សមត្ថកិច្ចខេត្តស្ទឹងត្រែងដាក់កម្លាំងយាមមិនឲ្យឡាវដឹកសម្ភារៈសំណង់ចូលតំបន់ចម្រូងចម្រាស
ដោយ ម៉ែន សុធីរ
2016-04-17
រោងទស្សនាទឹកធ្លាក់ល្បាក់ខោន ដែលពលរដ្ឋអះអាងថា ឡាវ សង់លើបង្គោលព្រំដែនចាស់ជំនាន់បារាំង ដោយកាត់ពាក់កណ្ដាលចោលកាលពីខែមិថុនា ឆ្នាំ២០១៣។ Photo Provided
Photo Provided
អាជ្ញាធរខេត្តស្ទឹងត្រែង ឲ្យដឹងថា អាជ្ញាធរខេត្តចម្ប៉ាសាក់ ប្រទេសឡាវ មិនទាន់ឆ្លើយតបលិខិតកំណត់ទូតរបស់កម្ពុជា ទេ ទាក់ទិនភាគីឡាវ បានសង់សំណង់រឹងមាំនៅតំបន់មិនទាន់ឯកភាពគ្នាក្នុងការបោះបង្គោលព្រំដែនជាផ្លូវការនោះ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចព្រំដែនរបស់កម្ពុជា បានពង្រាយកម្លាំងមិនឲ្យឡាវ ដឹកជញ្ជូនសម្ភារៈសំណង់រឹងចូលតំបន់ចម្រូងចម្រាសព្រំដែន ដោយឆ្លងកាន់ផ្លូវជាតិលេខ៧ របស់កម្ពុជា ទេ។
នគរបាលការពារព្រំដែន ឲ្យដឹងនៅថ្ងៃទី១៧ មេសា ថា អាជ្ញាធរកម្ពុជា បានយាមតឹងតែងមិនឲ្យឡាវ ដឹកជញ្ជូនសម្ភារៈសំណង់ចូលក្នុងតំបន់ដែលមិនទាន់ឯកភាពគ្នាបោះបង្គោលព្រំដែនជាផ្លូវការ ឋិតក្នុងចន្លោះបង្គោលព្រំដែនលេខ០៣៣ ដល់លេខ០៣៤ នៅភូមិដុងក្រឡ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នាយប៉ុស្តិ៍ការពារព្រំដែនអូរស្វាយ នៃវរសេនាតូច៧០១ លោក ដួង ចន្ធី ឲ្យដឹងថា នគរបាលព្រំដែនរបស់កម្ពុជា ព្យាយាមចរចាជាមួយឡាវ ម្តងហើយម្តងទៀត ដើម្បីឲ្យបញ្ឈប់ការសាងសង់នោះ តែសមត្ថកិច្ចឡាវ នៅតែបដិសេធដោយអះអាងថា ទាល់តែមានបញ្ជាពីអភិបាលខេត្តចម្ប៉ាសាក់ ជាមុនសិន ទើបគេឈប់សាងសង់។ លោករំឭកថា ទីតាំងដែលឡាវ បានសាងសង់សំណង់រឹងនោះ គឺជាអតីតច្រកអន្តរជាតិដុងក្រឡ និងជាតំបន់ដែលមិនទាន់ឯកភាពគ្នាបោះបង្គោលព្រំដែនជាផ្លូវការ៖ «ដោយសារតែថ្នាក់ជាតិរបស់គេជាអ្នកឲ្យធ្វើ ណាមួយលុយថ្នាក់ជាតិរបស់គេជាអ្នកផ្តល់ឲ្យ ដើម្បីកសាងប៉ុស្តិ៍ហ្នឹង។ ចឹងចង់ឲ្យគេផ្អាក លុះត្រាតែថ្នាក់ជាតិកម្ពុជា ចរចាជាមួយថ្នាក់ជាតិឡាវ»។
ដូចគ្នានេះដែរ ស្នងការរងទទួលបន្ទុកកិច្ចការព្រំដែន លោក ឯក ស៊ីវណ្ណដន បញ្ជាក់ថា ភាពចម្រូងចម្រាសរវាងកម្ពុជា និងឡាវ មិនទាន់ឈានដល់ការប្រឈមអាវុធនោះទេ។ លោកកត់សម្គាល់ថា ឡាវ បានជីករណ្ដៅចំនួន៨ ទំហំ ៨តឹកបួនជ្រុងកាលពីថ្ងៃទី៣១ មីនា និងត្រៀមចាក់គ្រឹះ ប៉ុន្តែនៅខ្វះខ្សាច់ និងស៊ីម៉ងត៍។ ដូច្នេះ នគរបាល និងសមត្ថកិច្ចព្រំដែនរបស់កម្ពុជា បានដាក់កម្លាំងត្រួតពិនិត្យផ្លូវជាតិលេខ៧ ដែលជាច្រកសំខាន់តែមួយគត់ដែលឡាវ ចាំបាច់ដឹកជញ្ជូនសម្ភារៈចូលតំបន់ចម្រូងចម្រាសនោះ។ លោកអះអាងថា បច្ចុប្បន្ន ឡាវ នៅមិនទាន់សាងសង់អ្វីជាដុំកំភួនឡើយ ក្រៅពីជីកគ្រឹះនៅតំបន់នោះ បន្ទាប់ពីសម្ភារៈសំណង់របស់ឡាវ មិនអាចចរាចរចូលទីតាំងនោះបាន៖ «ផ្អាកហើយ ព្រោះសំណង់នោះយើងបានរាំងខ្ទប់។ សម្ភារៈដែលត្រូវបម្រើសំណង់ យើងមិនអនុញ្ញាតឲ្យចូលមក បានត្រឹមតែជីករណ្ដៅចោលដែរ។ យើងមានផ្លូវជាតិលេខ៧ ចឹងដឹកជញ្ជូនសម្ភារៈមកត្រូវឆ្លងកាត់ផ្លូវជាតិលេខ៧។ ចឹងផ្លូវជាតិលេខ៧ ដីរបស់យើង យើងហាមឃាត់បាន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង ដើម្បីសុំការអធិប្បាយករណីនេះបានទេនៅថ្ងៃទី១៧ មេសា ព្រោះទូរស័ព្ទលោកមិនអាចទាក់ទងបាន។
