![]() |
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។ |
លោក ទៀ បាញ់ ថាបក្សប្រឆាំងមានមហិច្ឆតាចង់ផ្តួលរំលំរដ្ឋាភិបាល
Fri, 20 May 2016 ppp
វង្ស សុខេង
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិបានគូសបញ្ជាក់កាលពីម្សិលមិញថា មិត្ដភាពស្អិតល្មួតរវាងប្រទេសកម្ពុជា និងវៀតណាមគឺជាឧបសគ្គមួយរបស់គណបក្សប្រឆាំង និងក្រុមអង្គការក្រៅរដ្ឋាភិបាលក្នុងការបំពេញមហិច្ឆតានយោបាយ ដើម្បីបំបែកទំនាក់ទំនងទ្វេភាគីព្រមទាំងផ្តួលរំលំរដ្ឋាភិបាលស្រប ច្បាប់។
ថ្លែងទៅកាន់មន្រ្តីយោធាប្រហែល ១០០០ នាក់ក្នុងអំឡុងពេលសម្ពោធបន្ទប់ប្រជុំនៅសាកលវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីម្សិលមិញលោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ទោះបីជារដ្ឋាភិបាលប្រឹងប្រែងធ្វើការសម្រាប់ប្រទេសជាតិឲ្យមាន ការរីកចម្រើនតែបក្សប្រឆាំងនៅតែមានមហិច្ឆតាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ញុះញង់ បង្កអរិភាពជាមួយប្រទេសជិតខាងលើបញ្ហាព្រំដែនកម្ពុជាវៀតណាមព្រម ទាំងការប្រមូលផ្តុំធ្វើបាតុកម្ម កូដកម្ម ទាមទារតវ៉ា»។
លោក បន្តថា៖ «វិធានការដែលគេបង្កើតភាពញុះញង់គ្រប់បែបយ៉ាងពាក់ព័ន្ធជាមួយ អ្នកដឹកនាំជាន់ខ្ពស់ធ្វើឲ្យមានការបែកបាក់ដែលកិច្ចការទាំង នេះវាមានសារៈសំខាន់ដល់អាយុជីវិតប្រទេសយើងទាំងពីរក្នុង ន័យសហប្រតិបត្តិការ។ មិត្តភាពកម្ពុជា វៀតណាមក៏ស្អិតល្មួតនេះជាឧបសគ្គដ៏ធំសម្រាប់ពួកគេ»។
លោក បានចោទប្រកាន់ថាគណបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានបង្កបញ្ហាតាមព្រំដែន កម្ពុជា‑វៀតណាម ហើយយុទ្ធនាការចុងក្រោយនេះគឺថ្ងៃចន្ទពណ៌ខ្មៅ កូដកម្ម និងបាតុកម្មដែលទាមទារឲ្យដោះលែងជនសង្ស័យទាំងអស់កំពុងជាប់ឃុំ បណ្តោះអាសន្នគឺជាមហិច្ឆតានយោបាយដើម្បីផ្តួលរំលំរដ្ឋាភិបាលស្រប ច្បាប់។
លោកថ្លែងថា៖ «ខ្ញុំមិនហ៊ាននិយាយជំនួសតុលាការ និងព្រះរាជអាជ្ញាទេការមិនចូលបំភ្លឺ [លោក កឹម សុខា] ត្រូវបានកោះជាលើកទី ៣ បើឈានដល់បទល្មើសជាក់ស្តែងទៀតនេះមិនមែនរឿងតូចទេ»។
មន្រ្តី យោធាវៀតណាមដែលជាតំណាងក្រសួងការពារជាតិវៀតណាមបានថ្លែងស្រដៀង គ្នានឹងលោក ទៀ បាញ់ ផងដែរទាក់ទងនឹងសកម្មភាពមុនៗរបស់បក្សប្រឆាំងដែលបង្កបញ្ហាតាម បណ្តោយព្រំដែនកម្ពុជា និងវៀតណាមចំពោះអ្វីដែលត្រូវបានចោទប្រកាន់ថាក្នុងគោលបំណងមាន បំណងធ្វើឲ្យបែកបាក់នូវកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អនៃប្រទេស ទាំងពីរ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឱ្យដឹងថាសកម្មភាពទាំងអស់របស់ គណបក្សប្រឆាំងគឺប្រមូលផ្តុំដើម្បីសម្តែងមតិតាមរដ្ឋធម្មនុញ្ញ កម្ពុជា និងវិធាននៃប្រទេសប្រជាធិបតេយ្យ។ «អ្វីដែលគាត់ [ទៀ បាញ់] និយាយគឺផ្អែកលើរឿងរបស់គាត់ប៉ុន្តែសកម្មភាពទាំងអស់របស់គណបក្ស សង្គ្រោះជាតិមិនល្មើសច្បាប់ទេតែវាជាសេរីភាពនៃការបញ្ចេញមតិ ក្នុងប្រទេសប្រជាធិបតេយ្យ និងអនុលោមតាមរដ្ឋធម្មនុញ្ញ»៕ TK
No comments:
Post a Comment