ដោយ ខែ សុណង
2016-04-16

អ្នកស្រាវជ្រាវមរតកវប្បធម៌អរិយធម៌ខ្មែរ អ្នកស្រី កែវ ណារុំ ផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។
RFA/Khe Sonorng
ផលិតកម្មមួយចំនួនបានផលិតបទចម្រៀងថ្មីៗជាច្រើន ដែលជាបទប្រពៃណីខ្មែរ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ សព្វថ្ងៃបទភ្លេងកន្រ្ទឹម យើងឃើញមានការពេញនិយមខ្លាំងគ្រាន់បើនៅក្នុងប្រទេសកម្ពុជា។
តើបទភ្លេងកន្រ្ទឹមនេះ មានប្រវត្តិយ៉ាងណា ហើយគេប្រគំសម្រាប់ពិធីអ្វីខ្លះ?
ភ្លេងកន្រ្ទឹមជាឈ្មោះភ្លេងខ្មែរមួយបែបដែលគេពេញនិយមទាំងនៅក្នុងសម័យដើម និងទាំងសម័យបច្ចុប្បន្ន។
អ្នកស្រាវជ្រាវមរតកវប្បធម៌អរិយធម៌ខ្មែរ អ្នកស្រី កែវ ណារុំ បានធ្វើការសន្និដ្ឋានថា ប្រភេទភ្លេងបុរាណកន្រ្ទឹម ជាភ្លេងខ្មែរដែលកើតដំបូងមានវ័យចំណាស់ ប៉ុន្តែពុំមានការសិក្សាណាមួយជាក់លាក់ថាកកើតភ្លេងនេះតាំងពីពេលណានោះទេ។ ប៉ុន្តែគេគ្រាន់តែដឹងថា ពីដើមឡើយកន្ទ្រឹមគឺជាភ្លេងដែលផ្ដើមចេញពីភ្លេងអារក្ស៖ «ខ្ញុំស្ដាប់ទៅពណ៌សម្បុរចារិកមិនខុសពីភ្លេងអារក្ស សួរថាហេតុអីបានជាគេហៅថា ភ្លេងកន្ទ្រឹម? តាមការពិចារណារបស់ខ្ញុំ ខ្មែរច្រើនប្រើចក្ខុវិស័យធៀប ដូចថាកូនដែលមានសម្បុរស ហៅស្រីស ពេលកូនដែលមានសម្បុរខ្មៅហៅស្រីម៉ៅ ពេលឆ្កែវាសម្បុរខ្មៅហៅអាញ៉ូង ព្រោះវាខ្មៅដូចធ្យូង នេះហើយជាចក្ខុវិស័យធៀប»។
អ្នកស្រីសន្និដ្ឋានបែបនេះថា កន្ទ្រឹមជាប្រភេទវង់ភ្លេងដែលប្រើស្គរជាតួអង្គយ៉ាងសំខាន់ ជាគោល ក្នុងការវាយឲ្យរន្ថើនដើម្បីឲ្យរំភើបនិងដាស់អស់ព្រលឹងខ្មោច ព្រាយ បិសាច ទើបអះអាងថា កន្ទ្រឹមគឺជាប្រភេទភ្លេងចេញពីភ្លេងអារក្ស៖ «គេហៅវង់ភ្លេងហ្នឹង គឺសំខាន់ស្គរ។ ស្គរនោះមិនខុសពីការលេងស្គរអារក្សទេ ពេលដែលមានពិធីស្អីមួយនោះ ដើម្បីអន្ទងហៅព្រលឹង ឲ្យមកចូលសណ្ឋិតហ្នឹងគេវាយស្គរ កញ្ជ្រោកបោកបាច ឲ្យលឺលាន់ដើម្បីឲ្យព្រលឹងចូលសណ្ឋិតបើនិយាយពីពណ៌សម្បុរ និងចរឹតដូចភ្លេងអារក្សអ៊ីចឹង»។
តែទោះជាយ៉ាងណា ប្រភេទភ្លេងកន្រ្ទឹម មិននៅតែចាស់គំរឹលពេកនោះទេ។ កន្ទ្រឹមត្រូវបានគេកែច្នៃឲ្យក្លាយជាភ្លេងសប្បាយ គឺគេកែឲ្យទៅជាប្រភេទភ្លេងសម័យ។ អ្នកស្រីកត់សម្គាល់ថា នៅសតវត្សទី២១ ប្រភេទភ្លេងកន្រ្ទឹមបានចាប់មានកកើតច្រើនមកវិញ នឹងមានការពេញនិយមខ្លាំងគ្រាន់បើនៅក្នុងប្រទេសកម្ពុជា៖ «បទកន្ទ្រឹម»។
