
លោក ឱម យ៉ិនទៀង ថា លោក សួន សេរីរដ្ឋា ធ្លាប់ផ្ញើសារមកលោក ឲ្យជួយសុំសម្ដេចលើកលែងទោស
(ចុះផ្សាយនៅថ្ងៃ 25-04-2016, TT) | ដោយ : រំដួល ចិត្រា
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU លោក ឱម យ៉ិនទៀង បានអះអាងថា លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ធ្លាប់ផ្ញើសារសុំឲ្យលោកជួយសុំសម្ដេចលើកលែងទោសឲ្យខ្លួនបានចូលស្រុកវិញ។ លោក សួន សេរីរដ្ឋា បដិសេធថា សារដែលខ្លួនផ្ញើទៅលោក ឱម យ៉ិនទៀង នោះមិនមែនជាសារសុំលើកលែងទោសទេ តែជាសារសុំប្រកួតនយោបាយគ្នា ជាមួយគណបក្សប្រជាជនកម្ពុជា។
ក្រោយពីបញ្ចប់ការផ្ដល់ចម្លើយទៅលោក សួន សេរីរដ្ឋា ដែលស្នើឲ្យខ្លួនបំភ្លឺលើករណីចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារនោះ លោក ឱម យ៉ិនទៀង បានរំឮកវិញភ្លាមថា លោក សួន សេរីរដ្ឋា ធ្លាប់បានផ្ញើសារមកខ្លួន ដើម្បីសុំឲ្យលោកជម្រាបសម្ដេច ហ៊ុន សែន សុំជួយស្នើទៅព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យខ្លួនបានចូលប្រទេសកម្ពុជាវិញ។ លោក ឱម យ៉ិនទៀង ដែលហាក់ដូចជាអន់ចិត្តប្រធានគណបក្សអំណាចខ្មែររូបនេះ ជឿថា លោក សួន សេរីរដ្ឋា ប្រាកដជានៅចងចាំរឿងរ៉ាវដែលធ្លាប់ស្នើសុំលោកឲ្យជួយនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំវិភាគលើលិខិតស្នើសុំបំភ្លឺរបស់លោក សួន សេរីរដ្ឋា ព្រឹកនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ បានបញ្ជាក់ដូច្នេះថា៖«គាត់(សួន សេរីរដ្ឋា) ធ្លាប់ធ្វើMessage (សារ) មក ឱម យ៉ិនទៀង នេះឯង ថា សុំជួយគាត់ផង គាត់ចង់មកវិលស្រុកវិញ គាត់មានម្ដាយចាស់ សុំជម្រាបសម្ដេច ហ៊ុន សែន ផង ឲ្យជួយមានព្រះរាជក្រឹត្យលើកលែងទោស គាត់ចង់មកស្រុកវិញ។ ហើយមិនមែនមិនដឹង គាត់មិនមែនមិនដឹងថា Message មក ឱម យ៉ិនទៀង ទេរឿងបញ្ហាហ្នឹង»។
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ទទួលស្គាល់ថា រូបលោកពិតជាធ្លាប់បានផ្ញើសារទៅលោក ឱម យ៉ិនទៀង ពិតមែន ។ តែលោកថា សារនោះមិនមែនលោកសុំឲ្យសម្ដេច ហ៊ុន សែន លើកលែងទោសទេ តែជាសារសុំប្រកួតនយោបាយគ្នា នៅលើវេទិការសាធារណៈជាមួយគណបក្សប្រជាជនកម្ពុជា ។ «ទាល់តែជូបគ្នា(លោក ឱម យ៉ិនទៀង) តទល់ទើបអាចនិយាយគ្នា។ សារនោះខ្ញុំពិតជាបានផ្ញើសារទៅគាត់ពិតមែន ព្រោះពេលនោះគាត់មានតួនាទីក្នុងនាមជាទីប្រឹក្សាលោក ហ៊ុន សែន ហើយខ្ញុំចង់ឲ្យគាត់បញ្ជូនសារទៅលោកនាយករដ្ឋមន្ត្រីថា បញ្ឈប់ការចោទប្រកាន់មកលើខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលស្រុក ដោយប្រកួតប្រជែងតទល់នយោបាយជាមួយគណបក្សប្រជាជនលើវេទិការសាធារណៈជាមួយគ្នា។ ហើយខ្ញុំក៏ធ្លាប់ផ្ញើទៅក្រសួងព័ត៌មាន និងផ្ញើសេចក្ដីថ្លែងការណ៍ទៅក្រសួងស្ថាប័នឲ្យចុះផ្សាយដែរ»។
ប្រធានគណបក្សអំណាចខ្មែររូបនេះ បានរំឮកសារដែលលោកបានផ្ញើតាមរយៈលោក ឱម យ៉ិនទៀង ដោយសំណូមពរដល់ប្រមុខរដ្ឋាភិបាលកម្ពុជានោះមានចំនូន៣ចំណុចរួមមាន ៖ ទី១- មិនត្រូវបង្ករឧបសគ្គណាមួយដល់ការចុះបញ្ជី គណបក្សអំណាចខ្មែរ ដែលលោកបានស្នើរចុះបញ្ជីស្របតាមច្បាប់ និងបានបំពេញឯកសារស្របតាមច្បាប់ហើយនោះទេ ។ ពីព្រោះលោកចង់ឲ្យប្រទសមានលទ្ធិប្រជាធិបតេយ្យ ។ ដូចនេះត្រូវឲ្យមានគណបក្សប្រឆាំងឲ្យច្រើន ដើម្បីចូលរួមប្រកួតប្រជែងឲ្យពលរដ្ឋជាអ្នកកាត់ក្តី ។ ទី២- មិនត្រូវយកតុលាការមកបន្តធ្វើជាឧសគ្គសម្រាប់បិទផ្លូវលោក មិនឲ្យចូលទៅធ្វើនយោបាយចំហរ និងស្របច្បាប់ក្នុងប្រទេសនោះទេ ដោយគួរបើកការប្រកួតប្រជែងជាចំហរ និងសេរី នៅលើសង្វៀននយោបាយ ដែលមានពលរដ្ឋខ្មែរ ជាអ្នកកាត់ក្តីវិញ ទើបជាលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងទី៣- ត្រូវបញ្ចប់រឿងក្តីដែលកាត់ទោសលោក ត្រឹមសាលាឧទ្ធណ៍នេះ ហើយដោះលែងសកម្មជនរបស់លោកដែលកំពុងជាប់ឃុំ ៕
No comments:
Post a Comment