កាលពីថ្ងៃទី៥ មេសា អាជ្ញាធរខេត្តស្ទឹងត្រែង បានសរសេរលិខិតកំណត់ទូតទៅអាជ្ញាធរខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឲ្យផ្អាកការសាងសង់សំណង់រឹងនៅតំបន់ព្រំដែនមិនទាន់ឯកភាពរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការបោះបង្គោលព្រំដែនជាផ្លូវការ។ ប៉ុន្តែរហូតបច្ចុប្បន្ន អាជ្ញាធរឡាវ មិនទាន់ឆ្លើយតបលិខិតរបស់កម្ពុជា ទេ។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា អាជ្ញាធរខេត្តបានសរសេរលិខិតអំពីស្ថានភាពព្រំដែននោះ ទៅក្រសួងមហាផ្ទៃ រួចហើយ ដើម្បីសុំការអន្តរាគមន៍។ ចំណែកក្រសួងមហាផ្ទៃ ក៏បានសរសេរលិខិតទៅគណៈកម្មការព្រំដែនកម្ពុជា ឲ្យអន្តរាគមន៍ករណីនេះទៅគណៈកម្មការព្រំដែនឡាវ ដែរ ក៏ប៉ុន្តែភាគីឡាវ មិនទាន់មានការឆ្លើយតប។
លោកបន្ថែមថា សមត្ថកិច្ចព្រំដែនរបស់កម្ពុជា បានព្យាយាមឃាត់ឡាវ មិនឲ្យសាងសង់សំណង់រឹងច្រើនលើក តែសមត្ថកិច្ចឡាវ ឆ្លើយតបថា ប្រសិនបើសមត្ថកិច្ចកម្ពុជា ប្រើកម្លាំងប្រដាប់អាវុធហាមឃាត់ពួកគេមិនឲ្យសាងសង់ អាចនឹងបំផ្ទុះអាវុធ។ លោកបញ្ជាក់ថា ការលើកឡើងនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីអាជ្ញាធរខេត្តចម្ប៉ាសាក់ ប្រទេសឡាវ នោះទេ៖ «ជំហររបស់អាជ្ញាធរខេត្ត ត្រូវតែអនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាលដែលបានកំណត់។ ឲ្យអាជ្ញាធរខេត្តអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជាអាជ្ញាធរខេត្ត ត្រូវការពារឲ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន»។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ផ្តល់ទស្សនៈថា រដ្ឋាភិបាលត្រូវបង្កើនការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធការពារព្រំដែន និងការបណ្ដុះគំនិតជាតិនិយម។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវស្នើទៅអង្គការសហប្រជាជាតិ ដើម្បីឲ្យមានការកោះប្រជុំជាបន្ទាន់ជាមួយប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីជជែកឡើងវិញពីការឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រទេសជិតខាង បន្ទាប់ពីការចរចាដោយទ្វេភាគីមិនមានលទ្ធផល៖ «បើសិនជានៅតែមានកម្រិតក្នុងការចរចាទ្វេភាគីចឹង ដោយសារតែប្រទេសយើងជាប្រទេសដែលតូចជាងគេ ចឹងយើងអត់អាចឈ្នះគេទេ ត្រីធំតែងតែស៊ីត្រីតូចហើយ។ ចឹងយើងត្រូវពឹងលើបទដ្ឋានអន្តរជាតិហ្នឹង គឺច្បាប់»។
កន្លងទៅ គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ ធ្លាប់បានកោះប្រជុំលើកទី៦ ស្ដីពីការឯកភាពគ្នាឲ្យរក្សាបរិស្ថានព្រំដែនដដែល ប៉ុន្តែអាជ្ញាធរខេត្តស្ទឹងត្រែង អះអាងថា ប្រទេសឡាវ បានរំលោភកិច្ចព្រមព្រៀងនោះ៕
No comments:
Post a Comment