពលរដ្ឋរស់នៅឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ អំពាវនាវឱ្យអាជ្ញាធរជួយទប់ស្កាត់សកម្មភាពឈូសឆាយដីស្រែចម្ការរបស់ពួកគាត់ពីសំណាក់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK)។ ការស្នើនេះ ក្រោយពេលក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ នៅតែបន្តឈូសឆាយដីរបស់អ្នកភូមិ ដោយមិនទាន់ដោះស្រាយផលប៉ះពាល់ជាមុន។ ចំណែកអភិបាលស្រុកសណ្ដាន់ បញ្ជាក់ថា អាជ្ញាធរនឹងដោះស្រាយជូនពលរដ្ឋណាដែលកាន់កាប់ដីតំបន់នោះ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។
ប្រជាពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ជាច្រើនភូមិ នៅឃុំសណ្ដាន់ ចង់ឱ្យខាងក្រុមហ៊ុន ព្រមទាំងអាជ្ញាធរគិតគូរដោះស្រាយផលប៉ះពាល់ដល់ពួកគាត់ជាមុន ជាជាងចេះតែបន្តការឈូសឆាយដីចម្ការរបស់ពួកគាត់។
ពលរដ្ឋនៅភូមិក្រសាំងមួយរូប លោក សុច វៀត ឱ្យដឹងថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ឈូសឆាយប៉ះពាល់ដីចម្ការរបស់ប្រជាពលរដ្ឋប្រមាណ ២០គ្រួសារ តាំងពីមុនពិធីបុណ្យចូលឆ្នាំខ្មែររហូតមក។ លោកបន្តថា អ្នកភូមិបានកាន់កាប់ដីនៅតំបន់បឹងត្នោតជាច្រើនឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះ ខាងភាគីក្រុមហ៊ុននៅតែបន្តឈូសឆាយដីចម្ការដំណាំស្វាយចន្ទី និងដីចម្ការវិលជុំរបស់អ្នកភូមិ ដោយអះអាងថា ជាដីរបស់ខ្លួន៖ «ប្រជាពលរដ្ឋយល់ថា បើក្រុមហ៊ុននេះឈូសឆាយ ក្រុមហ៊ុនធ្វើការដោះដូរជូនប្រជាពលរដ្ឋវិញមក»។
ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ជាក្រុមហ៊ុនមួយដែលទទួលបានសិទ្ធិវិនិយោគដាំដើមកៅស៊ូពីរាជរដ្ឋាភិបាលកាលពីឆ្នាំ២០១០ លើទំហំផ្ទៃដីជាង ៦ពាន់ហិកតារ (៦.០៤៤)។ ក្រុមហ៊ុននេះ មានភាពចម្រូងចម្រាសជាខ្លាំង ដោយផ្ទៃដីមួយចំនួនប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ព្រមទាំងមានសេចក្ដីរាយការណ៍ជាច្រើនពីបណ្ដាញការពារព្រៃឡង់ ថា ក្រុមហ៊ុនមួយនេះបានកាប់ឈើនៅក្រៅតំបន់ដីសម្បទានរបស់ខ្លួនជាច្រើនឆ្នាំ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងភាគីក្រុមហ៊ុនដើម្បីបំភ្លឺជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២២ ខែមេសា។
ដោយឡែក អភិបាលស្រុកសណ្ដាន់ លោក ឡង់ គីសឺង មានប្រសាសន៍ថា ក្នុងចំណោមពលរដ្ឋ ១៦គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ គឺមានតែ ៤គ្រួសារប៉ុណ្ណោះ ដែលរកឃើញថា បានកាន់កាប់ដីមុនបទបញ្ជាសូន្យមួយរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២ ក្រៅពីនោះ គឺទើបតែចូលទៅកាន់កាប់នៅចុងឆ្នាំ២០១៥។
លោកបន្តថា ពលរដ្ឋកាន់កាប់ដីធ្លីស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលខាងក្រុមហ៊ុននឹងដោះស្រាយផលប៉ះពាល់ជូន ប៉ុន្តែពលរដ្ឋទើបនឹងចូលទៅកាន់កាប់ខាងក្រុមហ៊ុន ព្រមទាំងអាជ្ញាធរមិនអាចដោះស្រាយបានទេ៖ «សម្រាប់គោលការណ៍នេះ ក្រុមហ៊ុនមានជាគោលនយោបាយមួយ គឺប្រសិនបើដីប៉ះពាល់គាត់ទាមទារជាថវិកា ក្រុមហ៊ុននឹងផ្ដល់សំណងជាថវិកា»។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋរងផលប៉ះពាល់អះអាងថា នឹងដាក់លិខិតទៅស្ថាប័នពាក់ព័ន្ធបន្តទៀត ប្រសិនបើអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយស្របតាមការទាមទាររបស់ពួកគាត់។
ទាក់ទងបញ្ហានេះ មន្ត្រីអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តកំពង់ធំ លោក ឈួម រុណ មានប្រសាសន៍ថា ការលើកឡើងរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរ គឺផ្ទុយគ្នាស្រលះ ដែលធ្វើឱ្យវិវាទដីធ្លីរវាងភាគីទាំងពីរមិនអាចដោះស្រាយចប់។ លោកគ្រោងនឹងចុះអង្កេតផ្ទាល់ជុំវិញករណីនេះ ហើយបើរកឃើញថា ភាគីពលរដ្ឋបានចូលកាន់កាប់ស្របតាមច្បាប់ ឬគោលនយោបាយរបស់រាជរដ្ឋាភិបាល ខាងលោកនឹងដាក់លិខិតអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីស្វែងរកយុត្តិធម៌ជូនពលរដ្ឋទាំងនោះ៕
No comments:
Post a Comment