ដោយ ប្រាជ្ញ ចេវ
2016-04-04

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លើកដៃអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
រដ្ឋសភា សម្រេចអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដោយសំឡេង ៦៧ លើ ៩៨ ដែលការអនុម័តនេះគ្មានសំឡេងពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងក្រោយកិច្ចប្រជុំសភាថា ច្បាប់នេះភាគច្រើនមិនបានដាក់នូវអ្វីដែលសហជីពទាមទារ និងក្រុមការងារចំពោះកិច្ចបានធ្វើទេ។ លោកថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនលើកដៃអនុម័តនៅពេលនេះ មិនមែនចង់កេងចំណេញនយោបាយទេ ប៉ុន្តែគណបក្សសង្គ្រោះជាតិ គិតគូរវែងឆ្ងាយពីបញ្ហារបស់កម្មករ សហជីព និងអ្នកបញ្ជាទិញ។
ក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា នៅថ្ងៃទី៤ ខែមេសា សំណើអនុម័តសេចក្ដីព្រាងច្បាប់សហជីព ជារបៀបវារៈចុងក្រោយគេក្នុងចំណោមរបៀបវារៈទាំង៥។
តំណាងរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង មន្ត្រីពាក់ព័ន្ធមកពីក្រសួងយុត្តិធម៌ ជាអ្នកចេញមុខការពារសេចក្ដីព្រាងច្បាប់នេះ ខណៈតំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យ លោក អេង ឆៃអ៊ាង និងលោក លិម គិមយ៉ា ទាមទារឲ្យពន្យល់ និងកែប្រែបន្ថែម ប៉ុន្តែរដ្ឋសភាមិនបានកែប្រែតាមសំណើទេ ហើយតំណាងរាស្ត្ររបស់គណបក្សកាន់អំណាច អនុម័តដោយសំឡេង ៦៧ លើ ៩៨។
កិច្ចប្រជុំសភានៅរសៀលថ្ងៃនេះ ពុំឃើញមានវត្តមាន លោក ហ៊ុន សែន នោះទេ។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមាន ១៧ជំពូក និង ១០០មាត្រា។ សង្គមស៊ីវិល អ្នកច្បាប់ និងគណបក្សប្រឆាំង ថាមាត្រាមួយចំនួននៃច្បាប់នេះមានការរឹតត្បិតខ្លាំងដល់កម្មករ។
No comments:
Post a Comment