ដោយ ប្រាជ្ញ ចេវ
2016-05-19

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ថ្លែងទៅកាន់អ្នកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សថ្នាក់ខេត្ត និងស្រុក នៅក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។
RFA/Chin Chetha
លោក ម៉ម សូណង់ដូ បានដាក់លិខិតជូនដំណឹងទៅសាលាក្រុងភ្នំពេញរួចហើយ ពីគម្រោងធ្វើបាតុកម្មស្នើសុំដោះលែងសកម្មជនសិទ្ធិមនុស្ស ដែលរួមមានមន្ត្រីអង្គការអាដហុក (ADHOC) ៤នាក់ និងមន្ត្រី គ.ជ.ប ម្នាក់ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីសាលាក្រុងភ្នំពេញនៅឡើយទេ។
ប្រសិនបើគ្មានការប្រែប្រួលទេ នៅថ្ងៃទី៩ ខែកក្កដា ខាងមុខ លោក ម៉ម សូណង់ដូ នឹងប្រមូលអ្នកគាំទ្រប្រមាណ ២០០នាក់ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យពីម៉ោង ៨ព្រឹកដល់ម៉ោង ១២ថ្ងៃដដែល ដើម្បីឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សដែលរងការចោទប្រកាន់ និងកំពុងត្រូវឃុំខ្លួននៅពន្ធនាគារ។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ឲ្យវិទ្យុអាស៊ីសេរី ដឹងថា មូលហេតុដែលលោកធ្វើបាតុកម្មនេះ ព្រោះបរិយាកាសសង្គមកម្ពុជា កំពុងអាប់អួរ។ ដូច្នេះ លោកត្រូវលូកដៃចូលដើម្បីស្ដារស្ថានការណ៍ឡើងវិញ។ លោកអះអាងថា បាតុកម្មនេះលោកធ្វើក្នុងនាមជាពលរដ្ឋម្នាក់ មិនមែនក្នុងនាមជាប្រធានគណបក្សនយោបាយទេ៖ «ពូអត់និយាយរឿងនយោបាយ និយាយអំពីអង្គការសង្គមស៊ីវិលតែម្តង ប្រសិនជារដ្ឋាភិបាលនៅតែបន្តដាក់គុកមន្ត្រីអាដហុកបន្តទៀត ពូថាជាចំណុចមួយមិនមានការគាំទ្រ រដ្ឋាភិបាលយើងអាចមានគ្រោះថ្នាក់នៅឆ្នាំ២០១៨»។
លោកឲ្យដឹងដែរថា លោកបានជូនដំណឹងទៅសាលាក្រុងភ្នំពេញរួចហើយ កាលពីថ្ងៃទី១៨ ខែឧសភា ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបទេ។ លោក ម៉ម សូណង់ដូ មិនទាន់អាចបញ្ជាក់ថា ប្រសិនសាលាក្រុងមិនអនុញ្ញាត ថាតើលោកនឹងធ្វើ ឬមិនធ្វើបាតុកម្មនោះទេ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាក្រុងភ្នំពេញ បាននៅឡើយទេ នៅថ្ងៃទី១៩ ខែឧសភា។
ការទាមទាររបស់លោក ម៉ម សូណង់ដូ នៅពេលនេះ ស្រដៀងគ្នានឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅរបស់អង្គការសង្គមស៊ីវិលដែរ ដែលទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស ប៉ុន្តែក្រុមអ្នកទាំងនោះ តែងតែត្រូវអាជ្ញាធររារាំង និងរងការឃាត់ខ្លួនរៀងរាល់ពេលធ្វើយុទ្ធនាការ។
ការឃាត់ខ្លួននេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការគ្រប់ទម្រង់ មិនថាពណ៌អ្វីឡើយ ឲ្យតែប្រព្រឹត្តបទល្មើស៖ «រាជរដ្ឋាភិបាលត្រូវការរក្សាសន្តិភាពសម្រាប់ប្រទេស។ ឥឡូវមិនអនុញ្ញាតឲ្យអ្នកណា ទោះបីពណ៌អីក៏ដោយ ខ្ញុំបានប្រាប់ទៅសម្ដេច ស ខេង និងថ្នាក់ដឹកនាំដទៃទៀត កុំខ្វល់ពីរឿងពណ៌ ឲ្យតែប្រព្រឹត្តខុសច្បាប់ ដាក់ទាំងអស់ហ្នឹង»។
មន្ត្រីអាដហុក ចំនួន ៤នាក់ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរងនៃ គ.ជ.ប លោក នី ចរិយា កំពុងជាប់ឃុំនៅពន្ធនាគារ ទាក់ទងសំណុំរឿងស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕
No comments:
Post a Comment