ដោយ សាន សែល
2016-05-25 rfa

រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ លោក ព្រុំ សុខា (ស្ដាំ) ជួបជាមួយតំណាងមូលនិធិ ខូហ្វី អាណាន់ (Kofi Annan) លោក អាឡាំង ដូស (Alan Doss) នាក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
RFA/Cheu Sideth
ក្រសួងមហាផ្ទៃ ធានាចំពោះមុខតំណាងមូលនិធិ ខូហ្វី អាណាន់ (Kofi Annan) នៅថ្ងៃទី២៥ ខែឧសភា ថា ការបោះឆ្នោតនៅកម្ពុជា ក្នុងពេលខាងមុខ នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ។ ទោះបីជាយ៉ាងណា តំណាងមូលនិធិ ខូហ្វី អាណាន់ ចង់ឃើញស្ថាប័ន គ.ជ.ប ធ្វើការងារដោយឯករាជ្យ។
បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររយៈពេលជិត ២ម៉ោង នៅក្រសួងមហាផ្ទៃ មន្ត្រីជាន់ខ្ពស់របស់ក្រសួងនេះរៀបរាប់ពីស្នាដៃរបស់ក្រសួងមហាផ្ទៃ ដែលបានសម្របសម្រួលដំណើរការបោះឆ្នោត ដោយគ្មានហិង្សា កាលពីការបោះឆ្នោតនៅពេលកន្លងទៅ។
រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ លោក ព្រំ សុខា ដែលជួបជាមួយតំណាងលោក ខូហ្វី អាណាន់ ជំនួសលោក ស ខេង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនេះថា ក្រសួងរបស់លោកនឹងជួយជ្រោមជ្រែងរក្សាបរិយាកាសការបោះឆ្នោតឲ្យមានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ត្រឹមត្រូវ៖ «ផ្អែកលើបទពិសោធន៍ល្អនេះ យើងនឹងបន្តពង្រឹងបន្តទៅទៀត។ ការងារនេះ មិនត្រឹមតែធ្វើត្រឹមក្រសួងមហាផ្ទៃ ឬគណៈកម្មការទេ យើងធ្វើជាមួយភាគីពាក់ព័ន្ធទាំងអស់ ប្រជាពលរដ្ឋ គណបក្សនយោបាយ និងអ្នកនយោបាយ ចូលរួមដំណើរការនេះ»។
លោក ព្រុំ សុខា មិនបានបញ្ជាក់ពីចំនួននៃកងកម្លាំងសុខសន្តិសុខ ដែលនឹងត្រូវដាក់ពង្រាយដើម្បីបញ្ចៀសអំពើហិង្សាក្នុងដំណើរការបោះឆ្នោតនោះទេ។
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។

តំណាងមូលនិធិ ខូហ្វី អាណាន់ (Kofi Annan) លោក អាឡាំង ដូស (Alan Doss) ឆ្លើយសំណួរអ្នកកាសែតក្រោយពេលជួបជាមួយតំណាងក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។ RFA/Cheu Sideth
តំណាងមូលនិធិ ខូហ្វី អាណាន់ លោក អាឡាំង ដូស (Alan Doss) បានហៅដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា គឺទស្សនកិច្ចដែលមានប្រយោជន៍យ៉ាងខ្លាំង បន្ទាប់ពីជួបជជែកជាមួយភាគីក្រសួងមហាផ្ទៃ។
លោក អាឡាំង បដិសេធមិនបរិយាយពីករណី លោក នី ចរិយា អគ្គលេខាធិការរងរបស់ គ.ជ.ប ដែលកំពុងជាប់ឃុំនៅពេលអ្នកសារព័ត៌មានជជីកសួរ។ តែលោក អាឡាំង ថ្លែងប្រាប់រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ លោក ព្រុំ សុខា ថា មូលនិធិ ខូហ្វី អាណាន់ ចង់ឃើញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការងារដោយឯករាជ្យ និងមិនលំអៀង៖ «ដូច្នេះ ខ្ញុំគិតថា វាមានសារសំខាន់ដូចដែលរដ្ឋលេខាធិការក្រសួងមហាផ្ទៃ យល់ស្របថា គ.ជ.ប មានតួនាទីសំខាន់ដើម្បីបំពេញ ហើយវាជាការពិតណាស់ គ.ជ.ប ត្រូវជាស្ថាប័នឯករាជ្យ ដើម្បីបម្រើប្រជាជនទូទៅ»។
តំណាងមូលនិធិ ខូហ្វី អាណាន់ រូបនេះ ក៏បានជជែកពីភាពចាំបាច់នៃលិខិតសម្គាល់អត្តសញ្ញាណសម្រាប់អ្នកបោះឆ្នោតដែលលោកថា វាមានសារសំខាន់ខ្លាំង ពិសេសសម្រាប់យុវជនដោយលោកហៅប្រទេសកម្ពុជា ថាជាប្រទេសសម្រាប់យុវជន។
លោក ព្រុំ សុខា ស្វាគមន៍ចំពោះការចូលរួមរបស់មូលនិធិ ខូហ្វី អាណាន់ ដើម្បីធានាគុណភាពនៃការបោះឆ្នោត ហើយលោកយល់ថា ការបោះឆ្នោតនេះហើយដែលនឹងធានាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ ស្របតាមក្រមខណ្ឌលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។
អ្នកដែលនឹងចូលរួមការបោះឆ្នោតមានចំនួនប្រមាណ ៩លាននាក់ នៃប្រជាជនកម្ពុជា សរុបជាង ១៥លាននាក់។ លោក ព្រុំ សុខា បញ្ជាក់ថា មកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណជាង ១លាននាក់ ដែលមិនទាន់ទទួលបានលិខិតបញ្ជាក់អត្តសញ្ញាណដើម្បីមានសិទ្ធិបោះឆ្នោត ហើយលោកថ្លែងថា ក្រសួងមហាផ្ទៃ នឹងព្យាយាមផ្ដល់ឯកសារឲ្យពលរដ្ឋដើម្បីឲ្យពួកគាត់មានសិទ្ធិបោះឆ្នោត៕
No comments:
Post a Comment