Yeng Tieng: Don't you mention the word 'receipt' - we have leased millions of hectares [about 1:5 of Cambodia's land mass] to Vietnam under 'Economic Land Concessions' terms for peanuts in return [$4 million?] and we haven't even bothered to keep any receipt!
<<<
អង្គភាពប្រឆាំងអំពើពុករលួយកោះហៅបុគ្គល៨នាក់បន្ថែមក្នុងករណីចោទរបស់អ្នកនាងស្រីមុំ
ដោយ ចេង ម៉េងជូ
2016-04-25

លោក ឱម យ៉ិនទៀង (ឆ្វេង) ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើសន្និសីទកាសែត នាការិយាល័យអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៥ មេសា ចេញលិខិតកោះហៅបុគ្គល ៨នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលថារូបនាងត្រូវបានណែនាំឲ្យផ្ដល់ចម្លើយមិនពិតដល់អាជ្ញាធរ។ ការកោះហៅនេះ ធ្វើឡើងក្រោយអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនលោកមេឃុំ ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី នៅឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៤ មេសា។
បុគ្គលទាំង ៨នាក់នោះដែលអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅ រួមមាន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា ប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃឹះ មន្ត្រីនៃការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺលោក សឺន សាលី និងមន្ត្រី ៥រូបទៀតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)។ មន្ត្រី ៥រូបនោះរួមមាន លោក នី សុខា ជាប្រធានផ្នែកស៊ើបអង្កេត អ្នកស្រី លឹម មុនី ជាមន្ត្រីអង្កេតជាន់ខ្ពស់ អ្នកស្រី ទ្រី ឈូន ធ្លាប់ជាមេធាវីរបស់អ្នកនាង ស្រីមុំ រួមទាំងលោក យី សុខសាន្ត និងលោក ណៃ វ៉ង់ដា ដែលអ្នកទាំងពីរជាអនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក។
តបទៅនឹងលិខិតកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះ បុគ្គលមួយចំនួនក្នុងចំណោមបុគ្គលដែលត្រូវបានកោះហៅ បញ្ជាក់ថា ពួកគេកំពុងត្រៀមខ្លួនចូលបំភ្លឺ រីឯខ្លះទៀត រក្សាភាពស្ងៀមស្ងាត់មិនឆ្លើយតបនឹងអ្នកសារព័ត៌មាន។
ប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃឹះ បញ្ជាក់ថា អ្នកស្រីកំពុងពិគ្រោះផ្នែកច្បាប់ជាមួយមេធាវី ដើម្បីត្រៀមខ្លួនចូលបំភ្លឺតាមការកោះហៅ។
ដូចគ្នាដែរ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា និងជាអតីតប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក ដែលទទួលបានលិខិតកោះហៅដែរនោះ បដិសេធមិនធ្វើអត្ថាធិប្បាយ ថាតើហេតុអ្វីលោកជាប់ពាក់ព័ន្ធក្នុងករណីនេះទេ? លោកគ្រាន់តែបញ្ជាក់ថា រូបលោកនឹងចូលខ្លួនបំភ្លឺតាមការកោះហៅ៖ «ខ្ញុំមិនដឹងម៉េចដែរហ្នឹង ប៉ុន្តែឥឡូវខ្ញុំមិនធ្វើអត្ថាធិប្បាយអីទេ ចាំដល់ថ្ងៃ២៨ ហ្នឹង ខ្ញុំនឹងទៅឆ្លើយបំភ្លឺឲ្យស្ថាប័នទៅចប់ហើយ»។
មន្ត្រីជាន់ខ្ពស់មួយរូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក ឡាត់ គី សម្ដែងការសោកស្ដាយចំពោះទង្វើរបស់អង្គភាពប្រឆាំងអំពើពុករលួយ៖ «សមាគមយើងមានការសោកស្ដាយមែនទែន ដោយសារតែយើងទទួលបានដីកាហ្នឹង។ មិនយ៉ាងម៉េចទេ យើងគ្រាន់តែនឹងចូលទៅបំភ្លឺតាមអ្វីដែលជាការចង់បានរបស់ខាងអង្គភាពប្រឆាំងអំពើពុករលួយ»។
ជុំវិញការកោះហៅ លោក សឺន សាលី ដែលជាមន្ត្រីនៃការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា វិញ វិទ្យុអាស៊ីសេរី មិនទាន់ទទួលបានការឆ្លើយតបពីស្ថាប័នអន្តរជាតិនេះនៅឡើយនារសៀលថ្ងៃទី២៥ មេសា។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងថា ប្រសិនបើបុគ្គលទាំង ៨រូបមិនបង្ហាញខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយតាមការកោះហៅទេ អង្គភាពនេះនឹងចាត់វិធានការតាមផ្លូវច្បាប់ ឬឈានទៅដល់ការនាំខ្លួន។
អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតកោះហៅមន្ត្រីការពារសិទ្ធិមនុស្សទាំង ៨នាក់នេះ នៅបន្ទាប់ពីអ្នកនាង ស្រីមុំ បានសរសេរលិខិតចំនួន ៤ទំព័រ រៀបរាប់អំពីរឿងអាស្រូវទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា។ ក្នុងលិខិតនោះ ស្រីមុំ បានបញ្ចេញឈ្មោះមួយចំនួនក្នុងចំណោមមនុស្សទាំង ៨នាក់នោះ ថាបានណែនាំនាងឲ្យផ្ដល់ចម្លើយមិនពិតដល់អាជ្ញាធរ។
នៅយប់ថ្ងៃទី២៥ មេសា តំណាងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ ហ៊ាលី (Wan-Hea Lee) បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកថា ស្ថាប័ននេះទទួលបានលិខិតកោះហៅពីអង្គភាពប្រឆាំងអំពើពុករលួយ ហើយ។ អ្នកស្រីឲ្យដឹងថា ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងឆ្លើយតបនឹងលិខិតនោះតាមពេលវេលាកំណត់។ ក្នុងសារអេឡិចត្រូនិកនោះ អ្នកស្រី វ៉ាន់ ហ៊ាលី ក៏បញ្ជាក់ដែរថា ក្នុងករណី ស្រីមុំ មន្ត្រីនៃការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សឺន សាលី បានបំពេញភារកិច្ចស្របតាមគោលការណ៍របស់អង្គការសហប្រជាជាតិ ទាំងស្រុង ក្នុងការការពារសិទ្ធិមនុស្ស៕
No comments:
Post a Comment