ស្រដៀងគ្នានឹងការសិក្សាស្រាវជ្រាវរបស់អ្នកស្រី កែវ ណារុំ ដែរ កន្រ្ទឹមជាឈ្មោះភ្លេងប្រពៃណីបុរាណមួយរបស់បងប្អូនខ្មែរមួយក្រុម ដែលរស់នៅក្នុងប្រទេសថៃ បច្ចុប្បន្ន ជាពិសេសបងប្អូនខ្មែររស់ខេត្តសុរិន្ទ។
ភ្លេងកន្ទ្រឹមនេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវភាសានិងវប្បធម៌ខ្មែរ នៅខេត្តសុរិន្ទមួយរូប គឺ លោក ជ័យ មង្គល បានឲ្យដឹងថា នៅក្នុងសិលាចារិកដែលមានបន្សល់ទុកនៅខេត្តច័ន្ទបុរី ប្រទេសថៃ បច្ចុប្បន្នភ្លេងកន្ទ្រឹមនេះ ជាប្រភេទភ្លេងអារក្ស និងមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។
ពាក្យកន្ទ្រឹមពីដំបូងឡើយគេហៅថា កន្ទ្រឹមកអ៊ីចឹងដែលគេហៅតាមសំឡេងស្គរពេលប្រគំ។ នៅក្នុងភ្លេងកន្ទ្រឹមបុរាណគឺមានឧបករណ៍នាំមុខសំខាន់មួយចំនួនដូចជា ទ្រ ស្គរ និងប៉ីអ ក្រៅពីនេះក៏មានឆាបគោះបន្ទរផងដែរ។ ភ្លេងកន្ទ្រឹមនេះ គឺអាចប្រើប្រាស់បានចាប់តាំងពីមនុស្សកើតរហូតដល់ស្លាប់ គឺមានពិធីបង្កក់កូន ពិធីរៀបការ ពិធីបំបួស និងរហូតដល់ពិធីបុណ្យសព។
ភ្លេងកន្ទ្រឹមត្រូវបានគេកែច្នៃទាំងឧបករណ៍ភ្លេង ទាំងចង្វាក់បទភ្លេងប្រគំដែលគេហៅបានថា ជាកន្ទ្រឹមសម័យថ្មី៖ «ចម្រៀងខ្មែរសុរិន្ទ កន្ទ្រឹម»។
អ្នកស្រី កែវ ណារុំ បានអះអាងថា ទៀតថា បទកន្ទ្រឹមនេះ គេតែងនិពន្ធសម្រាប់ច្រៀងឆ្លងឆ្លើយ លែបខាយ ចំអែចំអន់គ្នា និងសួរសុខទុក្ខកូនចៅជាដើម។ បទនេះទៀតសោត ត្រូវបានគេប្រើប្រាស់គ្រប់ពិធីរាំរែក ប៉ុន្តែពេលវេលាដ៏វិសេសវិសាលមួយទៀតនោះគឺ ឱកាសបុណ្យចូលឆ្នាំដែលមនុស្សម្នា បានឈប់សម្រាកពីការងាររួចរាល់ពីការងារច្រូតកាត់ប្រមូលផល៖ «នេះជាជំនឿហើយក៏ការសប្បាយ ព្រោះខ្មែរធ្វើកសិកម្ម ច្រូតកាត់វាជាប់ ដល់ចូលឆ្នាំជាពេលសម្រាកដូច្នេះ លេងកន្ទ្រឹមដើម្បីសប្បាយ ព្រោះខ្មែរសំខាន់ណាស់បុណ្យចូលឆ្នាំមួយ បុណ្យភ្ជុំពីរ សប្បាយមួយខែចែត្រ គឺសប្បាយពេញមិនមែនចូលឆ្នាំតែបីថ្ងៃទេ»។
«បទពរជ័យកន្ទ្រឹមឆ្នាំថ្មី»
នាងខ្ញុំ ខែ សុណង សូមជូនពរលោកអ្នកនាងឲ្យជួបតែសុភមង្គល សប្បាយរីករាយ ក្នុងក្រុមគ្រួសារ សួស្ដីឆ្នាំថ្មី!
No comments:
Post a Comment